នាយចឺម ពេលនេះមិនត្រឹមកាន់តែថ្នាក់ថ្នមចិត្តសង្សារថ្មី កញ្ញាហ្វា ហ្វា កាន់តែខ្លាំងនោះទេ ប៉ុន្ដែនាយក៏បានផ្ដល់ទំនុកចិត្តដល់អនាគតឪពុកម្ដាយក្មេក ដូចក្រុមគ្រួសារតែមួយ តាមរយៈការញាំអាហារជាមួយគ្នាជាញឹកញាប់។

សកម្មភាពបែបនេះប្រាកដជាធ្វើម្ដាយកញ្ញាហ្វា ហ្វា កាន់តែមានទំនុកចិត្តខ្ពស់ថែមទៀត លែងបារម្ភច្រើនចំពោះចំណងស្នេហាកូនស្រីជាមួយអតីតតារាកំប្លែងរូបនេះទៀតហើយ បន្ទាប់ពីឃើញនាយចឺម ចេះគោរពចាស់ទុំ និងសុភាពថែមទៀតផង ខុសពីសកម្មភាពច្រៀងសម្ដែងរបស់នាយចឺម នៅលើឆាក ដែលមើលទៅច្រឡឺម ។

គួរបញ្ជាក់ថា កញ្ញាហ្វា ហ្វា បានសារភាពថា ម្ដាយរបស់នាងនៅស្រុកកំណើត មានការបារម្ភច្រើន តាំងពីដឹងថា នាងបានបភ្ជាប់ស្នេហាជាមួយនាយចឺម មក ព្រោះគាត់ខ្លាចនាងមានបញ្ហា។

ប៉ុន្ដែសម្រាប់ក្រុមគ្រួសារនាយចឺម បានពេញចិត្តកញ្ញាហ្វា ហ្វា ខ្លាំងណាស់ ក្រោយពីនាយចឺម បានដឹកដៃសង្សារថ្មីទៅជួបម្ដាយ។

យ៉ាងណា នាយចឺម បានប្រាប់អ្នកកាសែតថា លោកនិងហ្វា ហា្វ មិនទាន់ឈានដល់ការធ្វើពិធីភ្ជាប់ពាក្យ ឬគិតគូររឿងរៀបការនោះទេ ដោយនាយថែមទាំងថា ប្ដីប្រពន្ធខ្លះនៅតែមានបញ្ហាជាមួយគ្នា ចុះទម្រាំនាយ និងហ្វា ហ្វា ត្រឹមជាសង្សារគ្នា អត់ដឹងថា មានរឿងអីនៅពេលខាងមុខឡើយ។

គេកត់សម្គាល់ផងដែរថា ការដែលនាយចឺម ងាកមកផ្គាប់ចិត្តសង្សារថ្មី កញ្ញាហ្វា ហ្វា កាន់តែខ្លាំងនេះ ព្រោះតែនាយបានភ្លាត់ស្នៀតរបូតសង្សារអស់ម្ដង ដល់ទៅ២នាក់ ធ្លាក់ក្នុងកណ្ដាប់ដៃប្រុសផ្សេងនោះ គឺកញ្ញាពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ហេតុនេះហើយនាយមិនអាចឲ្យសង្សារទី៣ ត្រូវគេឆក់ទៅបាត់ដូចអតីតសង្សារឡើយ។

ចំណែកកញ្ញាហ្វា ហ្វា ធ្លាប់និយាយថា ទោះជានាងនិងនាយចឺម ស្រលាញ់គ្នាយ៉ាងណា ក៏ពេលនេះ នាងនិងសង្សាររស់នៅផ្ទះផ្សេងគ្នា មិនមែននៅក្រោមដំបូលតែមួយ មុនរៀបការនេះឡើយ៕
