Wednesday, July 9, 2025
Homeតារាខ្មែរមាស សុខសោភា បណ្តោយពេលវេលាទៅមុខទៀត នឹងជួបរឿងខកចិត្ត

មាស សុខសោភា បណ្តោយពេលវេលាទៅមុខទៀត នឹងជួបរឿងខកចិត្ត

មាស សុខសោភា ធ្លាប់បានតាំងចិត្តថា មិនចង់រៀបការជាចំហឡើយ ក្រោយពីភ្ជាប់ស្នេហ៍ជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា អាណិកជនខ្មែរ មកពីកាណាដា រយៈពេល១១ឆ្នាំមក ដោយនាងសំអាងថា ពេលនេះនណាៗក៏ដឹងថា នាងនិងគូស្នេហ៍រស់នៅជាមួយគ្នាជាប្ដីប្រពន្ធដែរ ប៉ុន្ដែនាងនិងស្វាមីបានរៀបការតាមបែបសាសនាគ្រឹស្ត ដោយចូលព្រះវិហារមួយ នៅកាណាដា រួចហើយ កាលពីឆ្នាំ២០០៨។

ប៉ុន្ដែនៅឆ្នាំ២០២០ សោភា បានប្ដូរចិត្តពីការមិនចង់រៀបការតាមបែបប្រពៃណីខ្មែរ ជាចំហនោះ មកជាចង់ធ្វើកម្មវិធីមង្គលការដ៏ធំមួយ នៅឆ្នាំ២០២១ នេះវិញ តែនាងមិននិយាយថា ធ្វើនៅថ្ងៃណា ខែណា ឡើយ ព្រោះថា​ ចង់ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល។

សោភា និយាយថា កម្មវិធីពិសេស (រៀបការ) នោះអាចធ្វើនៅឆ្នាំ២០២១ ហ្នឹងហើយ តែទម្លាប់នាងមិនចង់និយាយរឿងអីទុកជាមុននោះទេ គឺចាំឲ្យដល់ពេលរៀបចំឲ្យគេឃើញតែម្ដង។

តាមព័ត៌មានថា មូលហេតុដែលមាស សុខសោភា ប្ដូរចិត្តពីការមិនចង់រៀបការ មកជាចង់រៀបការដូចតារាទូទៅដែរនោះ ដោយសារតែនាងចង់បំពេញបំណងម្ដាយដែលចង់បានចៅព ហេតុនេះហើយក្នុងនាមជាតារាចម្រៀងល្បីល្បាញម្នាក់ បើពពោះទាំងមិនបានរៀបការនោះ ប្រាកដជាធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់នាង ជាងការខ្លាចរៀបការទៅប្រឈមធ្លាក់កូដទៀត ហេតុនេះហើយបានជានាងចង់រៀបការដោយប្រថុយបែបនេះ។

ដោយឡែក ក្នុងជំនួបផ្ទាល់ជាមួយមាស សុខសោភា នាពេលកន្លងមក នាងធ្លាប់និយាយថា ដោយសារតែអាយុនាងកាន់តែច្រើន ហេតុនេះហើយនាងពិតជាបារម្ភមែនពីរឿងខ្លាចគ្មានកូនដូចគេ។ នាងថា ពិបាកណាស់មនុស្សអាយុច្រើនហើយមិនទាន់មានកូន ថ្ងៃក្រោយខ្លាចតែអត់កូនដូចគេ…។

តាមព័ត៌មានថា មង្គលការរបស់មាស សុខសោភា ដែលអាចនឹងរៀបចំនៅឆ្នាំ២០២១នេះ នឹងមានការរៀបចំយ៉ាងពិសេស គឺមិនចាញ់ឱក សុគន្ធកញ្ញា ដែលចំណាយអស់លុយជាង១០ម៉ឺនដុល្លារនោះឡើយ។ ប៉ុន្ដែទីតាំងនៃការប្រារព្ធពិធីរៀបការរបស់សោភា មិនទាន់ត្រូវបានគេទម្លាយឲ្យដឹងនោះទេ ព្រោះថា សោភា មិនទាន់សម្រេចចិត្ត ១០០% នៃការគ្រងឈុតកូនក្រមុំនោះនៅឡើយ គឺនៅតែរារែកចិត្ត ខណៈដែលស្វាមីនាង លោកអ៊ឹត រ៉ាដា ចាំតែសម្របខ្លួនតាមនាងប៉ុណ្ណោះ។

មាស សុខសោភា ឆ្នាំនេះមានអាយុ៤១ឆ្នាំ ហើយបានឈរជើងក្នុងអាជីពចម្រៀងរយៈពេល១៧ឆ្នាំ (2003 -2021) ដោយរស់នៅជាមួយម្ដាយកំព្រាឪពុក។

តារាចម្រៀងសំនៀងផ្អែមរូបនេះ បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយទោះជាសាងស្នេហ៍មិនមានខាន់ស្លាជាច្រើនឆ្នាំក្ដី ប៉ុន្ដែចំណងស្នេហាឆ្លងទ្វីពនេះ មានភាពរឹងមាំគ្មានការប្រែប្រួលឡើយ ខណៈដែលជារឿយៗ គេឃើញមាស សុខសោភា បានបញ្ចេញសារសរសើរប្ដីថា ហ៊ានលះបង់គ្រប់យ៉ាងទាំងអស់ដើម្បីរូបនាង។

មហាជនជាច្រើនរង់ចាំមើលថា តើមាស សុខសោភា នឹងប្រាកដជាហ៊ានរៀបការនៅឆ្នាំ២០២១នេះ មែន ឬមួយក៏ត្រូវឆាចោលពិធីនេះ ដូចកាលដែលនាងធ្លាប់សន្យាថា នឹងរៀបការមិនឲ្យហួសពីឆ្នាំ២០០៩ ម្ដងទៀត?៕                             ហ៊ឹម វិចិត្រ

RELATED ARTICLES