តារាសម្ដែងគង់ សេរីរ័ត្ន ហៅ Xiao Pi បានក្លាយទៅជាទូតសុច្ឆន្ទៈ (Brad Ambassador) ប្រចាំនៅ Excellent Master Beauty Center ដែលទើបត្រូវបានតែងតាំងកាលពីពេលថ្មីៗនេះ។

សេរីរ័ត្ន ប្រាប់ថា នេះជាការងារថ្មីនៅដើមឆ្នាំ២០២១នេះ ដែលអាចនិយាយថា ជាស្នាមញញឹមមួយ បន្ទាប់ពីនាងបានព្យាយាមអត់ធន និងការប្រឹងប្រែងជាច្រើន ហើយទីបំផុត ធ្វើឲ្យនាងទទួលបាននូវលទ្ធផលដូចជាពេលនេះ ដែលតម្រូវឲ្យនាងធ្វើកិច្ចសន្យាកុងត្រាការ Live និងផ្សព្វផ្សាយនូវវិជ្ជាជីវៈការកែសម្រស់ ជាមួយដុកទ័រល្បីៗ និងផលិតផលគុណភាពកម្រិតខ្ពស់ស្ដង់ដារមកពីប្រទេសបារាំង។

ចំពោះមូលហេតុដែលធ្វើឲ្យសេរីរ័ត្ន ព្រមចុះកុងត្រាធ្វើជាទូតសុច្ឆន្ទៈឲ្យគ្លីនិកនេះ ត្រូវបាននាងអះអាងថា ដោយសារតែនាងស្រលាញ់ភាពស្រស់ស្អាត និងសុខភាពដូចនារីទូទៅ ហើយនេះក៏ជាឱកាសល្អ សម្រាប់នាងក្រៅពីការងារសិល្បៈ ដែលអាចចែករំលែកការងារនេះទៅកាន់ Fan មិត្តបុរសនារី ដែលពួកគាត់កំពុងតែស្វែងរកទីកន្លែងដែលនមានសុវត្ថិភាព , ទំនុកចិត្ត និងជាទីគាប់ចិត្ត។

យ៉ាងណា គង់ សេរីរ័ត្ន ថា ចំពោះការចុះកុងត្រានោះ គឺធ្វើជាលក្ខណៈសមស្របមួយ ហើយរំពឹងលើសន្ទុះនៃការគាំទ្រនោះ នាងអាចនឹងសហការជាមួយខាងគ្លីនិកជាបន្ដទៀតផងដែរ។

តាមរយៈការធ្វើទូតសុច្ឆន្ទៈឲ្យគ្លីនិកមួយនេះ ធ្វើឲ្យគង់ សេរីរ័ត្ន កាន់តែមមាញឹកខ្លាំងថែមទៀត បន្ថែមពីលើអាជីពសិល្បៈ ខណៈដែលមុននេះ នាងបានចេញមុខថតសម្ដែងឲ្យរឿងភាគជាច្រើនប៉ុស្ដិ៍ផងដែរ។ នាងថា អាជីពសិល្បៈជាអ្វីដែលនាងស្រលាញ់តាំងពីយូរមកហើយ ដោយបានតស៊ូជាច្រើនឆ្នាំ ទាំងការថត MV និងភាពយន្ដ ហើយមុនផ្ទុះកូវីដ-១៩នោះ នាងបានថតរឿងភាគឲ្យបណ្ដាទូរទស្សន៍ខ្លះដែរ ស្របពេលនៅដើមឆ្នាំ២០២១នេះ នាងត្រៀមធ្វើការងារសិល្បៈជាច្រើនទៀត។

ដោយឡែក ទាក់ទងរឿងគូស្នេហ៍វិញ សេរីរ័ត្ន ថានាងមិនចង់និយាយរឿងឯកជនជាសាធារណៈឡើយ៕
