Thursday, July 10, 2025
Homeព័ត៌មានជាតិវីរកីឡាការិនី ស៊ន សៀវម៉ី ឡើងតំណែងជំនួយការសម្តេចសាយ ឈុំ

វីរកីឡាការិនី ស៊ន សៀវម៉ី ឡើងតំណែងជំនួយការសម្តេចសាយ ឈុំ

ភ្នំពេញ ៖ វីរកីឡាការិនី ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាជំនួយការសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធរដ្ឋសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០២២១/១០៦ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បានត្រាស់បង្គាប់តែង​តាំង​វីរកីឡាការិនី ស៊ន សៀវម៉ី ជា​ជំនួយ​ការ​សម្តេចសាយ​ ឈុំ ប្រធាន​រដ្ឋសភា ​នីតិកាល​ទី៤ មានឋានៈ​ស្មើ​អគ្គ​នាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ។

សូមបញ្ជាក់ថា វីរកីឡាការិនី ស៊ន សៀវម៉ី កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ ២៦ឆ្នាំ និងមានកម្ពស់ ១,៨៣ម៉ែត្រ។ វីរកីឡាការិនី ស៊ន សៀវម៉ី បានជួយលើកមុខមាត់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការប្រកួតឈនះមេដាយមាស កីឡាតេក្វាន់ដូ ទាំងកម្រិតតំបន់ និងពិភពលោក ជាបន្តបន្ទាប់ រួមមាន មេដាយសំរឹទ្ធ១គ្រឿង ស៊ីហ្គេមលើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី ។ មេដាយមាស១គ្រឿង ស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ារ ឆ្នាំ២០១៣។ មេដាយមាស១គ្រឿង ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧។ មេដាយមាស១គ្រឿង ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩។

ដូច្នេះ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកចុងក្រោយ កីឡាការិនីតេក្វាន់ដូដ៏ឆ្នើមរបស់កម្ពុជា រូបនេះ ដណ្តើមបានមេដាយចំនួន៤គ្រឿង គឺមេដាយមាស៣ និងសំរឹទ្ធ១៕

RELATED ARTICLES