ខណៈដែលពេលនេះផលិតកម្មធំ២ កំពុងតែប្រជែងគ្នាទាំងផលិតកម្ម និងតារាចម្រៀង គឺហង្សមាស មានតួឯក ខេមរៈ សិរីមន្ដ ខណៈ Galaxy មានព្រាប សុវត្ថិ នោះ គេកត់សម្គាល់ឃើញថា សម្រាប់តារាចម្រៀងស្រីវ័យក្មេងរបស់ហង្សមាស គឺមានកញ្ញារ៉េត ស៊ូហ្សាណា ហើយ Galaxy មានកញ្ញាតន់ ច័ន្ទសីម៉ា ដណ្ដើមគ្នាធ្វើជាតួឯកប្រចាំផលិតកម្មនីមួយៗរៀងខ្លួនផងដែរ។

រ៉េត ស៊ូហ្សាណា ត្រូវបានទស្សនិកជនមើលឃើញថា ជាតារាចម្រៀងស្រីតែម្នាក់គត់ សម្រាប់រដូវកូវីដ-១៩នេះ ដែលនាងស្ទុះជាងគេ ក្នុងចំណោមតារាចម្រៀងស្រីនៅហង្សមាស ស្របពេលដែលតារាផ្សេងៗទៀត ប្រឈមភាពស្ងប់ស្ងាត់។

ស៊ូហ្សាណា មិនត្រឹមតែរក្សារលំនឹងទីផ្សារចម្រៀងបានល្អនោះទេ ប៉ុន្ដែនាងក៏ក្ដាប់បានទីផ្សារស្ពតធំៗក្នុងដៃឡើងណែនផងដែរ ទើបធ្វើឲ្យនាងមានលទ្ធភាពទិញផ្ទះ១ជុង តម្លៃខ្ទង់៥០ម៉ឺនដុល្លារ ប៉ុន្ដែសម្រាប់តម្លៃខ្លួនច្រៀង Concerts ធំតាមខេត្តវិញ ពេលនេះ ហ្សាណា ស៊ីថ្លៃ១កម្មវិធី ក្បែរ២ពាន់ដុល្លារ។

តារាចម្រៀងវ័យក្មេងធ្មេញច្រពើសរូបនេះ ច្រៀងបទជាភាសារអង់គ្លេស ធ្វើឲ្យគេចាប់អារម្មណ៍ជាងបទខ្មែរ ហើយអំឡុងពេលដែលកេរ្ដិ៍ឈ្មោះកាន់តែសុះសាយនេះ គេឃើញនាងកាន់តែមានស្បែកសខ្ចី រលើបរលោងម៉ដ្ឋខៃតែម្ដង ទើបធ្វើឲ្យប្រុសៗកាន់តែច្រើនជ្រួលជ្រើមស្នេហ៍។
ចំណែកកញ្ញាតន់ ច័ន្ទសីម៉ា ពេលនេះ ត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម Galaxy ពេញចិត្តនាង ដោយផ្ដល់បទចម្រៀងឲ្យច្រៀងចេញស្ទើររៀងរាល់ថ្ងៃតែម្ដង ជាមួយតម្លៃខ្លួននាងហក់ឡើងខ្ពស់ ជាង១ជា២ បើប្រៀបធៀបស៊ូហ្សាណា គឺច្រៀង១កម្មវិធី ស៊ីថ្លៃ៥០០០ដុល្លារ ខណៈដែលថតសម្អាងការ ស៊ីថ្លៃ២០០០០ដុល្លារ។

លោកយឹម តាស្រង់ ថា ពេលនេះ សីម៉ា ជាតារាចម្រៀងលំដាប់ Grade A ហើយតម្លៃខ្លួននាងបានកំណត់ហើយ មិនអាចកែប្រែបានទេ។
តាមរយៈតម្លៃខ្លួនរវាងតារាចម្រៀងកញ្ញារ៉េត ស៊ូហ្សាណា និងកញ្ញាតន់ ច័ន្ទសីម៉ា នៅពេលនេះ បញ្ជាក់ថា អតីតបេក្ខភាព “The Voice Cambodia” ទាំង២ដួង ពេលនេះ គឺតន់ ច័ន្ទសីម៉ា ថ្លៃខ្លួនវ៉ារ៉េត ស៊ូហ្សាណា។ ប៉ុន្ដែការកំណត់តម្លៃខ្លួននេះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា នោះជាគោលការណ៍របស់ផលិតកម្មនីមួយៗ មិនអាចគិតថា អ្នកណាថ្លៃជាងល្អជាងនោះទេ។

លោកម៉ិញ សុធីវណ្ណ បានប្រាប់ ”នគរធំ” កាលពីថ្ងៃទី២៩ ខែមករា ថា តាមលោកយល់ តម្លៃខ្លួនតារាចម្រៀងផលិតកម្មនីមួយៗ គឺអាស្រ័យទៅលើផលិតកម្មរបស់គេកំណត់ ហើយគេចង់ឲ្យតារារបស់គេធ្វើអី ជារឿងរបស់គេ។ ប៉ុន្តែលោកថា មិនដែលបានស្គាល់ ឬស្ដាប់បទចម្រៀងតន់ ច័ន្ទសីម៉ា ម្ដងណាទេ អីចឹងលោកមិនអាចវាយតម្លៃថា សមត្ថភាពរបស់នាងនៅកម្រិត ណាបានជាស៊ីថ្លៃដាច់គេនោះឡើយ។

ចំណែករ៉េត ស៊ូហ្សាណា វិញ លោកធ្លាប់តែឃើញឡើងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ម្ដងម្កាលដែរ តែលោកក៏មិនដែលតាមដានពីសមត្ថភាពរបស់នាងឲ្យបានដិតដល់ដែរ អីចឹងលោកមិនអាចសន្និដ្ឋានបានថាយ៉ាងម៉េចនោះទេ។

យ៉ាងណា នៅក្នុងបទសម្ភាសន៍លើកមុន លោកសុធីវណ្ណថា ហ្សាណា មានចំណុចខ្លាំងត្រង់រូបសម្រស់ស្អាត និងច្រៀងបទបរទេស ទាក់ទាញ តែបើច្រៀងខ្មែរ នាងនៅត្រូវការពេលវេលាបន្ថែមទៀត។

គេកត់សម្គាល់ថា រ៉េត ស៊ូហ្សាណា មិនដែលបានច្រៀងដៃគូជាមួយលោកព្រាប សុវត្ថិ ទេ អំឡុងពេលដែលរួមទ្រនំជាមួយគ្នា ស្របពេលដែលព្រាប សុវត្ថិ ចូល Galaxy បានជាង៤ខែ ពេលនេះលោកបានក្លាយជាដៃគូកញ្ញាតន់ ច័ន្ទសីម៉ា ធ្វើឲ្យសីម៉ា កាន់តែឡើងកូដថែមទៀត ចំណែកកញ្ញាហ្សាណា និងតារាស្រីផ្សេងទៀត កាន់តែពិបាកទប់ទប់អតីតតាតាចម្រៀងពេលរាត្រីនៅហាងវីហ្រ្វេន កំពុងឡើងកូដនេះជាមិនខាន៕
ហ៊ឹម វិចិត្រ