Wednesday, July 9, 2025
Homeតារាខ្មែរស្រីស្អាត សេង រដ្ឋា អត់ស្តាយមកុដ បានតំណែងតួឯក “បាបស្នេហ៍អតីត”

ស្រីស្អាត សេង រដ្ឋា អត់ស្តាយមកុដ បានតំណែងតួឯក “បាបស្នេហ៍អតីត”

ភ្នំពេញ ៖ បើទោះបីជាបានបោះបង់ចោលមកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ (Miss Grand Cambodia 2020) ប៉ុន្តែស្រីស្អាត សេង រដ្ឋា ដ៏មានរូបសម្រស់ស្អាតផូរផង់ មិនបានបាត់ឱកាសបង្ហាញមុខក្នុងសិល្បៈនោះទេ គឺពេលនេះ នាងបានគ្រងតំណែងជាតួឯកស្រី ក្នុងភាពយន្តភាគថ្មី “បាបស្នេហ៍អតីត” ដែលធ្វើឲ្យអ្នកគាំទ្រនាង ផ្ដើមភ្ញាក់ផ្អើលជាខ្លាំង។

តារាសម្តែង លោកសាវិន ហ្វីលីព ដែលសម្ដែងជាឪពុករបស់តួឯកប្រុស លោកឃឹម ហ្សានីត ក្នុងភាពយន្តភាគ រឿង “បាបស្នេហ៍អតីត” នោះ បានឲ្យដឹងថា លោករីករាយក្នុងការរួមការងារជាមួយតួឯកស្រី កញ្ញាសេង រដ្ឋា ដ៏មានភាពរួសរាយរាក់ទាក់ ហើយភាពយន្តភាគនេះ ធ្វើពិធីក្រុងពលីចាប់ផ្តើមដំណើរការថតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយផលិតកម្ម Ad Music ។ ភាពយន្តនេះ មានសិល្បករជាច្រើនទៀត ចូលរួមសម្តែងមានប្រមាណ៤៥ភាគ ដែលនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ PNN នៅពេលខាងមុខនេះ។

កញ្ញាសេង រដ្ឋា តួឯកស្រីនៃភាពយន្តភាគរឿង “បាបស្នេហ៍អតីត” បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ថា កញ្ញាមានអារម្មណ៍រំភើបរីករាយណាស់ ដែលនាងទទួលបានតំណែងតួឯក នៅក្នុងភាពយន្តភាគថ្មីនេះ ព្រោះសិល្បៈសម្ដែង ជាក្ដីបំណងរបស់នាង តាំងពីតូចមក គឺស្រឡាញ់ដូចសិល្បៈផ្សេងៗទៀត ដូចជាការដើរម៉ូដ ជាដើម។

ជ័យលាភីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ (Miss Grand Cambodia 2020) រូបនេះ បញ្ជាក់ថា នាងមិនសោកស្ដោយទេ ចំពោះការបោះបង់មកុដកញ្ញាឯកនោះ ព្រោះនេះជាការសម្រេចចិត្តរបស់នាង។

កញ្ញាសេង រដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា “ចំពោះខ្ញុំអត់មានអីច្រើនទេ គ្រាន់តែខ្ញុំទទួលបានតំណែងតួឯក ក៏ជាឱកាសមួយដែលអាចបញ្ចេញសមត្ថភាពខាងសម្ដែងរបស់យើង ឲ្យគេបានមើល បានទស្សនាអ៊ីចឹង។ និយាយទៅ ផ្នែកសិល្បៈ វាជាក្ដីស្រមៃរបស់ខ្ញុំទាំងអស់ ទាំងសម្ដែង ដើរម៉ូដអីហ្នឹង គឺខ្ញុំស្រឡាញ់ ហើយក៏រៀនតាំងពីក្មេងមកដែរ។ សម្រាប់តំណែងតួឯកហ្នឹង ខ្ញុំមានអារម្មណ៍សប្បាយចិត្តម្យ៉ាង ហើយក៏ជាតូនាទីមួយដែលយើងត្រូវធ្វើឲ្យបានល្អអស់ពីចិត្តរបស់យើង ដោយសារតែយើងជាតួឯក គឺយើងត្រូវតែធ្វើឲ្យបានល្អ ដើម្បីឈានជើងចូលនៃតារាសម្ដែង។

ប៉ុន្តែទាក់ទងការសម្ដែងរឿងថ្មីហ្នឹង មានការបត់បែនច្រើន ដោយសាររឿងថ្មីហ្នឹង មានពីរសម័យកាល គឺសម័យបុរាណមួយ ហើយនិងសម័យបច្ចុប្បន្នមួយ ហើយទាក់ទងតារាសម្ដែងរៀមច្បងអី គឺច្រើន ប៉ុន្តែគាត់ជាតារាសម្ដែងយូរដែរអ៊ីចឹង គាត់អាចជួយប្រាប់យើងបាន។ ចំពោះបងហ្វីលីព ថា ខ្ញុំមានចរិតរួសរាយរាក់ទាក់ ដោយសារគាត់ជារៀមច្បង ខ្ញុំមានអារម្មណ៍ថា ស្និទ្ធស្នាលជាមួយគាត់ និយាយលេងជាមួយគាត់ច្រើនអ៊ីចឹងទៅ ហើយធម្មតាតែយើងទៅកម្មវិធី យើងជួបមុខគ្នា យើងតែងតែនិយាយគ្នាអ៊ីចឹងហើយ“។

កញ្ញាសេង រតនា បន្តថា “ទាក់ទងរឿងតំណែង (កញ្ញាឯក) ហ្នឹង ខ្ញុំសម្រេចចិត្តហើយថា ខ្ញុំមិនត្រឡប់ទេ ដោយសារតែយើងលាលែងពីតំណែងហើយ យើងដកខ្លួនចេញតែម្ដង។ ដោយសារតែកាសែតមួយចំនួន ចុះថា ខ្ញុំត្រូវគេដកតំណែងអ៊ីចឹង តែតាមពិត ខ្ញុំត្រូវបានគេហៅទៅសម្របសម្រួលដែរ ប៉ុន្តែខ្ញុំសម្រេចចិត្តលាលែងតែម្ដង អ៊ីចឹងទាក់ទងតំណែងហ្នឹង ខ្ញុំអត់មានសោកស្ដាយអីទេ គឺខ្ញុំបញ្ជាក់ហើយថា ខ្ញុំនឹងដើរចេញពីតំណែងហ្នឹង ខ្ញុំដកខ្លួនចេញ អត់យកសូម្បីតែប្រាក់រង្វាន់ ហើយមកុដ ឆៀង ហើយជ័យលាភីអីហ្នឹង។

បានន័យថា មិនមែនគេដកទេ គឺខ្ញុំសុខចិត្តបោះបង់ចោល ដោយសារខ្ញុំមានរឿងជម្លោះជាមួយក្រុមហ៊ុន ហើយមានជម្លោះផ្ទៃក្នុង ដែលខ្ញុំមិនអាចនិយាយបាន ដោយសារវាបានបញ្ចប់ហើយ គ្រាន់តែចង់បញ្ជាក់ថា ខ្ញុំលាលែងចេញពីតំណែងហ្នឹង មិនមែនគេដកទេ គឺខ្ញុំដកខ្លួនចេញខ្លួនឯង។ ប៉ុន្តែបើនិយាយទៅ ទាំងការងារជាកញ្ញាឯក និងការងារសម្ដែងសំខាន់និងរវល់ដូចគ្នា គ្រាន់តែមុខវាមិនដូចគ្នា ប៉ុន្តែវាធ្វើឲ្យយើងរវល់ដូចគ្នា ហើយត្រូវយកចិត្តទុកដាក់ដូចគ្នា គឺការសម្ដែង ត្រូវនឹងអារម្មណ៍អីអ៊ីចឹងទៅ ហើយជាបវរកញ្ញា ក៏ម្យ៉ាងដែរ យើងហាត់ពត់អី ចំណេះដឹងទូទៅ“។

ទោះជាយ៉ាងណា កញ្ញាសេង រដ្ឋា បានសម្ដែងនូវការអរគុណទុកជាមុន ចំពោះទស្សនិកជន អ្នកគាំទ្រ ហើយកញ្ញាសង្ឃឹមថា បងប្អូនទស្សនិកជននឹងបន្តគាំទ្រស្នាដៃសម្តែងរបស់នាង ក្នុងរឿងភាគទូរទស្សន៍ “បាបស្នេហ៍អតីត”នេះទៀត។

កញ្ញា សេង រដ្ឋា និយាយថា “សម្រាប់ខ្ញុំ​ អត់មានអីច្រើនទេ មានតែពាក្យមួយ អរគុណទៅកាន់អ្នកដែលគាំទ្រខ្ញុំ តាំងពីមុន រហូតដល់ឥឡូវ ហើយក៏សូមឲ្យគាត់នៅតែបន្តគាំទ្ររឿងថ្មីរបស់ខ្ញុំនេះ“។

គួរបញ្ជាក់ថា កញ្ញាសេង រដ្ឋា អតីតម្ចាស់មកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ (Miss Grand Cambodia 2020) បានសម្រេចចិត្តបោះបង់តំណែង និងយល់ព្រមឲ្យក្រុមហ៊ុន ដកតំណែងកញ្ញាឯក ក្រោយពីលេចចេញភាពចម្រូងចម្រាសមួយចំនួនជាមួយក្រុមហ៊ុន។ ចំណែកកញ្ញាឯករងទី១ លឹម សុធាវី ក៏ត្រូវបានក្រុមហ៊ុន ដកតំណែងផងដែរ បន្ទាប់ពីនាងបដិសេធទទួលមកុដជ័យលាភីជំនួសអតីតកញ្ញាឯក សេង រដ្ឋា ហើយនៅទីបំផុត ក្រុមហ៊ុន បានសម្រេចផ្ទេរតំណែង និងមកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ (Miss Grand Cambodia 2020) ទៅកញ្ញាឯករងទី៣ គឺកញ្ញា លីវ ជីលី ដែលនឹងធ្វើជាតំណាងកម្ពុជា ទៅចូលរួមប្រកួត  Miss Grand International នៅប្រទេសថៃ នាខែមីនា ឆ្នាំ២០២១ ខាងមុខ៕ កុលបុត្រ

RELATED ARTICLES