Tuesday, December 24, 2024
Homeតារាខ្មែររ៉ាប៊ី តេស្តរកកូវីដលើកទី១ អវិជ្ជមាន ស្រាប់តែចូលដេកពេទ្យ

រ៉ាប៊ី តេស្តរកកូវីដលើកទី១ អវិជ្ជមាន ស្រាប់តែចូលដេកពេទ្យ

ថ្មីៗនេះ ស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី បានចូលដេកពេទ្យស្អាតតែម្ដង ដោយថែមទាំងប្រកាសផ្អាកលេងហ្វេសប៊ុកទៀតផង ទើបធ្វើឲ្យមានការសង្ស័យពីអ្នកគាំទ្រថា តិចលោ រ៉ាប៊ី អាចប្រឈមឆ្លងកូវីដ-១៩ ដែរទៅ ព្រោះពេលនេះមានតារាល្បីៗបានកើតកូវីដ ជាបន្ដបន្ទាប់តែម្ដង។ ម្យ៉ាងទៀត រ៉ាប៊ី ជាអ្នកស្និទ្ធស្នាល និងរាប់អានគ្នាខ្លាំងជាមួយតារាចម្រៀងសុគន្ធ និសា ហើយពេលនេះ និសា កំពុងតែសម្រាកព្យាបាលកូវីដ ស្រាប់តែរ៉ាប៊ី ចូលដេកពេទ្យដែរ។

អ្វីដែលកាន់តែបារម្ភទៀតនោះ លោកហាក់ សុខហេង ដែលជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ថោន នោះ ក៏បានតេស្ដឃើញកូវីដ-១៩ ដែរ ហេតុនេះហើយធ្វើឲ្យរ៉ាប៊ី កាន់តែប្រឈមហានិភ័យដែលអាចឆ្លងកូវីតតែម្ដង។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្រីស្អាតរ៉ាប៊ី ថា នាងបានតេស្ដរកកូវីដ លើកទី១ ហើយគឺអវិជ្ជមាន ហើយពេលនេះមានសុខភាពល្អធម្មតា នឹងត្រៀមទៅធ្វើតេស្ដជាលើកទី២ ឬទី៣ ផងដែរ។

រ៉ាប៊ី ថា ថ្មីៗនេះ នាងបានចូលគេងនៅគ្លីនិកមួយ ២ទៅ៣ថ្ងៃមែន ព្រោះតែនាងមានជំងឺខ្វះជាតិស្ករ និងកាល់ស្យូម ធ្វើឲ្យស្ថានភាពសុខភាពចុះខ្សោយខ្លាំង ដោយសារតែមុននេះ នាងគេងមិនបានគ្រប់គ្រាន់ ព្រោះធ្វើការហត់ពេកទៅលើការថតស្ពតទាំងយប់ថ្ងៃ គឺតាំងពីមុនផ្ទុះកូវីដ-១៩ ខ្លាំងដូចពេលនេះម្ល៉េះ។

តារាថោន រូបនេះ បានអះអាងថា នាងមិនបានទៅផលិតកម្មថោន រយៈពេលជាង៣ខែទៅហើយ ខណៈដែលពេលនេះ ថោន មានតែលោកហាក់ សុខហេង ម្នាក់គត់ ដែលមានកូវីដ អីចឹងនាងមិនបានបារម្ភឆ្លងពីគាត់ទេ ព្រោះកន្លងមក នាងធ្វើការទាក់ទងជាមួយថ្នាក់ដឹកនាំថោន តែតាម Online ប៉ុណ្ណោះ មិនទៅផ្ទាល់ទេ។

រ៉ាប៊ី បានបញ្ជាក់ថា​ ដោយឡែកសុគន្ធ និសា វិញ គឺពិតជាមានការរាប់អានគ្នាខ្លាំងមែន តែនាងខានបានជួបគ្នាជាង១ឆ្នាំទៅហើយ អីចឹងនាងច្បាស់ខ្លួនឯងថា អត់មានបញ្ហាសុខភាព ឬភ័យខ្លាចមានកូវីដ-១៩ នោះទេ ដោយសារតែនាងមានការប្រុងប្រយ័ត្នជាយូរមកហើយ។

ស្រីស្រស់ដែលមានសាច់ភ្លៅស្អាតរូបនេះ បន្ថែមថា សម្រាប់បទចូលឆ្នាំខ្មែរ ឆ្នាំនេះ នាងទើបចេញបានតែ១បទប៉ុណ្ណោះ ដែលឆ្លងឆ្លើយជាមួយនាយពាក់មី គឺបទ ”បុរសឌឺដង នារីដៀមដាម” ស្របពេលដែលបទចម្រៀងមួយចំនួនទៀត ដែលបានត្រៀមរួចហើយ ត្រូវបានផ្អឹបទុកសិន។

អតីតពិធីការិនីហង្សមាស រូបនេះ វាចាថា បើពលរដ្ឋកំពុងតែបារម្ភរឿងកូវីដ-១៩ បែបនេះ ទោះជាមិនបានចេញបទចម្រៀង ក៏នាងមិនភ័យខ្លាចស្ងាត់ដែរ ព្រោះនាងយល់ថា ឆ្នាំនេះគ្មានតារាណាល្បីផ្ទុះប្រចាំឆ្នាំទេ ព្រោះគេកំពុងតែវិកវរដោយសារកូវីដ-១៩ បែបនេះ អីចឹងតារាទាំងអស់ស្ងាត់ដូចគ្នា៕

RELATED ARTICLES