Wednesday, July 9, 2025
Homeព័ត៌មានជាតិខកចិត្តជាខ្លាំង ឲ្យលុយជាង១លានគ្រប់ ចេញមុខម្ចាស់ពិតតែម្តង

ខកចិត្តជាខ្លាំង ឲ្យលុយជាង១លានគ្រប់ ចេញមុខម្ចាស់ពិតតែម្តង

ភ្នំពេញ ៖ បុរសជាអ្នកគួកជេរដីម្នាក់ រួមនិងបក្ខពួកមួយចំនួនទៀត ត្រូវបានជនរងគ្រោះជាម្ចាស់លុយ អះអាងថា បានធ្វើសកម្មភាពឆបោកលុយពីពួកគាត់ អស់ប្រមាណជាង១លានដុល្លារ រួចវេចលុយរត់បាត់ ក្រោមរូបភាពលក់ដីខ្យល់ ចំនួន២៧ហិកតារ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយធ្វើលិខិតផ្ទេរកម្មសិទ្ធិក្លែងបន្លំមេដៃ និងបានបង់ពន្ធប្រថាប់ត្រាទៀតផង។

លុះចុងក្រោយ ជនរងគ្រោះប្រគល់លុយឱ្យគ្រប់ចំនួន ស្រាប់តែម្ចាស់ដីដើម ចេញមុខអះអាងថា ខ្លួនមិនបានលក់ដីទេ ហើយក៏ពុំបានទទួលលុយអ្វីដែរ ពោលគឺលុយនៅលើដៃឈ្មួញកណ្តាល អ្នកគួកជេរដីតែម្តង។

តាមប្រភពពីជនរងគ្រោះ បានអះអាងថា ជនឆបោករូបនោះ មានឈ្មោះឃី ម៉ានិត ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅផ្ទះលេខ142A ផ្លូវលេខ១៤៦ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ដើមចមដំបូង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ឈ្មោះឃី ម៉ានិត ដែលជាឈ្មួញកណ្តាល (អ្នកគួកជេដី) បានទទួលលុយពីខ្លួនជាបន្តបន្ទាប់ ចំនួន៤ទៅ៥លើក មានកុងត្រា លក្ខខណ្ឌត្រឹមត្រូវ សរុបជាង១លានដុល្លារ។ ដោយថា យកលុយទៅប្រមូលទិញដីស្រែប្រាំងពីពលរដ្ឋចំនួន២៧ហិកតារ ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីផ្ទេរកម្មសិទ្ធិឱ្យមកជនរងគ្រោះ។

លុះដល់អំឡុង ខែកក្កដា ឆ្នាំ២០២០ ឈ្មោះឃី ម៉ានិត បានរត់ការផ្ទេរកម្មសិទ្ធិ បង់ពន្ធប្រថាប់ត្រារួចរាល់ មកឱ្យជនរងគ្រោះប្រាកដមែន ទើបជនរងគ្រោះក៏បានប្រគល់លុយបង្គ្រប់ឱ្យជនសង្ស័យ ឈ្មោះឃី ម៉ានិត គ្រប់ចំនួន ដើម្បីយកដីមកគ្រប់គ្រង។

ប្រភពដដែល បន្តថា ក្រោយកាន់កាប់ដីបានរយៈពេលជាង១ខែ ស្រាប់តែម្ចាស់ដីដើមចេញមុខតវ៉ាថា គាត់មិនបានលក់ដីនេះទេ ហើយក៏មិនបានទទួលលុយពីឈ្មោះឃី ម៉ានិត អ្វីដែរ។ ចំពោះស្នាមមេដៃនៅក្នុងលិខិតទិញ-លក់ដីនោះ គឺពុំមែនជាស្នាមមេដៃរបស់ខ្លួនឡើយ។ បន្ទាប់មកក៏មានប្រតិកម្មស្រាវជ្រាវរកការពិត ខណៈឈ្មោះឃី ម៉ានិត បានយកលុយរត់គេចខ្លួនបាត់ រីឯស្នាមមេដៃ ជាមេដៃក្លែងបន្លំ។

ទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះជាម្ចាស់លុយ បានប្រកាសដាក់ឱសានវាទឱ្យជនសង្ស័យឈ្មោះឃី ម៉ានិត ជាជនឆបោកដែលកំពុងរត់គេចខ្លួន ត្រូវចូលខ្លួនមកដោះស្រាយករណីនេះ ឱ្យបានមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បើមិនដូច្នេះទេ ខ្លួននិងប្តឹងពីបទឆបោក ចាត់ការតាមច្បាប់មិនខាន៕

RELATED ARTICLES