Wednesday, July 9, 2025
Homeព័ត៌មានជាតិភរិយាលោកអភិបាលរងខណ្ឌ៧មករា ឆ្លើយតបអ្នករិះគន់ "អ្នកមិនបានស្ថិតក្នុងស្ថានភាពជាខ្ញុំ"

ភរិយាលោកអភិបាលរងខណ្ឌ៧មករា ឆ្លើយតបអ្នករិះគន់ “អ្នកមិនបានស្ថិតក្នុងស្ថានភាពជាខ្ញុំ”

ភ្នំពេញ ៖ ករណីប្តឹងចាប់ប្តីដេកជាមួយស្រីស្នេហ៍នៅខុនដូ ក្នុងខេត្តសៀមរាប នោះ បន្ទាប់ពីមានការរិះគន់ពីមនុស្សមួយចំនួនថា ធ្វើបែបនេះមិនត្រឹមត្រូវ មិនអាណិតដល់ប្តីខ្លួនឯងនោះមក ស្ត្រីជាប្រពន្ធរបស់អភិបាលរងខណ្ឌ៧មករា នោះ បានចេញមុខបំភ្លឺឆ្លើយតបអ្នករិះគន់ទាំងនោះថា អ្នកថាធ្វើនេះមិនត្រូវ គឺមកពីអ្នកនោះនៅតែជ្រុងម្ខាង មិនដឹងថា ៣ជ្រុងទៀតយ៉ាងណានោះទេ ទាល់តែជួបខ្លួនឯង ទើបដឹងច្បាស់ថាឈឺចាប់យ៉ាងណា។

លោកហៀក ចាន់លាង និងលោកស្រី ជា ករុណា

ស្ត្រីជាប្រពន្ធ ឈ្មោះជា ករុណា បានបង្ហោះឃ្លីបវីដេអូតាមទាន់ប្តីនាំស្រីស្នេហ៍ដេកខុនដូ នៅខេត្តសៀមរាប និងសមត្ថកិច្ចនាំដីកាកោះហៅបុរសជាប្តីទៅសាកសួរផង ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ ជាមួយសំណេរថា «សូមអរគុណមិត្តទាំងអស់គ្នាដែលសួរសុខទុក្ខខ្ញុំ ទាំងអ្នកគាំទ្រនិងអ្នកមិនគាំទ្រ តែខ្ញុំសូមបញ្ជាក់ថា អ្នកថាខ្ញុំធ្វើនេះមិនត្រូវ គឺមកពីអ្នកនៅតែជ្រុងម្ខាង មិនដឹងថា៣ជ្រុងទៀតយ៉ាងណានោះទេ។ អ្នកមិនបានស្ថិតក្នុងស្ថានភាពជាខ្ញុំ»។

គួររំលឹកថា លោកហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ការឃាត់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងពីស្ត្រីឈ្មោះជា ករុណា អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ មានលំនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធស្របច្បាប់ ដែលបានប្តឹងចោទប្រកាន់ជនសង្ស័យជាប្តី ឈ្មោះហៀក ចាន់លាង ពីបទផិត ស្របពេលដែលលោកអភិបាលរងរូបនេះ កំពុងស្ថិតក្នុងបន្ទប់តែ២នាក់ស្រីស្នេហ៍ នៅក្នុងបន្ទប់ខុនដូ ខាងលើ។

តាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១  កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប បានចុះដល់បន្ទប់ខុនដូមួយកន្លែង ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ខណៈពេលនោះ កម្លាំងជំនាញ បានឃើញឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងលោកហៀក ចាន់លាង អាយុ៤២ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុងបន្ទប់ជាមួយគ្នា។ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរសនិងស្ត្រីទាំង២នាក់នេះ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធអំពើផិត។

លោកហៀក ចាន់លាង ពេលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រោយមក ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនលោកហៀក ចាន់លាង កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ ចំណែកស្ត្រីឈ្មោះហេង បូឡែន ជាគូស្នេហ៍ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ស្រីស្នេហ៍លោកហៀក ចាន់លាង

បន្ទាប់មក នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញ បានបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះហៀក ចាន់លាង ទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីបើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងអំពើផិត តាមពាក្យបណ្តឹងរបស់ប្រពន្ធស្របច្បាប់។ អង្គសវនាការ ធ្វើឡើងតាមកំណត់ហេតុបង្ហាញខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយចោទប្រកាន់ជនសង្ស័យ ហៀក ចាន់លាង ពីបទអំពើផិត តាមមាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព។

នៅរសៀលថ្ងៃដដែលនោះ តុលាការខេត្តសៀមរាប ប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនត្រូវចោទ ឈ្មោះហៀក ចាន់លាង ដាក់ពន្ធនាគារ រយៈពេល៦ខែ ពីបទផិត ប៉ុន្តែទោសនេះត្រូវព្យួរទាំងអស់ ពោលគឺជនជាប់ចោទត្រូវដោះលែងឱ្យមានសេរីភាពវិញ។

ជុំវិញព័ត៌មានខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់ បញ្ជាក់បន្ថែមពីលោកហៀក ចាន់លាង  និងលោកស្រី ជា ករុណា និងអ្នកពាក់ព័ន្ធបានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES