Wednesday, July 9, 2025
Homeព័ត៌មានជាតិជាមន្ត្រីប៉ូលិសទៀត... នាងជិះពីក្រោយភ័យប៉ុនណាទៅ?

ជាមន្ត្រីប៉ូលិសទៀត… នាងជិះពីក្រោយភ័យប៉ុនណាទៅ?

ភ្នំពេញ ៖ យុវជនម្នាក់បានអះអាង ខ្លួនទើបនឹងដឹកនារីជាអ្នករួមការងារម្នាក់ចេញពីធ្វើការទៅរកហូបបង្អែម ស្រាប់តែលេចមុខបុរសម្នាក់ជាមន្ត្រីនគរបាល បានជិះម៉ូតូដេញតាមពីក្រោយ ហើយធាក់មកលើខ្លួន រួចថែមទាំងដកកាំភ្លើងខ្លីគំរាមបាញ់ទៀតផង ធ្វើឱ្យខ្លួនភ័យ ជិះម៉ូតូទៅប្តឹងសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនឹងផ្លូវវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូដឹកនារីជាអ្នករួមការងារម្នាក់ ចេញពីធ្វើការនៅម្តុំសួនកាណាឌីយ៉ា រួចចូលហូបបង្អែម នៅផ្លូវជិតវត្តអង្គតាម៉ិញ។ ពេលហូបរួចហើយ ពួកគាត់បាននាំគ្នាជិះម៉ូតូ ចេញមកវិញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅផ្សារព្រៃទា។

លុះពេលជិះម៉ូតូ មកដល់ចំណុចជិតស្តុបទួលពង្រ ក៏ត្រូវបុរសម្នាក់ជាមន្ត្រីនគរបាល ជិះម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល១-2345 មកពីក្រោយ ហើយមិនដឹងជាមានរឿងអ្វី ស្រាប់តែធាក់មកលើពួកគាត់ និងបានដកកាំភ្លើងខ្លីគំរាមបាញ់ប្រហារទៀតផង។

ដោយមានការភ័យខ្លាច រូបគាត់បានជិះម៉ូតូរត់ចោលនារីដែលជិះជាមួយគ្នា រួចបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកជួយ ធ្វើអន្តរាគមន៍ភ្លាមៗ ដោយនាំខ្លួនជនបង្កហេតុទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីសាកសួរ។

បន្ទាប់ពីសមត្ថកិច្ចសាកសួររួច ដោយជនរងគ្រោះ សុំមិនដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រួចឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនអស់ទៅ៕

RELATED ARTICLES