Wednesday, July 9, 2025
Homeព័ត៌មានជាតិវ៉ាក់សាំងកូវីដ-១៩ នឹងដឹកមកដល់កម្ពុជា នៅចុងសប្តាហ៍នេះហើយ

វ៉ាក់សាំងកូវីដ-១៩ នឹងដឹកមកដល់កម្ពុជា នៅចុងសប្តាហ៍នេះហើយ

លោកវ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នាចុងសប្តាហ៍នេះហើយ។

ការថែ្លងបែបនេះ នៅពេលដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ដោយមានវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងសុខាភិបាលជាច្រើនរូបផ្សេងទៀត។

ដោយឡែក បើតាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ទូរ​ និង​រថយន្ត​​សម្រាប់​ដឹក​ជញ្ជូន​​វ៉ាក់សាំង​កូវីដ-១៩​ ចំនួន​២​​គ្រឿង ​បាន​ដឹក​​​មក​ដល់​កម្ពុជា​ហើយ។

យ៉ាងណា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកាលពីមុននេះថា សម្តេចនឹងចេញទៅទទួលវ៉ាក់សាំងកូវីដ-១៩ នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

RELATED ARTICLES