Tuesday, December 24, 2024
Homeតារាខ្មែរវី ឌីណែត បានធូរស្រាល តែទឹកភ្នែកហូរអាណិតបងស្រីពោះធំ

វី ឌីណែត បានធូរស្រាល តែទឹកភ្នែកហូរអាណិតបងស្រីពោះធំ

វី ឌីណែត បានចេញ​ពីការព្យាបាលកូវីដ-១៩ នៅសណ្ឋាគារ The Great Duke កាលពីរសៀលថ្ងៃទី២៣​ ខែមីនា ឆ្នាំ២០២១ ដោយសារតែពេលនេះស្ថានភាពសុខភាពរបស់នាងបានល្អប្រសើរឡើងវិញ ក្រោយកើតកូវីដ ១០ថ្ងៃ តែពេលនេះនាងត្រូវទៅស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីតាមដានសុខភាពតទៅទៀត។

អ្វីដែលឌីណែត កាន់តែបារម្ភខ្លាំងនោះ គឺពេលនេះបងស្រីរបស់នាង ឈ្មោះវី ឌីណា ដែលកំពុងតែមានផ្ទៃពោះជាង៧ខែ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែមីនា ដែ ខណៈដែលប្អូនស្រីពៅរបស់នាង កំពុងតែព្យាបាលកូវីដ ហើយឪពុករបស់នាង លោកហួរ ឡាវី ស្ថិតក្នុងការធ្វើចត្ដាឡីស័កនៅផ្ទះ ក្រោយពីការធ្វើតេស្ដលើកទី១ ឃើញអវិជ្ជមាន។

បើទោះជាស្ថានភាពឌីណែត ចាប់ផ្ដើមវិលមករកភាពល្អប្រសើរឡើងវិញក្ដី ប៉ុន្ដែអារម្មណ៍ផ្លូវចិត្តរបស់នាងស្ថិតក្នុងដំណាក់កាលជួបវិបត្តិនៅតែធ្ងន់ធ្ងរ ពិសេស គឺការបាត់បង់ម្ដាយជាទីស្រលាញ់របស់នាង អ្នកស្រីងួន សុផាន់នី ដោយសារតែជំងឺកូវីដ បណ្ដាលឲ្យគាត់ទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែមីនា។ ចំណែកលោកហួរ ឡាវី ជាឪពុកឌីណែត នោះ បានអង្គុយស្មឹងស្មាតជារៀងរាល់រាត្រី អុជធូបហៅព្រលឹងភរិយារបស់លោកវិលមកផ្ទះវិញទៀតផង។

វី ឌីណែត ធ្លាប់បានឲ្យដឹងថា ជំងឺកូវីដ-១៩ នេះ វាធ្វើទុក្ខនាងឲ្យខ្ពើមបាយតែម្ដង ហេតុនេះហើយបើយើងបណ្ដោយតាម វានឹងធ្វើឲ្យធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ ទើបនាងបន្លប់ខ្លួនឯង ប្រឹងញាំបាយ ដោយច្រៀងផង រាំផង តែម្នាក់ឯង។

អ្វីដែលម្ចាស់ពាន “I Am Singer Cambodia”   រដូវកាលទី២ រូបនេះ តូចចិត្តបំផុតនោះ គឺនាងមិនបានចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យសពម្ដាយនាងឡើយ គឺធ្វើតែតាមវីដេអូឡាយ ប៉ុណ្ណោះ។

ចំណែកការវិលត្រឡប់ទៅផ្ទះវិញពេលណានោះ មិនទាន់ត្រូវបានឌីណែត បញ្ជាក់នោះទេ ព្រោះថាពេលនេះស្ថានភាពឪពុករបស់នាង លោកហួរ ឡាវី កំពុងរង់ចំាំធ្វើតេស្ដលើកទី២​ខណៈដែលប្អូនស្រីនាងនៅតែមិនទាន់ជាសះស្បើយនៅឡើយ តែអ្វីដែលឌីណែត កាន់តែខ្លោចចិត្តខ្លាំងនោះ គឺបងស្រីរបស់នាងកំពុងតែត្រៀមសម្រាលកូននោះ ត្រូវសម្រាកនៅបន្ទប់ព្យាបាលតែម្នាក់ឯង៕

RELATED ARTICLES