Monday, July 7, 2025
Homeព័ត៌មានជាតិប្តីធ្វើចត្តាឡីស័ក លួចទាក់ទងស្រី រត់ចោលប្រពន្ធបាត់

ប្តីធ្វើចត្តាឡីស័ក លួចទាក់ទងស្រី រត់ចោលប្រពន្ធបាត់

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ២នាក់ប្តីប្រពន្ធ  ទើបនឹងត្រឡប់មកពីប្រទេសថៃ ត្រូវអាជ្ញាធរតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ ស្រាប់តែអំឡូងពេលធ្វើចត្តាឡីស័ក បានតែប៉ុន្មានថ្ងៃ បុរសជាប្តីបែកគំនិតលួចទាក់ទងស្រីថ្មី រហូតដល់លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ចោលប្រពន្ធរបស់ខ្លួន ដែលពេលនេះ​ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងតាមស្វែងរកបុរសម្នាក់នេះ ដើម្បីនាំយកមកធ្វើចត្តាឡីស័កសាជាថ្មីឡើងវិញ។

បុរសកំហូចដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ចោលប្រពន្ធទៅតាមស្រីស្នេហ៍នោះ មានឈ្មោះអ៊ូច វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាពលករចំណាកស្រុក ទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងមានលំនៅក្នុងភូមិស្នូលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា ឈ្មោះអ៊ូច វិបុល ខាងលើនេះ បានរត់គេចវេះពីមណ្ឌលចត្តាឡីស័ក អគារមហាវិទ្យាល័យសុខាភិបាល នៃសាកលវិទ្យាល័យជាតិ មានជ័យ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

លោកអភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា មុនពេលកើតហេតុ បុរសខាងលើនេះ ជាពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានតម្រូវឱ្យស្នាក់នៅធ្វើចត្តាឡីស័ក នៅទីនោះ ជាមួយប្រពន្ធ ដែលមកពីថៃ ជាមួយគ្នា។ ប៉ុន្តែក្រោយពីបានទាក់ទងគ្នា ជាមួយនឹងស្រីស្នេហ៍ម្នាក់ បុរសនេះ បានលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ចោលប្រពន្ធរបស់ខ្លួន។

ជាមួយនេះ លោកអភិបាលក្រុងសិរីសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលបានប្រទះឃើញបុរសដែលមានភិនភាគដូចខាងលើ សូមប្រញាប់រាយការណ៍មកសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីឈានដល់ការនាំខ្លួនបុរសខាងលើ យកមកធ្វើចត្តាឡីស័កសាជាថ្មីឡើងវិញ មិនតែប៉ុណ្ណោះ បុរសរូបនេះ ក៏ប្រឈមនឹងការអនុវត្តច្បាប់ ស្តីពីការធ្វើចត្តាឡីស័កផងដែរ៕

RELATED ARTICLES