ភ្នំពេញ ៖ ដោយសារកំណើននៃជើងហោះហើរមកកម្ពុជា បានធ្វើឲ្យការមកដល់របស់ភ្ញៀវអន្តរជាតិមកកាន់កម្ពុជាកើនឡើងជាង៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ កម្ពុជាទាំងបី ហៅកាត់ថា SCAបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ ចំនួនភ្ញៀវអន្តរជាតិធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមានជាង២.១៦៩.៤៤១នាក់ កើនឡើង៨.៣៣ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានភ្ញៀវត្រឹមចំនួន២.០០២.៥៩២នាក់ប៉ុណ្ណោះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ឯកឧត្តមទិត ចន្ថាបានថ្លែងថា មូលហេតុនៃកំនើនមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ តាមផ្លូវអាកាសដោយសារកម្ពុជាមានជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិនានាកាន់តែច្រើន កម្ពុជាមានផលិតផលទេសចរណ៍កាន់តែសម្បូរបែប ពិសេសប្រាសាទអង្គរវត្តដែលជារមណីយដ្ឋានដ៏ល្បីល្បាញនិងទាក់ទាញភ្ញៀវទេសចរណ៍។លោកបន្តថា សន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យទំនាក់ទំនងកម្ពុជាជាមួយប្រទេសនានាកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តមបន្តថា គិតត្រឹមរយៈពេល៩ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៣.៧លាននាក់ កើនឡើង៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយលោករំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៥លាននាក់នៅដំណាច់ឆ្នាំនេះ ខណៈឆ្នាំ២០១៥កន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួនជាង៤.៧លាននាក់។
លោកស៊ិន ចាន់សេរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលបានធ្វើការហោះហើរត្រង់មកកម្ពុជាចំនួន៣១ក្រុមហ៊ុន ក្នុងនោះ៨ក្រុមហ៊ុនបានហោះមកពីប្រទេសចិន។
តាមរយៈការបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តមប្រធានាធិបតីចិន ហ្សី ជីងពីងបានសន្យាជំរុញឲ្យមានជើងហោះហើរត្រង់ពីប្រទេសចិន និងជំរុញភ្ញៀវទេសចរណ៍ចិន មកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
គង់ លាងហួរ