ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់ សុផា លីនដា បានបង្ហាញផ្ទៃពោះជិតគ្រប់ខែ ដ៏សិចស៊ី ត្រៀមសម្រាលកូនស្រីដំបូង នៅខែក្រោយ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែរនៅអាមេរិក ជាគូដណ្តឹង កាលពីជិត ៦ខែមុន។

សុផា លីនដា បានឲ្យដឹងថា នៅពេលនេះ នាងកំពុងទន្ទឹងរង់ចាំឃើញមុខកូនស្រីរបស់នាង ដែលនឹងសម្រាលនៅខែក្រោយ ខណ:ដែលពេលនេះ នាងបានពពោះ ជាង៨ខែហើយ។

សុផា លីនដា បានបង្ហោះរូបភាពនិងសំណេរខ្លី ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់នាង នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ថា «ពេលវេលាដែលទន្ទឹងរង់ចាំ នឹងជិតចូលមកដល់នៃការជួបមុខរបស់ my princess ម៉ាក់ៗប៉ាៗ»។

គួររំឭកថា តារាចម្រៀង បង្ហាញម៉ូដ និងជាពិធីការិនីទូរទស្សន៍ សុផា លីនដា បានចាប់ដៃសង្សារអាណិកជនខ្មែរ-អាមេរិក លោកកាំង ប៊ុណ្ណា វ័យ៣០ឆ្នាំ បើកភោជនីយដ្ឋាន ឈ្មោះ «ខ្ទះពុះ» ដែលមានទីតាំងនៅផ្លូវ ១៨៥ ផ្ទះលេខ៥ សង្កាត់ទំនប់ទឹក ខាងក្រោយវិទ្យាស្ថានវ៉ាន់ដា ខណ្ឌចម្ការមន ដោយចំណាយទុនរួមគ្នា រាប់ម៉ឺនដុល្លារ។

សុផា លីនដា បានបង្ហាញមុខបុរសជាម្ចាស់ស្នេហ៍ លោកកាំង ប៊ុណ្ណា នៅថ្ងៃសម្ពោធហាងដែលនាងបានដាក់ទុនរួមគ្នាជាមួយសង្សារនោះតែម្តង ដោយនាងបញ្ជាក់ថា នាងបានចូលហ៊ុនគ្នា បើកហាងរកស៊ី ក្រោយពីបានស្គាល់គ្នាជិត ៩ខែ រហូតសម្រេចភ្ជាប់ពាក្យ និងគ្រោងរៀបការនៅចុងឆ្នាំ២០២១។

សុផា លីនដា បានភ្ជាប់ពាក្យជាមួយបុរសជាសង្សារ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ហើយក្រោយភ្ជាប់ពាក្យបានជិត ៦ខែ មិនទាន់ឃើញរៀបការផង ស្របពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ផងនោះ ស្រាប់តែសុផា លីនដា បង្ហាញផ្ទៃពោះជិតគ្រប់ខែ ដោយបញ្ជាក់ថា នាងត្រៀមសម្រាលកូនស្រីដំបូង នៅខែក្រោយនេះហើយ។

អ្នកសិល្បះរួមអាជីពជាច្រើន សរសើរថា តារាស្រីរូបនេះ ទោះបីមានផ្ទៃពោះ ក៏សម្រស់នៅតែស្អាតផូរផង់ ហើយពួកគេបានជូនពរនាងនិងកូនក្នុងផ្ទៃ ឲ្យមានសុខភាពល្អ និងសម្រាលដោយសុវត្ថិភាពទាំងម្តាយនិងកូន នៅពេលខាងមុខ៕

