Tuesday, July 8, 2025
Homeព័ត៌មានជាតិលោកសែម សារ៉ែនឌី ទិញដីអត់ឱ្យលុយ ពលរដ្ឋប្តឹង ប្រពន្ធដើរអង្វរដល់ផ្ទះ

លោកសែម សារ៉ែនឌី ទិញដីអត់ឱ្យលុយ ពលរដ្ឋប្តឹង ប្រពន្ធដើរអង្វរដល់ផ្ទះ

ខេត្តតាកែវ ៖ ករណីប្រជាពលរដ្ឋចំនួន៤គ្រួសារ រស់នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលអះអាងថា គឺជាជនរងគ្រោះទទួលរងភាពអយុត្តិធម៌ លក់ដីឱ្យឈ្មួញរាប់ឆ្នាំទៅហើយ បែរជាឈ្មួញមិនព្រមប្រគល់ប្រាក់ឱ្យពួកគាត់ជាម្ចាស់ដីគ្រប់ចំនួន ជាហេតុធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខចិត្តសម្រេចដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ដើម្បីទាមទារយុត្តិធម៌នោះ ពេលនេះ សាមីខ្លួនឈ្មួញទិញដីបានប្រើឱ្យប្រពន្ធរបស់ខ្លួន ចុះទៅអង្វរប្រជាពលរដ្ឋដើមបណ្តឹង ដល់ផ្ទះ សុំបញ្ឈប់ការចុះផ្សាយ និងដកពាក្យបណ្តឹងវិញ។

លោកសែម សារ៉ែនឌី និងអ្នកស្រី មួយ ហៀក

ប្រជាពលរដ្ឋទាំង ៤គ្រួសារ ដែលអះអាងថា ត្រូវឈ្នួញស៊ីដាច់លុយថ្លៃលក់ដីនោះ រួមមាន ទី១- ឈ្មោះយុង យ៉ាន ភេទស្រី អាយុ៧៥ឆ្នាំ ជាម្ចាស់ក្បាលដី លេខ២៣៥។ ទី២- ឈ្មោះសិត ហាច ភេទស្រី អាយុ៣៧ឆ្នាំ និងប្តីឈ្មោះស្វាយ គា ហៅគីម ថីសួន ជាម្ចាស់ក្បាលដី លេខ២២២។ ទី៣- ឈ្មោះគីង ម៉ន ភេទប្រុស អាយុ៦០ឆ្នាំ ជាម្ចាស់ក្បាលដីលេខ២២១ និងទី៤- ឈ្មោះ ហង់ ស៊ីណា ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ក្បាលដីលេខ២០៥។

ចំណែកឈ្មួញដែលជាអ្នកទិញដី មានគ្នា ២នាក់ ត្រូវជាបងប្អូននឹងគ្នា ក្នុងនោះ ទី១- ឈ្មោះចាំង គង់ឡាយ ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៩៧៥៤៧៨ មានលំនៅភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២- ឈ្មោះសែម សារ៉ែនឌី ជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃ ដែលមានស្រុកកំណើតនៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ក្រោយមានការចុះផ្សាយព័ត៌មានជុំវិញករណីទិញដីអត់ឱ្យលុយពលរដ្ឋគ្រប់ចំនួន រហូតឈានដល់ការប្តឹងផ្តល់ឡើងតុលាការរួចមក នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ត្រីឈ្មោះមួយ ហៀក ត្រូវប្រពន្ធលោកសែម សារ៉ែនឌី បានធ្វើដំណើរមកផ្ទះរបស់អ្នកស្រីហង់ ស៊ីណា ដោយមានទាំងរបស់កំដរដៃ (មីឆាសាច់គោ ២ប្រអប់ និងភេសជ្ជៈ ២កំប៉ុងផង)  បានយកទៅជូនអ្នកស្រីហង់ ស៊ីណា និងស្ទើរតែអង្គុយសំពះគាត់ទៀត ដោយសុំអង្វរករ ២យ៉ាង ទី១- សុំឱ្យឈប់ចុះផ្សាយរឿងរ៉ាវនេះ តាមសារព័ត៌មានតទៅទៀត និងទី២- សុំឱ្យដកពាក្យបណ្តឹងវិញទៅ ដោយលើកហេតុផលថា “យើងរាប់គ្នាយូរមកហើយ កុំចាំបាច់ធ្វើដល់ថ្នាក់នេះអី”។

យ៉ាងណា ប្រជាពលរដ្ឋមិនទទួលយកការអង្វរករពីសំណាក់អ្នកស្រីមួយ ហៀក នោះឡើយ ដោយបញ្ជាក់ជំហរថា ករណីនេះ ប្រជាពលរដ្ឋជាជនរងគ្រោះនៅតែបន្តតាមនីតិវិធីច្បាប់ ដដែល។

គួររំលឹកថា ប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ ធ្លាប់បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨  ពួកគាត់ទាំង៤គ្រួសារ ដែលមានក្បាលដីនៅជាប់ៗគ្នា បានយល់ព្រមលក់ដីទៅឱ្យបុគ្គលឈ្មោះចាំង គង់ឡាយ។ លុះក្រោយពីទទួលបានប្រាក់កក់ពីឈ្មោះចាំង គង់ឡាយ មួយចំនួនរួចមក ប្លង់ក៏បានកាត់ដាក់ឈ្មោះចាំង គង់ឡាយ ហើយដែរ តែដីទាំងនោះ បែរជាត្រូវផ្ទេរកម្មសិទ្ធិឲ្យបងរបស់ឈ្មោះចាំង គង់ឡាយ ឈ្មោះសែម សារ៉ែនឌី វិញម្តង ដែលឈ្មោះសែម សារ៉ែនឌី ជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃ ដែលមានស្រុកកំណើតនៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់។

ប្រភពដដែល បន្តថា បន្ទាប់ពីឈ្មោះចាំង គង់ឡាយ បានផ្ទេរក្មសិទ្ធិដីទាំងនោះឱ្យទៅបងគាត់រួចមក រហូតមកដល់ពេលនេះ រយៈពេលជាង១ឆ្នាំទៀតហើយ បែរជាគ្មានការប្រគល់ប្រាក់មកជូនពួកគាត់ជាម្ចាស់ដីសោះឡើយ ហើយចេះតែភូតភរកុហក យកលេសនេះលេសនោះ មិនចេះចប់មិនចេះហើយ ជួនប្រាប់ថា ចាំបន្តិចគាត់ស្ទះលុយ ជួនថា លក់របស់អត់ចេញ ខ្ចីធនាគារអត់បាន ខ្ចីលុយឯកជនអត់មាន… ជាដើម។

ប្រភពខាងលើ បានបញ្ជាក់ ក្រោយពេលលក់ដីអត់បានលុយ ពួកគាត់ជាជនរងគ្រោះទាំង៤គ្រួសារ ក៏បានប្តឹងទៅសាលាឃុំ និងត្រូវបានខាងសាលាឃុំកោះហៅ ៣ដងដែរ តែឈ្មោះសែម សារ៉ែនឌី អត់ព្រមចូល។ លុះពួកគាត់ប្តឹងទៅសាលាស្រុក និងត្រូវលោកអភិបាលស្រុកកោះហៅ ៣ដងទៀត ក៏ឈ្មោះនេះមិនប្រមចូលខ្លួនដដែល ដោយបានឱ្យមេការម្នាក់ឈ្មោះនាក់ វណ្ណៈ ជាអ្នកភូមិក្បែរគ្នា ចូលទៅជំនួសទៅវិញ ទើបធ្វើឱ្យមិនទទួលបានលទ្ធផលអ្វីជាផ្លែផ្កានោះឡើយ។

ដោយសារតែរកច្រកចេញមិនឃើញ ទើបពួកគាត់ជាជនរងគ្រោះ បានទៅពឹងរកមន្ត្រីម្នាក់ឈ្មោះឃួន ប៊ុនសេង ធ្វើការនៅមន្ទីរេរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ឱ្យជួយរត់ការឱ្យ និងត្រូវចំណាយលុយរាប់រយដុល្លារ មានអ្នកខ្លះអស់ដល់ខ្ទង់ ពាន់ទៀតផង តែមិនបានផលដដែល លុះចុងក្រោយ ទើបដឹងថា តាមពិត ឈ្មោះឃួន ប៊ុនសេង និងឈ្មោះសែម សារ៉ែនឌី បានគប់គិតគ្នាប្រគល់ប្លង់ទៅឱ្យឈ្មោះសែម សារ៉ែនឌី អស់ទៅហើយ ដោយមិនបានប្រាប់ពួកគាត់ឡើយ ហើយឈ្មោះសែម សារ៉ែនឌី បានយកប្លង់ទៅដាក់ធនាគារ យកលុយមកអភិវឌ្ឍន៍កន្លែងរកស៊ីរបស់គាត់អស់ទៅហើយទៀតផង។

ពលរដ្ឋទាំង៤គ្រួសារខាងលើ បានអះអាងថា ដីទាំងនោះ គឺឈ្មោះសែម សារ៉ែនឌី បានចេញលិខិតកក់ប្រាក់ លិខិតប្រគល់ប្រាក់ និងចេញសែកឱ្យទៅបើកលុយនៅធនាគារទៀតផង តែជាសែកស្អុយ អត់មានលុយបើកទេ។ ដោយសារតែទទួលរងភាពអយុត្តិធម៌បែបនេះ ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឱ្យស្ថាប័នតុលាការ ជួយរកយុត្តិធម៌ជូនពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ទន់ខ្សោយ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីអ្នកទិញដីពីប្រជាពលរដ្ឋ ឈ្មោះសែម សារ៉ែនឌី និងឈ្មោះចាំង គង់ឡាយ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES