Sunday, November 17, 2024
Homeព័ត៌មានជាតិព្រះ​តេជ​គុណ​ប៊ុត ប៊ុន​តិញ បង្ហើប​រឿង សម្តេច​ហ៊ុន សែន ទាក់​ទង​តាម​ទូរស័ព្ទ

ព្រះ​តេជ​គុណ​ប៊ុត ប៊ុន​តិញ បង្ហើប​រឿង សម្តេច​ហ៊ុន សែន ទាក់​ទង​តាម​ទូរស័ព្ទ

ភ្នំពេញ ៖ ប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហើបរឿងសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានទាក់ទងព្រះអង្គតាមទូរស័ព្ទ នាពេលកន្លងមក។

ក្នុងបទសម្ភាសជាមួយ “នគរធំ” កាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា ជារឿងល្អ ដែលសម្តេច នាយករដ្ឋមន្ត្រី ចាប់ផ្តើមយកចិត្តទុកដាក់ជាមួយ មនុស្សគ្រប់មជ្ឈដ្ឋាន ជាពិសេស ជាមួយនឹង ព្រះសង្ឃនៅក្នុងការងារពាក់ព័ន្ធនឹងព្រៃឈើ ហើយបើសិនជាដំណើរការនេះចាប់ផ្តើមយកចិត្តទុកដាក់តាំងពីដំបូង ព្រះអង្គយល់ថា នឹង មានដៃគូធ្វើកិច្ចការបានល្អណាស់។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា ថា “មានទំនាក់ទំនងធម្មតា កាលពីបុណ្យ ភ្ជុំបិណ្ឌ គាត់ចង់ទាក់ទងប្រគេនចង្ហាន់ ប្រគេន អីធម្មតាទេ ដោយអត់មានទំនាក់ទំនងអីទេ។  អាត្មាចាប់អារម្មណ៍ធម្មតា ប៉ុន្តែដោយសារ អាត្មារវល់ទៅ ក៏មិនបានជួបញោមនាយករដ្ឋមន្ត្រី គាត់ចង់ជួបប្រគេនចង្ហាន់ប្រគេនបុណ្យអី ក្នុងថ្ងៃភ្ជុំបិណ្ឌហ្នឹងតែម្តង ប៉ុន្តែដោយសារអាត្មា ជាប់រវល់ទៅ ក៏មិនបានជួប មិនបានអីទៅ ចាំ មើលថ្ងៃណាមានពេល មានឱកាសទៅ ក៏រក ជួបគាត់ទៅ ព្រោះអត់មានអីលំបាកក្នុងការ ជួបគាត់ទេ ដោយសារអ្វីដែលគាត់ចង់ជួប ហ្នឹង ក្រៅពីការប្រគេនបុណ្យ ប្រគេនកុសល ក្នុងពេលភ្ជុំបិណ្ឌហ្នឹង គាត់ក៏ចង់ជួបដើម្បីបាន ជជែកពីដំណើរការនៃការរួមចំណែកការពារ ព្រៃឈើ ធនធានធម្មជាតិអីប៉ុណ្ណឹងទេ។ រឿង ហ្នឹង ដូចជាមិនអាចសន្និដ្ឋាន ឬអាចនិយាយបាន ថា ចង់ឬមិនចង់ទេ បើសិនជាការងារហ្នឹងវា បង្ខំចិត្តត្រូវតែជួបគ្នា ដើម្បីជជែកពីផែនការ អាហ្នឹងជួប ប៉ុន្តែបើសិនជាយោងទៅតាមទិដ្ឋភាព ជាក់ស្តែង អាត្មាក៏រវល់ ញោមនាយករដ្ឋមន្ត្រី ក៏រវល់ ហើយយើងមិនអាចមានឱកាសជួបគ្នា ក៏ធម្មតាទៅ អត់អាចជួបគ្នាបាន តែបើសិនមាន ពេលចាំបាច់ត្រូវជួប យើងជួប អត់មានបញ្ហា អីទេ”។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា បន្តថា “ញោមនាយករដ្ឋមន្ត្រី ជួបគ្រាន់តែ ទំនាក់ទំនង ដើម្បីបានប្រគេនចង្ហាន់ប្រគេន បុណ្យកុសល ហើយពិភាក្សាគ្នាខ្លះ ដើម្បីបាន ឱកាសរួមចំណែកការពារព្រៃឈើទេ ហើយ អានេះវាជាចំណុចវិជ្ជមាន ហើយវាជារឿងល្អ ដែលនាយករដ្ឋមន្ត្រី ចាប់ផ្តើមយកចិត្តទុកដាក់ ជាមួយមនុស្សដែលគ្រប់មជ្ឈដាន ជាពិសេស  ជាមួយនឹងព្រះសង្ឃ នៅក្នុងការងារពាក់ព័ន្ធនឹង  ព្រៃឈើ ហើយបើសិនជាដំណើរការនេះ គាត់ ចាប់ផ្តើមយកចិត្តទុកដាក់តាំងពីដំបូងដៃម៉្លេះ យើងមានដៃគូធ្វើកិច្ចការបានល្អណាស់ ប៉ុន្តែ ដោយសារពីដើមឡើយ យើងចេះតែផាត់គ្នា ចោល យើងមើលឃើញគ្នាក្នុងនាមជាសត្រូវ មិនមើលឃើញគ្នាក្នុងនាមដៃគូ ប៉ុន្តែបើដរាប ណាយើងមើលគ្នាឃើញជាដៃគូ អាហ្នឹងអាច រួមចំណែកទៅបានល្អហើយ។ ចំពោះអាត្មាខ្លួន ឯងផ្ទាល់ មើលឃើញថា បញ្ហានេះ បើសិនជា យើងមានឆន្ទៈ ហើយស្មោះត្រង់ជាមួយគ្នា ហើយយើងស្គាល់ទិសដៅរួម អាហ្នឹងអត់មាន អីលំបាកទេ ប៉ុន្តែក្រែងតែថា ជាទូទៅ ទាំងអ្នក នយោបាយ ទាំងជនរួមជាតិយើងមើលវាមិន ឃើញឫសគល់បញ្ហារបស់ខ្មែរប្រាកដទៅ យើង ចេះតែនាំគ្នាធ្វើអ្វីប្រឆាំងគ្នា ជួលកាលប្រឆាំង គ្នាដើម្បីប្រជាប្រិយភាព ប៉ុន្តែអាត្មាចង់ឃើញ ការប្រឆាំងគ្នា ដើម្បីផលប្រយោជន៍រួម អាហ្នឹង អាត្មាពេញចិត្ត”។ 

គួរបញ្ជាក់ដែរថា ទំនាក់ទំនងតាមទូរស័ព្ទ រវាងព្រះតេជគុណប៊ុត ប៊ុនតិញ ជាមួយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឡើងស្រប ពេលដែលមានការលើកឡើងនៅលើបណ្តាញ សង្គមហ្វេសប៊ុកថា ព្រះតេជគុណប៊ុត ប៊ុនតិញ ជារនុកក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែព្រះតេជគុណប៊ុត ប៊ុនតិញ បានបដិសេធថា ព្រះអង្គពុំមែនជាខ្មាំងបង្កប់របស់គណបក្សកាន់អំណាចនោះទេ ដោយព្រះអង្គបានចាត់ទុកថា នេះ គ្រាន់តែជាការលាបពណ៌គ្មានការពិតប៉ុណ្ណោះ ឯជាក់ស្តែង ព្រះអង្គនៅតែជាព្រះសង្ឃឯករាជ្យ រក្សាជំហរធ្វើសកម្មភាពដើម្បីយុត្តិធម៌ សង្គម ការពារព្រៃឈើ និងធនធានធម្មជាតិ។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា បន្ថែមថា “អាត្មាមិនចាប់អាម្មណ៍ផង ព្រោះរឿង ការចោទប្រកាន់ អារឿងលាបពណ៌ វាជារឿង ធម្មតារបស់បុថុជ្ជន ដែលមានការច្រណែន ប្រជាប្រិយភាពខ្លះអីខ្លះអ៊ីចឹងទៅ។ អ៊ីចឹងអាត្មា មើលទៅ វាមិនមែនជារឿងសំខាន់។ អាត្មា រឿង ដែលសំខាន់ រឿងដែលជួបគ្នាធ្វើកិច្ចការមួយ ដែលត្រឹមត្រូវ ហើយបានផលប្រយោជន៍ទៅ ជនរួមជាតិ ទៅប្រទេសខ្មែរ ប៉ុន្តែបើជួបគ្នា គ្រាន់តែដើម្បីបង្កើនប្រជាប្រិយភាពផ្ទាល់ខ្លួន យក ឥទ្ធិពលផ្ទាល់ខ្លួន អាត្មាមិនចាប់អារម្មណ៍ទេ។ អាត្មានៅមានការចាំបាច់ជាច្រើនដែលត្រូវធ្វើ ហើយឃ្លាំមើលអ្វីដែលអាត្មាអាចរួមចំណែក និងអាចធ្វើបាន គឺកិច្ចការការពារធនធានធម្មជាតិ ហើយអាត្មានឹងបន្តការងារនេះ ហើយបើ សិនមើលទៅឃើញការងារណាដែលសមស្រប នឹងឆន្ទៈ និងគោលបំណងដែលអាត្មាអាចរួមចំណែកបាន អាត្មារួមចំណែកធ្វើទៅ តែវាមិន ស្របនឹងឆន្ទៈ ហើយយើងមិនពេញចិត្ត ក៏អត់ អីទេ ព្រោះអាហ្នឹងឆន្ទៈផ្ទាល់ខ្លួនរបស់បុគ្គល។ ប៉ុន្តែបើអ្វីដែលរដ្ឋាភិបាលធ្វើត្រូវ ហើយវាបាន ប្រយោជន៍ ហើយមើលទៅឃើញថា គួររួមចំណែក អាហ្នឹងមិនស្តាយក្នុងការរួមចំណែកទេ ព្រោះអាហ្នឹងវាផលប្រយោជន៍”៕

ដោយ ៖ កុលបុត្រ 

RELATED ARTICLES