ភ្នំពេញ៖ ផ្ទះជួលរបស់ជនជាតិជប៉ុន ស្នាក់នៅជាន់ទី២ ឆ្លងចរន្ដអគ្គិសនីពីទូរទឹកកក បណ្តាលឲ្យផ្សែងហុយ ឃ្មួលឃ្មញ់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺថ្ងៃទី១០ ខែកក្កដា នៅផ្ទះជាន់ទី២ ផ្ទះលេខ៥៣B តាមផ្លូវ៤៤៤ ក្រុម១៦ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
ម្ចាស់ផ្ទះដែលឆាបឆេះមានឈ្មោះ ប៉ាង សៅរែន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ បានជួលទៅអោយជនជាតិជប៉ុនប្រុសម្នាក់ស្រីដោយធ្វើការនៅក្រុមហ៊ុនឯកជនជាមួយគ្នា ។
តាមសម្តីរបស់បុរសម្នាក់និងស្រ្តីម្នាក់ជាជនជាតិជប៉ុនដែលបានស្នាក់នៅផ្ទះជួលកើតហេតុ ខាងលើ បានឲ្យដឹងទាំងនិយាយខ្មែរមិនស្រូវច្បាស់ថា មុនពេលកើតហេតុរូបគាត់កំពុង ដែកដេកលង់លក់ស្រាប់តែឃើញផ្សែងខ្មៅខ្លាំងចេញមកគាត់ក៏បានរត់ចុះមកខាងក្រោម មកគាស់ទ្វារអ្នកជិតខាងនិងម្ចាស់ផ្ទះឲ្យជួយអន្តរាគមន៍ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុភ្លាមអ្នកជួលផ្ទះបានរត់ចេញតាម ទ្វារតូច ចំណែកទ្វារធំបើកអត់រួចទេ ត្រូវបានម្ចាស់ផ្ទះនិងអ្នកជិតខាងហៅរថយន្តពន្លត់អគ្គី ភ័យចំនួន៥គ្រឿងមកដល់បាញ់បណ្តើរគាស់ទ្វារបណ្តើរទើបរលត់ទាំងស្រុងចំណាយពេល រយៈពេលមួយម៉ោង ។
តាមការសន្និដ្ឋានពីមន្រ្តីមូលដ្ឋាននិងមន្រ្តីពន្លត់អគ្គីភ័យបានរកឃើញថាមូលហេតុដែលបណ្តាលឆាបឆេះដោយសារតែឆ្លងចរន្តអគ្គីសនីចេញពីទូរទឹកកកហើយក៏ឆាបឆេះដាក់តុនិងម៉ាស៊ីនត្រជាក់ការខូចខាតទូរទឹកកក១និងម៉ាស៊ីនត្រជាក់មួយគ្រឿង តុឈើចំនួនខូចខាតទាំងស្រុងនិងខូចខាតរបស់របរប្រើប្រាស់មួយចំនួនទៀត ៕
គួន ចំរើន