Sunday, November 17, 2024
Homeព័ត៌មានជាតិមេបក្ស​កាន់​អំ​ណាច រំលឹក​កិច្ច​ចរ​ចា សន្តិ​ភាព មេបក្ស​ប្រឆាំង សង្ឃឹម​មាន​ដំណោះ​ស្រាយ​នយោ​បាយ​

មេបក្ស​កាន់​អំ​ណាច រំលឹក​កិច្ច​ចរ​ចា សន្តិ​ភាព មេបក្ស​ប្រឆាំង សង្ឃឹម​មាន​ដំណោះ​ស្រាយ​នយោ​បាយ​

ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី២៥ នៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជា បក្សកាន់អំណាច បានរំលឹកអំពីកិច្ចចរចារវាង សម្តេច ជាមួយព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ដោយសម្តេចបានបញ្ជាក់ថា តាមរយៈជំនួបនេះហើយដែលជាការចាប់ផ្តើម នាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ដោយឡែកលោកកឹម សុខា ព្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាបក្ស ប្រឆាំង នៅថ្ងៃដដែលនោះ បានដឹកនាំមន្ត្រី និង សកម្មជនគណបក្សប្រារឰពិធីអបអរខួបលើកទី ២៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយ ទទួលស្គាល់ថា តាមរយៈកិច្ចព្រមព្រៀងនេះ នាំឱ្យកម្ពុជា មានសន្តិភាព និងការផ្សះផ្សា បង្រួបបង្រួមជាតិនិងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ តែមេបក្សប្រឆាំងរូបនេះថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនទាន់ត្រូវបានគោរពពេញ លេញនៅឡើយ ដូច្នេះលោកសូមអំពាវនាវដល់ អ្នកនយោបាយទាំងអស់បញ្ឈប់ការវាយប្រហារ ជាលក្ខណៈបុគ្គល បង្កឱ្យមានការឈឺចាប់ ហើយ លោកសង្ឃឹមថាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នឹងជំរុញឱ្យបក្សកាន់អំណាច វិល មកដោះស្រាយបញ្ហានយោបាយដែលនៅសេសសល់ជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ។

samdach1

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៦ បានសរសេរក្នុង ទំព័រេហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “ដើម្បី រំលឹកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១២៣ តុលា ២០១៦) សូមជូនរូបថតអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រមួយចំនួន អំពីកិច្ចចរចារវាងអតីតព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ និង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលនេះ ជា ការចាប់ផ្តើមនៃការនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

សូមជនរួមជាតិចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិយើងមានឱកាសអភិវឌ្ឍន៍ កាន់តែរីកចម្រើនជឿនលឿនទៅមុខទៀត និងសូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និង សំណាងល្អគ្រប់ៗគ្នា!”

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានរំលឹកអំពីអនុស្សាវរីយ៍ និងប្រវត្តិនៃការចរចា រវាងសម្តេចជាមួយ សម្តេចព្រះនរោត្តម សីហនុ រហូតសម្រេចបាន នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

samdach

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំលឹក ថា រូបសម្តេចផ្ទាល់ និងព្រះមហាវីរក្សត្រ សម្តេច ព្រះនរោត្តម សីហនុ គឺជាតួអង្គយ៉ាងសំខាន់ ក្នុង ការនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាការ បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ និងនាំមកនូវ សន្តិភាពជូនប្រទេសកម្ពុជា។

សម្តេចបានបញ្ជាក់ថា មុននឹងមានកិច្ច ព្រមព្រៀងនេះសម្តេចបានជួបចរចាជាមួយអតីត ព្រះមហាក្សត្រ សម្តេចឪ ចំនួន២លើករួចទៅ ហើយ គឺនៅឆ្នាំ១៩៨៧ ម្តង និងឆ្នាំ១៩៨៨ ម្តង។ ប៉ុន្តែទោះយ៉ាងណា កិច្ចព្រមព្រៀងនេះ បាន បញ្ចប់សង្គ្រាមផ្ទៃក្នុងក៏ដោយ តែពេលនោះ កម្ពុជា មិនទាន់មានឯកភាពជាតិទាំងស្រុងនៅ ឡើយទេ ដោយគ្រាន់តែប្តូរពីកម្ពុជាមួយ មាន តំបន់ត្រួតត្រា៤ មកជាកម្ពុជាមួយ មានតំបន់ ត្រួតត្រា២នោះ គឺត្រួតត្រាដោយខ្មែរក្រហម នៅភាគពាយ័ព្យនិងដោយគណបក្សប្រជាជន កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើង ទៀតថា បន្ទាប់ពីសម្តេចបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៦ ទើប ក្រុមទាំងពីរនេះ ធ្វើសមាហរណកម្មដែលនាំ ឱ្យមានការឯកភាពជាតិ និងមានសន្តិភាពពេញ លេញរហូតដល់សព្វថ្ងៃ។

ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស នេះដែរ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានដឹកនាំ មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រារឰ ពិធីអបអរខួបលើកទី២៥ នៅទីស្នាក់ការកណ្តាល គណបក្ស នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីការសុំធ្វើនៅទីលានប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញបដិសេធ។

samdach3

នៅថ្ងៃដដែលនោះ លោកកឹម សុខា បាន សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ខ្ញុំ សង្កេតឃើញថា ការប្រារឰខួបលើកទី២៥ឆ្នាំ នេះ ការចាប់អារម្មណ៍ការចូលរួមមតិ និង សកម្មភាពមានលក្ខណៈផុសផុលជាងសព្វមួយ ដង។ ហេតុអ្វីឆ្នាំនេះមានលក្ខណៈផុសផុល…?

ក្នុងឱកាសរំលឹកខួបទី២៥ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នោះ លោកកឹម សុខា បានថ្លែង សុន្ទរកថា ទៅកាន់មហាជនថា “ជាបឋមនេះ ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំ ផ្ទាល់ ខ្ញុំសូមយកឱកាសនៃការប្រារឰខួបទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១២៣ តុលា ២០១៦) គោរព ដល់វិញ្ញាណក្ខន្ធរបស់គ្រប់ភាគីខ្មែរទាំងឡាយ ដែលបានធ្វើពលិកម្ម បូជាជីវិត ដើម្បីបុព្វហេតុ ជាតិមាតុភូមិកម្ពុជា និងសូមសម្តែងនូវការគោរព កោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ មេដឹកនាំអ្នកនយោបាយខ្មែរគ្រាប់ភាគី ដែល បានសម្រេចចិត្តបញ្ចប់សង្គ្រាម ឈានមកអង្គុយ ចរចាគ្នា រហូតដល់បានសម្រេចកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលយើងមិនអាច បំភ្លេចបាន។

ក្នុងឱកាសដ៏មានសារសំខាន់នេះដែរ ក្នុង នាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីទាំងឡាយ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបាន ជួយឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះឡើង និងបានជួយអនុវត្តនូវស្មារតីនៃកិច្ចព្រមព្រៀងនេះ រួមទាំងជំនួយស្មារតី គំនិត បច្ចេកទេស ធនធានមនុស្ស សម្ភារៈ និងថវិកា។

samdach2

កាលពី២៥ឆ្នាំមុន គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស នៃប្រទេសបារាំង តំណាងប្រទេសដែលបានចូលរួមក្នុងសន្និសីទ ស្តីពីប្រទេសកម្ពុជា រួមមាន អូស្ត្រាលី ប៊្រុយណេ ដារូសាឡាម កាណាដា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋបារាំង សាធារណរដ្ឋ ឥណ្ឌា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋសិង្ហបុរី រាជាណាចក្រថៃឡងដ៍ សហភាពសាធារណរដ្ឋសង្គននិយមវៀតណាម រាជាណាចក្រអង់គ្លេស និងអ៊ីឡង់ខាងជើង សហរដ្ឋអាមេរិក សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គូហ្គោស្លាវី និង    កម្ពុជា (ភាគីខ្មែរទាំងបួន) ដែលក្នុងនោះ ប្រទេស បារាំង និងប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះ កម្ពុជា ដែលហៅកាត់ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១” នៅចំពោះ វត្តមាននៃលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។

សន្និសីទនោះ បានព្រមព្រៀងគ្នាលើឯកសារ សំខាន់ៗចំនួន៣ ដែលហៅរួមជាផ្លូវការថា “កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រួមមួយនៃជម្លោះកម្ពុជា”ដែលយើងនិយម ហៅសរុបថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ២៣ តុលា ១៩៩១”។

ឯកសារទាំងបី នៃកិច្ចព្រមព្រៀងនោះ គឺ ៖

() កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយ នយោបាយរួមមួយនៃជម្លោះកម្ពុជា

() កិច្ចព្រមព្រៀងទាក់ទិននឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិន អាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា និង

() សេចក្តីថ្លែងការណ៍ស្តីពីការស្តារ និងការកសាងប្រទេសកម្ពុជាឡើងវិញ។

ក្នុងឯកសារទី១ គឺជា “កិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះ កម្ពុជា” ដែលមានប្រាំបួនភាគ។

ក្នុងចំណោមប្រាំបួនភាគនោះ មានចំណុច មួយចំនួន ត្រូវបានចាប់ផ្តើមអនុវត្តភ្លាមៗ ជា បន្តបន្ទាប់ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ យើងក៏ត្រូវទទួលស្គាល់ថា ចំណុចមួយចំនួននៃស្មារតីកិច្ចព្រមព្រៀងនេះ បានអនុវត្តហើយ ក៏ប៉ុន្តែចំណុចមួយចំនួនទៀត  ដែលជាកិច្ចសន្យាក្នុងកិច្ចព្រមព្រៀងនេះ ពិត ជាមិនទាន់អនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយនៅឡើយ…”

លោកកឹម សុខា ថ្លែងបន្តថា “ខ្ញុំយល់ ឃើញថា ស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស គឺជាឯកសារប្រវត្តិសាស្ត្រ ដែលមាន សារសំខាន់បំផុត សម្រាប់សហគមន៍អន្តរជាតិ ប្រទេសកម្ពុជា និងជាពិសេស សម្រាប់អ្នក នយោបាយខ្មែរទាំងអស់ ត្រូវតែលើកយកមក ធ្វើការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ ឱ្យ បានហ្មត់ចត់ ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាទាំងឡាយនៅកម្ពុជា។ ចំពោះ បញ្ហាមួយចំនួនដែលបានធ្វើហើយ ប៉ុន្តែមិនបាន អនុវត្ត ក៏គួរតែត្រួតពិនិត្យឡើងវិញដែរ ដើម្បី បន្តអនុវត្តឱ្យបានពេញលេញ ជាពិសេសដូចជា ខ្លឹមសារនៃរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះ ទោះបីយើងបានបញ្ចូលនូវស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងនោះ ហើយក៏ដោយ។ យើងត្រូវទទួលស្គាល់ថា មាន ចំណុចជាច្រើនដែលយើងមិនទាន់បានអនុវត្ត ឬអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ។

ខ្ញុំនៅតែមានជំនឿថា បញ្ហាទាំងឡាយ ដែលនៅសេសសល់ក្នុងការអនុវត្តន៍ស្មារតីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្តី បញ្ហា ជម្លោះនយោបាយបច្ចុប្បន្ននេះក្តី ខ្មែរយើងនឹង អាចដោះស្រាយបាន។ ជាក់ស្តែងដូចជាអតីតកាលកន្លងទៅនោះ ខ្មែរយើងមានជម្លោះប្រដាប់អាវុធ ជាសង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិល ផងនោះ នៅតែយើងដោះស្រាយបានតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺដោយសារខ្មែរយើងមានឆន្ទៈចង់រកដំណោះស្រាយ នូវជម្លោះនោះ និងយល់ព្រមចូលតុចរចាជាមួយ គ្នា។ ផ្ទុយទៅវិញ បញ្ហាបច្ចុប្បន្ននេះ គ្រាន់តែ ជាជម្លោះនយោបាយ មិនមែនជម្លោះប្រដាប់ អាវុធផងនោះ ប្រាកដណាស់ខ្មែរយើងនឹងដោះស្រាយបាន ប៉ុន្តែលុះត្រាតែយើងទទួលស្គាល់ ថា យើងនៅមានបញ្ហាមែន យើងមានឆន្ទៈចង់ ដោះស្រាយបញ្ហាទាំងនោះមែន និងយើងយល់ព្រមចូលតុចរចាជាមួយគ្នាមែន។ ខ្ញុំសូមបញ្ជាក់ ថា បច្ចុប្បន្ននេះ ពិភពលោក ក៏ដូចជាប្រជាពលរដ្ឋខ្មែរ បានដឹងយ៉ាងច្បាស់ហើយថា កម្ពុជា កំពុងមានបញ្ហា ដូចជាបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាតុលាការជាដើម ដែលយើងមិនអាចលាក់បាំង និងមិនត្រូវប្រកែកឡើយ។

ដូច្នេះក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំនៅតែទទូចឱ្យគ្រប់ ភាគីពាក់ព័ន្ធ ជាពិសេស ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ ត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ នូវការអនុវត្តន៍ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យបានហ្មត់ចត់ និងបន្តអនុវត្តឱ្យបានពេញលេញ។

ខ្ញុំសូមលើកទឹកចិត្តដល់សហគមន៍អន្តរជាតិ ឱ្យបន្តការផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍ប្រទេស កម្ពុជា ដោយយកចិត្តទុកដាក់ជាមួយគ្នានេះ ដែរ លើបញ្ហាសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន ដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូចមានចែងក្នុងស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និងក្នុងស្មារតីនៃរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា។

ជាពិសេស ខ្ញុំសូមអំពាវនាវដល់អ្នកនយោបាយខ្មែរ ទាំងក្នុងរាជរដ្ឋាភិបាល និងខាងក្រៅ រាជរដ្ឋាភិបាល កាត់បន្ថយជាបន្ទាន់ និងឈាន ទៅបញ្ឈប់ការវាយប្រហារគ្នាជាលក្ខណៈបុគ្គល ការបង្កឱ្យមានការឈឺចាប់ ការគំរាមកំហែង ការគុំកួនសងសឹកគ្នា ដើម្បីស្វែងរកការជឿទុកចិត្តគ្នា ឆ្ពោះទៅរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ ដោយវិលមក ដោះស្រាយបញ្ហាជាមួយគ្នា តាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋខ្មែរ”។

ដោយឡែកនៅក្នុងឱកាសខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះដែរ ក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បាន ដាក់ញត្តិជូនដល់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីអំពីបញ្ហាកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងថា “ក្នុងឱកាសខួប លើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស យើងខ្ញុំទាំងអស់គ្នា ជាអ្នកតំណាងរាស្ត្រ សូមអនុញ្ញាត ជម្រាបជូនឯកឧត្តមលោកជំទាវ ជាតំណាងប្រទេសហត្ថលេខីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ទាំងអស់មេត្តាជ្រាបថា ប្រទេសកម្ពុជា ពុំបានអនុវត្តលើចំណុចធំៗមួយ ចំនួន ឱ្យបានត្រឹមត្រូវនៅឡើយទេ។ ជាពិសេស ស្ថានភាពនាពេលបច្ចុប្បន្ន ពាក់ព័ន្ធការគោរព សិទ្ធិមនុស្ស និងការអនុវត្តលិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កំពុងរងការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរ។

អនុលោមតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសកម្ពុជា ត្រូវមាន កាតព្វកិច្ចអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ ៖

ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ

ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និង ឯកភាពជាតិ ពុំទាន់ត្រូវបានអនុវត្តបានគ្រប់ជ្រុងជ្រោយ ដោយថ្នាក់ដឹកនាំសហជីព និងគណបក្ស សង្គ្រោះជាតិ នៅទទួលរងនូវអំពើហិង្សា ការ ចាប់ដាក់ពន្ធនាគារ និងការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរ ដែលពុំអាចបង្កឱ្យមានស្ថានភាពនៃការ បោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមិនមានការបង្កឱ្យមានការជជែកបញ្ហារវាង ខ្មែរនិងខ្មែរ តាមរយៈវប្បធម៌សន្ទនាបាន។

សន្តិភាព ស្ថិរភាព

ការំលោភសិទ្ធិមនុស្ស និងបំពានលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ កំពុងតែធ្ងន់ធ្ងរ ទៅៗ ដូចមានក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលជាកត្តាពុំអាចធានាបាននូវសន្តិភាព ស្ថិរភាព ក្នុងប្រទេសកម្ពុជា ដោយក្នុង នោះ មានការយកដីធ្លីពលរដ្ឋពីសំណាក់អ្នកមាន អំណាច ការចាប់ភ្នាក់ងារសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំងជាដើម។

ការពារអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ

យោងតាមស្មារតីកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ត្រូវបានធានានិងការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងនិរាករណ៍រាល់ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលផ្ទុយពីផលប្រយោជន៍ជាតិកម្ពុជា។ ផ្ទុយទៅវិញ ការធ្វើឱ្យសន្ធិសញ្ញាបំពេញបន្ថែម  ឆ្នាំ២០០៥ បានធ្វើឱ្យសន្ធិសញ្ញាខុសច្បាប់កម្ពុជាវៀតណាម ឆ្នាំ១៩៨២ ១៩៨៣ ១៩៨៥ ស្រប ច្បាប់ទៅវិញ។ ប្រទេសជិតខាងកម្ពុជា ពុំបាន គោរពនូវអធិតេយ្យភាព និងបូរណភាពទឹកដី កម្ពុជាឡើយ។ ថ្វីត្បិតតែមានការសម្រេចរបស់ តុលាការអន្តរជាតិទីក្រុងឡាអេក្តី ក៏បញ្ហានេះ ពុំទាន់បានដោះស្រាយបានពេញលេញដែរ ហើយ ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ក៏នៅមានបញ្ហាចម្រូងចម្រាសនៅឡើយ។

ការបោះឆ្នោះដោយសេរី និងយុត្តិធម៌

បច្ចុប្បន្ននេះ មេដឹកនាំគណបក្សប្រឆាំង ត្រូវបង្ខំចិត្តនិរទេសខ្លួន និងត្រូវតាមចាប់ខ្លួន ដោយរងការចោទប្រកាន់កាត់ទោសដោយ តុលាការដែលមានលក្ខណៈលម្អៀង ពុំមានភាព យុត្តិធម៌។ ថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ប្រឆាំងផ្សេងទៀត ទទួលរងការគំរាមកំហែង ដែលនេះជាសញ្ញាមួយបង្ហាញថា បរិយាកាស នយោបាយសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ពុំមានលក្ខណៈស្មើភាពគ្នា ដែលអាចធ្វើឱ្យការបោះឆ្នោតនោះពុំអាចប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។

គោរពសិទ្ធិមនុស្ស

កម្ពុជា ពុំបានគោរពសិទ្ធិមនុស្ស ទៅតាម ការសន្យារបស់ខ្លួនចំពោះមុខលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបណ្តារដ្ឋជា ហត្ថលេខីឡើយ។ ការរំលោភបំពាន បានធ្វើ ប្រឆាំងលើឆន្ទៈប្រជាពលរដ្ឋកម្ពុជា យ៉ាងធ្ងន់ធ្ងរ ព្រមទាំងគោលការណ៍ជាមូលដ្ឋាន ដែលត្រូវ បានធានាការពារដោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នូវសិទ្ធិសេរីភាពបុគ្គល និងសាធារណៈ។ សកម្មជនដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក គណបក្សប្រឆាំងគ្រប់ជាន់ថ្នាក់ ត្រូវបានឃុំខ្លួន ចាប់ខ្លួន និងផ្តន្ទាទោសទាំងបំពាន។

គោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ

ទោះបីជាគោលការណ៍ធំៗនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ក៏ការអនុវត្តន៍ជាក់ស្តែង ពុំមាន ឡើយ។ ការប្រើប្រព័ន្ធតុលាការ ដើម្បីដាក់ ទោសប្រធានគណបក្សប្រឆាំងដែលមានអាសនៈ នៅរដ្ឋសភា និងការណ៍ដែលឯកឧត្តមកឹម សុខា អ្នកតំណាងរាស្ត្រ និងជាអនុប្រធានគណបក្ស ប្រឆាំង កំពុងរងការចោទប្រកាន់ និងការកាត់ទោស។ ឯកឧត្តមហុង សុខហួរ សមាជិកព្រឹទ្ធសភា និងឯកឧត្តមអ៊ុំ សំអាន អ្នកតំណាងរាស្ត្រ និងសមាជិកមួយចំនួនទៀត ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ព្រមទាំងសំណុំរឿងរបស់តុលាការ ប្រឆាំងនឹងអ្នកតំណាងរាស្ត្រ គណបក្សប្រឆាំង ១១រូបផ្សេងទៀត ទោះបីជា ពួកគាត់មានអភ័យឯកសិទ្ធិសភាក៏ដោយ។ ការ សម្លាប់អ្នកនយោបាយ សកម្មជនដីធ្លី អ្នកការពារ បរិស្ថាន និងមេដឹកនាំសហជីព ព្រមទាំងការ សម្លាប់អ្នកវិភាគឯករាជ្យ លោកបណ្ឌិតកែម ឡី នាពេលថ្មីៗនេះ នៅពុំទាន់រកឃើញឃាតករ ជាការបង្ហាញយ៉ាងច្បាស់ពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ពុំទាន់ត្រូវបានអនុវត្ត។

ការអភិវឌ្ឍន៍ប្រកបដោយសមធម៌ តម្លាភាព និងចីរភាព

កម្ពុជា ទទួលជំនួយនិងកម្ចីពីបរទេសដ៏ ច្រើនសន្ធឹកសន្ធាប់ ដើម្បីអភិវឌ្ឍន៍ក៏ដោយ ក៏ ពុំបានចាត់ចែងឱ្យមានសមធម៌ តម្លាភាព និង ចីរភាពឡើយ មានការដេញប្រជាពលរដ្ឋ ចេញពីលំនៅឋានយ៉ាងឃោរឃៅបំផុត។

កម្ពុជា មានច្បាប់ច្រើន ដែលអាចអនុវត្ត ជាប្រទេសនីតិរដ្ឋបាន ប៉ុន្តែការអនុវត្តន៍ ដាក់ ទោសទណ្ឌពុំស្មើភាពគ្នា ហាក់ដូចជាមានស្តង់ដារ ពីរ គឺធ្វើឡើងចំពោះតែអ្នកទន់ខ្សោយ គណបក្សប្រឆាំង និងសង្គមស៊ីវិលិតែប៉ុណ្ណោះ។

ដើម្បីស្តារស្ថានការណ៍ដ៏អាក្រក់នេះ ឱ្យ មានភាពប្រក្រតីឡើងវិញ ក្នុងការធានាដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ ២០១៧២០១៨ ខាងមុខ យើងខ្ញុំសូមស្នើ បណ្តាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ មេត្តា ជំរុញរាជរដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ដាច់ខាតនូវខ្លឹមសារនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសនេះ។

យើងខ្ញុំយល់ឃើញថា បណ្តាប្រទេសជា ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងអង្គការសហប្រជាជាតិ មានកាតព្វកិច្ចក្នុង ការធានា និងទទួលខុសត្រូវលើការជំរុញរាជរដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តស្មារតីកិច្ចព្រមព្រៀង ឱ្យខាងតែបាន។

សូមឯកឱ្យឧត្តម លោកជំទាវ ទទួលនូវ ការគោរពរាប់អានអំពីយើងខ្ញុំ”។

ទោះជាមានការលើកឡើងរបស់មេបក្ស និងតំណាងរាស្ត្រ គណបក្សប្រឆាំង អំពីការ អនុវត្តមិនបានគ្រប់ជ្រុងជ្រោយនូវស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខាងលើក្តី ប៉ុន្តែកន្លងមកថ្មីៗនេះ គណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានចេញសេចក្តីថ្លែងការណ៍អះអាងថា ២៥ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសកម្ពុជា នាពេលបច្ចុប្បន្ន ខុសគ្នាដូចមេឃ និងដីបើប្រៀបនឹងអតីតកាល ប្រជាជនកម្ពុជា រស់នៅដោយសុខដុម មានការគោរពសិទ្ធិមនុស្ស មានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍគ្រប់ វិស័យ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថា “២៥ ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រជាជនកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា ពិតជា រីករាយនឹងអ្វីដែលយើងមាននាពេលបច្ចុប្បន្ន ដែលខុសគ្នាដូចមេឃនិងដី ប្រើប្រៀបធៀបទៅ នឹងអតីតកាលខ្មែរក្រហម។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមអបអរសាទរ ទិវាជាប្រវត្តិសាស្ត្រនេះ ដែលនាំមកនូវការបញ្ចប់ ជម្លោះផ្ទៃក្នុង ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកម្ពស់ សិទ្ធិមនុស្ស និងរបបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញ។

សមិទ្ធផលដែលមាននៅថ្ងៃនេះ គឺយើង មិនអាចបំភ្លេចគុណូបការៈ និងជំនួបជាប្រវត្តិសាស្ត្រលើកទី១ រវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ ថ្ងៃទី០២០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS  និងលើកទី២ នៅថ្ងៃទី ២០២១ ខែធ្នូ ឆ្នាំ១៩៨៨ នៅ SAINT-GER- MAIN-EN-LAYEនាប្រទេសបារាំង។ វីរបុរសទាំងពីរ បានរកឃើញការឯកភាពជាតិ មួយ មុននឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវ បានចុះហត្ថលេខារវាងភាគីជម្លោះទាំងបួន  និង ចូលរួមដោយប្រទេសហត្ថលេខីចំនួន១៩ប្រទេស។ បន្ទាប់ពីការបោះឆ្នោះនៅឆ្នាំ១៩៩៣ ប្រទេស ទាំងនេះ បានបញ្ចប់បេសកកម្មរបស់ខ្លួនទាំងស្រុង និងគ្មានភារកិច្ចនៅសេសសល់អ្វីទៀតទេ   ហើយកម្ពុជា បានក្លាយជារដ្ឋអធិបតេយ្យ និង ស្មើមុខស្មើមាត់ ដូចការគូសបញ្ជាក់របស់លោក ន្ញោ ឌាវិដ ឡវេតិតេ អតីតមន្ត្រីការទូតជាន់ ខ្ពស់នៃក្រសួងការបរទេសបារាំង ដែលបានចូល រួមតាំងពីដំបូងក្នុងដំណើរការចរចាស្វែងរក សន្តិភាពសម្រាប់កម្ពុជា។ ដូច្នេះគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន មិនអាចបន្តការ លើកឡើងដដែលៗពីតួនាទីរបស់ប្រទេសទាំង នោះ ដើម្បីបំភ្លៃការពិតតទៅទៀតទេ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺជាស្ថាបនិកតែមួយគត់ ដែលបាននិងកំពុង ធានាបន្តមរតកទាំងនេះ ដើម្បីកូនចៅជំនាន់ក្រោយ ជាពិសេស ការធានាសន្តិភាពដែលជាមូលដ្ឋាន គ្រឹះនៃសិទ្ធិមនុស្ស។

មាត្រា១៥ នៃកិច្ចព្រមព្រៀងនេះ បាន ចែងថា “មនុស្សគ្រប់រូបក្នុងប្រទេសកម្ពុជា និង ជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងនៅក្នុង ប្រទេសកម្ពុជាទាំងអស់ ត្រូវមានសិទ្ធិនិងសេរីភាពដូចមានចែងក្នុងសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិមនុស្ស និងក្នុងបណ្តាកិច្ចព្រមព្រៀង ទាំងឡាយ ដែលពាក់ព័ន្ធដល់សិទ្ធិមនុស្ស។

ខ្លឹមសារនេះ ត្រូវបានដាក់បញ្ចូលទៅក្នុង រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុង ជំពូក៣ ស្តីពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជា ពលរដ្ឋខ្មែរ (ចាប់ពីមាត្រា៣១ ដល់មាត្រា៥០) ដែលបានចែងនូវសិទ្ធិជាមូលដ្ឋានចំនួនប្រាំ គឺ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ដែលយើងកំពុងមាន សព្វថ្ងៃ។ ក្រៅពីនោះ ក៏បានចែងបន្ថែមនូវសិទ្ធិ របស់កុមារ សិទ្ធិស្ត្រី និងសិទ្ធិជនពិការ ដែល ជាសិទ្ធិពិសេស សម្រាប់ជនងាយរងគ្រោះ។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងថា “ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់និងគោរព សិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ សេចក្តីប្រកាសជាសាកល ស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញា ទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរ មាន ភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់”។

គ្មាននរណាម្នាក់អាចប្រកែកនឹងការពិត នេះបានទេ សិទ្ធិរបស់ពលរដ្ឋខ្មែរ ត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញ បើទោះបីខ្មែរក្រហម មិនបាន គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ យ៉ាង ណាក៏ដោយ។ នៅទីបំផុត នាឆ្នាំ១៩៩៨ តាម រយៈនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គការចាត់តាំងនយោបាយ និងយោធារបស់បនប៉ុលពត ត្រូវបានផ្តួលរំលំដល់ប្ញសគល់។ ជាងនេះទៀត សម្តេចតេជោ បានបញ្ចប់សង្គ្រាមជាមួយនឹង យុត្តិធម៌ ដោយបានសហការជាមួយអង្គការ សហប្រជាជាតិ ដើម្បីនាំយកមកកាត់ទោស អតីតមេដឹកនាំកំពូលៗខ្មែរក្រហម ដើម្បីបញ្ចប់ និទណ្ទភាព និងស្វែងរកការពិត និងយុត្តិធម៌ជូន ជនរងគ្រោះដែលត្រូវបានសម្លាប់អស់ជាង៣ លាននាក់។ ការបញ្ចប់សង្គ្រាមជាមួយនឹងយុត្តិធម៌នេះ ត្រូវបានកោតសរសើរ និងចាត់ទុកថា ជាគំរូក្នុងតំបន់ និងពិភពលោក ដោយឯកឧត្តម Rose De Venecia អតីតប្រធានសភាហ៊្វីលីពីន ៥អាណត្តិ។ ក្រៅពីសង្គ្រាមនេះ សម្តេចតេជោ បានប្រយុទ្ធនឹងសង្គ្រាមមួយទៀត គឺការកាត់បន្ថយភាពក្រីក្រ។ ជាលទ្ធផល អត្រានៃភាព ក្រីក្របានថយចុះពី ១០០ភាគរយ នៅឆ្នាំ១៩៧៩ មកត្រឹមជាង១០ភាគរយ នាពេលបច្ចុប្បន្ន តាមរយៈការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាប្រចាំ ចំនួន៧ភាគរយ។ ជាក់ស្តែងនៅខែកញ្ញា និង ខែតុលា ឆ្នាំ២០១៦នេះ ធនាគារពិភពលោក (World Bank) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័នរូបបិយវត្ថុអន្តរជាតិ (IMF) បាន ចេញរបាយការណ៍របស់ខ្លួន ដោយអះអាងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងក្នុង រង្វង់៧ភាគរយ នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ការកាត់បន្ថយភាពក្រីក្រនេះ បានរួមចំណែក ដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស ដូចការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខា និង ផ្តល់សច្ចាប័ន លើកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៩ និងពិធីសារបន្ថែមនៃកតិកាសញ្ញា និងអនុសញ្ញាមួយ ចំនួនទៀត។ កម្ពុជា បានឈានមុខគេក្នុងការ ទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និង ការគោរពសិទ្ធិមនុស្ស បើប្រៀបធៀបទៅនឹង បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក ហើយក៏មានការប្តេជ្ញាចិត្តខ្ពស់ ដោយបានបង្កើត សេនាធិការសិទ្ធិមនុស្សមួយ ដែលមានឈ្មោះ ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០០ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋហត្ថលេខី។ គណៈកម្មាធិការមួយនេះ មានតួនាទីនិងភារកិច្ច ការពារ លើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា តាមរយៈការ អង្កេតនិងដោះស្រាយពាក្យបណ្តឹង ប្រមូល ព័ត៌មានដែលទាក់ទងនឹងសិទ្ធិមនុស្ស ការងារ នីតិកម្ម អប់រំបណ្តុះបណ្តាល ផ្សព្វផ្សាយសិទ្ធិមនុស្ស ការរៀបចំរបាយការណ៍ជាតិស្តីពីសិទ្ធិមនុស្ស ជូនអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ លើវិស័យសិទ្ធិមនុស្ស។

សមិទ្ធផលធំធេងមួយទៀត គឺនៅឆ្នាំ ២០១២ ក្នុងអាណត្តិដែលកម្ពុជា ធ្វើជាប្រធាន អាស៊ាន កម្ពុជា ទទួលជោគជ័យក្នុងការដែល “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីសិទ្ធិមនុស្ស” ត្រូវបានប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចអនុម័តក្នុងពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញ។ នេះជាលើកទី មួយក្នុងប្រវត្តិសាស្ត្រអាស៊ាន ដែលប្រមុខរដ្ឋ/ ប្រមុខរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ រួមមួយស្តីពីសិទ្ធិមនុស្សអាស៊ាន។ សេចក្តីថ្លែងការណ៍នេះមានចែងអំពីសិទ្ធិទទួលបានសន្តិភាព គឺ “មនុស្សម្នាក់ៗ ក៏ដូចជាប្រជាជនអាស៊ាន មាន សិទ្ធិទទួលបានសន្តិភាពនៅក្នុងក្របខ័ណ្ឌអាស៊ាន លើផ្នែកសន្តិសុខ និងស្ថិរភាព អព្យាក្រឹតភាព និងសេរីភាព ដូចសិទ្ធិទាំងអស់ ដែលមានចែង នៅក្នុងសេចក្តីប្រកាសនេះ ត្រូវបានទទួលស្គាល់ ទាំងស្រុង។ ដូចនេះរដ្ឋជាសមាជិកអាស៊ាន បន្ត ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បី ពង្រីកបន្ថែមសន្តិភាព ភាពសុខដុមរមនា និង ស្ថិរភាពនៅក្នុងតំបន់។

ទាំងអស់នេះ គឺជាផ្លែផ្កានៃការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល ប្រជាជនកម្ពុជាគ្រប់រូបកំពុងទទួលផល គឺការ រស់នៅប្រកបដោយសុខដុម ស្ថិរភាព និងការ អភិវឌ្ឍលើគ្រប់វិស័យ និងគឺជាតម្លៃដែលកើត ចេញពីសន្តិភាព។ សន្តិភាព ផ្តល់ឱ្យយើងនូវការ គោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស គ្មានការអភិវឌ្ឍ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES