ភ្នំពេញ ៖ ស្ត្រីរូបស្រស់ ជនជាតិចិនម្នាក់ ដែលត្រូវបានបញ្ជូនឱ្យចូលទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែក្រោម បានបង្កភាពរញ៉េរញ៉ៃ ពុំព្រមស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងទីតាំងមណ្ឌលសុខភាព ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ស្ត្រីជនជាតិចិនខាងលើ ត្រូវបានក្រុមជំនាញដឹកតាមរថយន្តសាមុយ យកទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក។ លុះពេលបញ្ជូនទៅដល់ ស្ត្រីរូបនោះពុំព្រមចុះពីលើរថយន្តឡើយ ជាពិសេស ពុំស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដែលតម្រូវឱ្យដោះម៉ាស់ ដើម្បីផ្ទៀងផ្ទាត់ជាមួយលិខិតឆ្លងដែន ដើម្បីកំណត់អត្តសញ្ញាណ មុននឹងធ្វើចត្តាឡីស័ក មិនតែប៉ុណ្ណោះ ស្ត្រីជនជាតិចិនរូបនោះ ថែមទាំងបានដើររញ៉េរញ៉ៃពេញមណ្ឌលទៀតផង។

ប្រភពដដែល បន្តថា ក្រោយកើតមាននូវបាតុភាពនោះហើយ ក្រុមអាជ្ញាធរនិងសមត្ថកិច្ចដែលប្រចាំ បញ្ជាការពារសន្តិសុខនៅមណ្ឌលសុខភាពនោះ បានចុះទៅនិយាយសម្របសម្រួលអស់មួយសន្ទុះធំ ទម្រាំស្រីស្អាតរូបនោះ ព្រមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងព្រមចូលទៅធ្វើចត្តាឡីស័ក តាមសម្រួល ដោយឈប់បង្កភាពការស្មុគស្មាញដល់ក្រុមគ្រូពេទ្យជំនាញទៀត។

គួរបញ្ជាក់ថា ចំពោះទីតាំងចត្តាឡីស័ក គឺបានត្រៀមកម្លាំងសន្តិសុខរួចរាល់ជាស្រេច ទាំងកម្លាំងនិងសម្ភារៈផ្សេងៗ ដូចជា ដំបងឆក់ សំណាញ់ ប្រដាប់ដែកចាប់ជាដើម ដើម្បីការពារត្រៀមការពារសន្តិសុខយ៉ាងតឹងរ៉ឹងទុកជាមុន ចៀសវាងជួបបញ្ហាដូចទីតាំងខាងលើនេះទៀត៕
