ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកយុវជនចំនួន៣នាក់ យកម៉ូតូអស់២គ្រឿង លុយចំនួនជាង៥លានរៀល និងមាស១តម្លឹង ទីបំផុតត្រូវក្រុមជនរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ការចាប់ខ្លួនជនសង្ស័យពីបទឆបោកខាងលើ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្នុងភូមិសាស្ត្រក្រុងបាត់ដំបង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ វ៉ាន់ធី ហៅលី ភេទប្រុស អាយុ៦៥ឆ្នាំ (ឆ្នាំកំណើត១៩៥៦) មានស្រុកកំណើតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកក្បាលរមាស ខេត្តកំពត បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។
ចំណែកជនរងគ្រោះទាំង៣នាក់ រួមមាន ទី១- ឈ្មោះដៀត វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ។ ទី២- ឈ្មោះវុន សាវុធ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិកំពង់ព្រៀង ឃុំកំពង់ព្រៀង ស្រុកសង្កែ និងទី៣- ឈ្មោះវ៉ាត់ ភូវង្ស ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះពៅ វ៉ាន់ធី ហៅ លី ដែលពាក់ព័ន្ធករណីឆបោក (យកប្រាក់ គ្រឿងអលង្ការ និងម៉ូតូ) របស់ជនរងគ្រោះសរុបចំនួន ៣នាក់។
ប្រភពដដែល បញ្ជាក់ថា កន្លងមក កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆបោកជនរងគ្រោះចំនួន៣នាក់ នៅក្នុងក្រុងបាត់ដំបង ដែលក្នុងនោះយកបានម៉ូតូចំនួន២គ្រឿង ប្រាក់ ចំនួន៥ ៥៩៩ ០០០រៀល និងគ្រឿងអលង្ការ មាន ខ្សែកប្លាទីន ចំនួន២ខ្សែ មានទម្ងន់១តម្លឹង។

ក្រោយពីចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន២គ្រឿង (ជារបស់ជនសង្ស័យ ១គ្រឿង និងរបស់ជនរងគ្រោះ ១គ្រឿង)។
ជណសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាប់៕