ស្ត្រីជើងឯកស្នូកឃ័រ កញ្ញាស្រង់ ភាវី បានកត់សម្គាល់ឃើញថា មានស្ត្រីមួយចំនួនដែលទៅរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ឈ្លក់ទឹកម៉ាស៊ីន ភ្លើតភ្លើន រហូតមានអ្នកខ្លះមានសង្សារច្រើនទាំងខ្លួនកំពុងមានប្តី ឱបថើបបឺតមាត់គ្នា ដូចនៅអឺរ៉ុប ភ្លេចប្រពៃណីអត់ទៅហើយ។
កញ្ញាស្រង់ ភាវី បានបង្ហោះសារកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា “អ្វីដែលកើតមាននៅកូរ៉េ សព្វថ្ងៃ ឃើញថា ស្ត្រីខ្មែរមួយចំនួនធំ គឺពួកគាត់ធ្វើខ្លួនប្រកាន់ឥរិយាបថបានល្អសមនឹងស្ត្រីខ្មែរណាស់ ដោយឡែក ស្ត្រីខ្មែរមួយចំនួនតូច មានពេលខ្លះភ្លើតភ្លើន ភ្លេចខ្លួនឈ្លក់ទឹកម៉ាស៊ីន ស្របពេលដែលមានឱកាសល្អបានមករស់នៅ ឬធ្វើការនៅកូរ៉េនេះតែម្តង។ គ្មានអ្នកណាហាមសិទ្ធិសេរីភាពពួកគេនោះទេ តែសូមប្រើសិទ្ធិសមល្មមកុំហួសហេតុ រហូតមានពេលខ្លះ យើងឃើញមានអ្នកខ្លះដើរឱបថើបបឺតមាត់តាមទីប្រជុំជន ដូចពួកអឺរ៉ុប។

កញ្ញាស្រង់ ភាវី បន្តថា “ព្រោះតែចង់បានលុយពេកទៅ ស្ត្រីខ្លះមានសង្សារច្រើននាក់ ទាំងខ្លួនកំពុងមានប្តី ស្រ្តីខ្លះទៀតទៅធ្វើជាស្ត្រីកំដរបុរសៗតាមហាងខារ៉ាអូខេ ទាំងខ្លួនអាចរកការងារល្អៗធ្វើបាន។ សូមកែខ្លួន ងាកមកផ្លូវល្អត្រឹមត្រូវ ធ្វើការដោយសមត្ថភាពសុចរិត ចេះឱ្យតម្លៃដល់ខ្លួននិងគ្រួសារ ដែលកំពុងមើលផ្លូវយើងនៅឯស្រុកកំណើត កុំឱ្យបន្ទាបខ្លួនរហូតដល់ធូរថ្លៃដល់សង្គមជាតិយើង ដោយទង្វើរបស់ខ្លួន។
2. មិនមែនមានតែខ្ញុំម្នាក់ទេ ដែលរិះគន់ ក៏មានខ្មែរយើងជាច្រើនក៏មិនពេញចិត្តដែរ ចង់ធ្វើស្អីក៏ធ្វើទៅជាសិទ្ធិ តែសូមឱ្យលាក់កំបាំងភ្នែកមហាជនផង ជនជាតិកូរ៉េគេធ្លាប់ឮថាស្ត្រីខ្មែរសុភាពរាបសាទន់ភ្លន់ ចិត្តស្មោះត្រង់ មានរបៀបរៀបរយ តែដល់ពេលគេឃើញឧឡារិកពេក គេហួសថ្លែងហើយ ព្រោះខុសពីអ្វីដែលគេដឹងគេឮ(នៅមានច្រើនទៀត សូមនិយាយប៉ុណ្ណឹងទេ)។ ទង្វើខ្លួនយើងតែឯង តែនាំជាតិយើងទាំងមូលត្រូវបានគេវាយតម្លៃ ឯណាទៅតម្លៃខ្លួនជាស្ត្រីខ្មែរ?

3.ពួកយើងជាស្ត្រីខ្មែរដែលមានឱកាសបានមកដល់កូរ៉េមិនថារៀន មិនថាធ្វើការអីនោះទេ គួរតែចេះចាប់យកឱកាសពិសេសនេះខំរៀនទាំងភាសានិងជំនាញផ្សេងៗ ដែលមាននៅទីនេះ(កូរ៉េខាងត្បូង)ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានល្អមុនពេលបញ្ចប់វីសារស់នៅកូរ៉េ។ មានស្ត្រីខ្មែរល្អៗជាច្រើនដែលបានបញ្ចប់ថ្នាក់បរិញ្ញាជំនាញផ្សេងៗ ធ្វើការស្ម័គ្រចិត្តតាមអង្គការ ក្រសួងនានានៅកូរ៉េនេះ ជួយដោះស្រាយបញ្ហាមួយចំនួនរបស់ពលករ។ ស្ត្រីខ្មែរខ្លះទៀតបានយកជំនាញនិងចំណេះនៅកូរ៉េទៅខ្មែរដើម្បីចែករំលែកពីអ្វីដែលនៅខ្មែរមិនទាន់មាន។ ពេលដែលខ្លួនយើងមានគុណតម្លៃកិត្តិយសហើយ ជាតិយើងក៏មានគុណតម្លៃកិត្តិយសទៅតាមហ្នឹងដែរ ព្រោះយើងតែម្នាក់ក៏ជាផ្នែកមួយនៃជាតិរបស់យើងដែរ។
4. គ្រាន់តែស្លៀកពាក់ឱ្យបានសមរម្យ មានចរិយាសមប្រកបត្រឹមត្រូវ កុំផឹកស្រានៅទីសាធារណៈទាំងយួរៗ កុំថតបង្ហោះពេលផឹកស្រា បើមានពេលទំនេរខ្លះគួរតែអានសៀវភៅ ឬដើរលេងនៅរម្យនីយដ្ឋានបែបធម្មជាតិ ឬមួយចូលរៀនវគ្គខ្លីៗជំនាញគេហដ្ឋានឬធ្វើនំផ្សេងៗ។ទាំងអស់នេះសុទ្ធតែជាកត្តាមានប្រោយជន៍ល្អពេលយើងត្រឡប់ទៅខ្មែរវិញ។ បើមានកម្មវិធីបែបវប្បធម៌ជាតិ គួរតែស្លៀកបែបសិល្បះយើង ឬស្លៀកសាមញ្ញៗទាន់សម័យ កុំខើចកប់ក្រលៀនពេក។

5. នារីខ្មែរយើងជានារីឆ្លាតណាស់ រៀនឆាប់យល់ មើលឆាប់ដឹង ងាយចាប់បាន ត្រឹមចេះភាសាកូរ៉េក៏អាចក្លាយជាគ្រូបង្រៀនភាសា ជាអ្នកបកប្រែ អាចជាទីប្រឹក្សាយោបល់ដល់បងប្អូនខ្មែរដែលជួបបញ្ហានៅទីនេះ។ នៅមានជំនាញច្រើនទៀតដែលគួររៀន ពេលចេះហើយយកទៅអនុវត្តនៅស្រុកខ្មែរ បង្រៀនបន្ថែមដល់បងប្អូនជាតិយើងនៅឯស្រុក។ គ្រប់គ្នាសុទ្ធតែអាចធ្វើបាន ណាស់តែមិនខំរៀនទេតើ…ទើបគ្មានឱកាសពេលក្រោយ។
6.មោទកភាពរបស់ខ្ញុំក្នុងនាមជានារីខ្មែរមួយរូបគឺខ្ញុំចង់ឃើញសមត្ថភាពកូនខ្មែរជាច្រើននៅលើឆាកអន្តរជាតិជាមួយទង់ជាតិខ្មែរយើង ដើម្បីបង្ហាញថា “ខ្មែរអាចធ្វើបាន”។ ទម្រាំនាងខ្ញុំបានដើរមកដល់ចំណុចជោគជ័យមួយនេះ គឺវាសនាខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងជីវិតរាប់មិនអស់ ឯកា ឈឺចាប់ ភូមិកំណើតខ្លួនជាភូមិក្រីក្រ ទើបខ្ញុំសម្រេចចិត្តចាកចេញមកនេះ ដើម្បីស្វែករកពន្លឺជីវិតថ្មីលើទឹកដីថ្មី សង្ឃឹមថាខ្ញុំនឹងអាចជួយដល់មាតុភូមិតាមរយៈជំនាញណាមួយដែលខ្ញុំខំរៀន ទីបំផុតគឺស្នូកឃ័រនេះឯង ដែលធ្វើឱ្យជនជាតិកូរ៉េនិងពិភពលោកមានការភ្ញាក់ផ្អើលក្នុងនាមខ្ញុំជានារីខ្មែរមួយរូប។

ខ្ញុំជឿថាគ្រប់គ្នាគឺមានជំនាញពិសេសរៀងៗខ្លួន តែមកពីមិនអនុវត្តវាតែប៉ុណ្ណោះ។ គ្រប់គ្នាសុទ្ធតែអាចធ្វើបាន សូមកុំចំណាយពេលឥតប្រយោជន៍ទៅលើសម្ភារៈនិយម និងកម្មវិធីឥតប្រយោជន៍ក្នុងបណ្តាញសង្គម គួរតែខំរៀនសូត្រ ប្រព្រឹត្តខ្លួនឱ្យល្អ ចំណេះដឹងពិតជាសំខាន់ណាស់សម្រាប់អនាគតយើងទាំងអស់គ្នា។ រៀនទៅៗ មិនទាន់អស់ផ្លូវហួសពេលទេ!!”៕