សុខ ស្រីនាង ស្ថិតក្នុងចំណោមតារាចម្រៀងដែលថតបទចម្រៀងមួយ មានអ្នកចម្រៀងដល់ទៅ៥នាក់ ហើយពេលនេះ តារា៤ដួង សុទ្ធតែបានឆ្លងកូវីដ និងសម្រាកព្យាបាលរៀងៗខ្លួន តែសម្រាប់ស្រីនាង ហាក់ដូចជាសំណាងជាងតារាផ្សេងៗទៀត ព្រោះពេលនេះ នាងបានតេស្ដអវិជ្ជមានដល់ទៅ២លើករួចមកហើយ។
ដោយឡែក តារាចម្រៀង៤ដួងទៀត ដែលថតបទចម្រៀងជាមួយជាមួយស្រីនាង មានដូចជា សុគន្ធ និសា, សួស វីសា, ណុប បាយ៉ារិទ្ធ និងថែល ថៃ សុទ្ធតែតេស្ដឃើញវិជ្ជមានកូវីដ-១៩ និងសម្រាកព្យាបាលរៀងៗខ្លួន ទើបធ្វើឲ្យក្រុមអ្នកគាំទ្រតារាចម្រៀងសុខ ស្រីនាង កាន់តែព្រួយបារម្ភពីស្ថានភាពសុខភាពនាង រហូតមានការលើកឡើងថា បើស្រីនាង មិនមានផ្ទុកកូវីដ-១៩ ដូចមិត្តរួមក្រុមទេ នាងពិតជាមានសំណាងណាស់។
ការលើកឡើងបែបនេះ ព្រោះតែគេដឹងថា ស្រីនាង មានភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយលោកបាយ៉ារិទ្ធ រហូតដល់គេសង្ស័យថា ពួកគេជាគូសង្សារនឹងគ្នាទៀតផង។ ប៉ុន្ដែលោកណុប បាយ៉ារិទ្ធ បានតេស្ដឃើញផ្ទុកកូវីដ-១៩ តាំងពីថ្ងៃទី៩ ខែមីនា ហើយពេលនេះនៅព្យាបាលនៅអតីតសណ្ឋាគារ “The Great Duke” បែរជាស្រីនាង មានយីអ៊ុនល្អ តេស្ដមិនឃើញមានកូវីដ-១៩ ទៅវិញ ទើបធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងហង្សមាស រូបនេះ អបអរសាទរជាមួយស្រីនាង ដែលឆ្លងផុតការធ្វើតេស្ដ២លើក អវិជ្ជមានទាំង២ដងតែម្ដង។
ទោះជាសុខ ស្រីនាង បានឆ្លងផុតតេស្ដអវិជ្ជមាន២ដំណាក់កាលក្ដី តែនាងនៅតែភ័យបុកពោះនៅឡើយ គឺមិនទាន់មានសុវត្ថិភាព១០០%នោះទេ ព្រោះថា មុននេះតារាចម្រៀងសួស វីសា បានតេស្ដអវិជ្ជមាន ២លើកដែរ តែនៅពេលធ្វើសំណាកលើកទី៣ ស្រាប់តែវីសា ឃើញមានផ្ទុកកូវីដ-១៩ ហើយនាង ហូរទឹកភ្នែកឡើងជោគថ្ពាល់។ ប៉ុន្តែស្រីនាង វិញ នាងបន្ដរក្សារភាពស្ងៀមស្ងាត់ មុនចេញលទ្ធផលលើកចុងក្រោយនេះ។
ដោយឡែក តារានៅហង្សមា សដែលតេស្ដអវិជ្ជមាន២លើក មានដូចជា ឱក សុគន្ធកញ្ញា , ពេជ្រ សោភា, ថន លក្ខិណា និងកែវ សុបញ្ញា ជាដើម ដែលម្នាក់ៗសុទ្ធតែបុកពោះដូចស្រីនាង ដែរ ព្រោះតែអន្ទះសាររង់ចាំលទ្ធផលលើកចុងក្រោយនេះ។
សុខ ស្រីនាង ឆក់បានតំណែងតួឯកខ្នាតធំរបស់ហង្សមាសរឿង”ខ្ញុំមានញ្ញាណលើស” ជំនួសតំណែងឱក សុគន្ធកញ្ញា ដែលពេលនោះ ប្អូនថ្លៃថៅកែហង្សមាស កំពុងពរពោះនិងត្រៀមសម្រាលកូន ទើបអាក់ខានថតសម្ដែងរឿងនោះ។
នេះជាតំណែងតួឯកលើកទី២ សម្រាប់ស្រីនាង បន្ទាប់ពីរឿង ”រាជិនីភូមិគ្រឹះ” ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ទំនាក់ទំនងរវាងនាង និងតួឯកប្រុស លោកណុប បាយ៉ារិទ្ធ កាន់តែស្អិតល្មួតគ្នាដូចគូសង្សារ ជាពិសេស មុនពេលដែលលោកបាយ៉ារិទ្ធ ចូលដេកពេទ្យ ពោលគឺនៅថ្ងៃទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ ឆ្នាំ២០២១ នោះ តារាចម្រៀងជើងចាស់ហង្សមាស រូបនេះ ថែមទាំងបានយកផ្កាកូលាប ១បាច់ ទៅឲ្យស្រីនាង លើដំបូលអគារខ្ពស់មួយទៀតផង។
មហាជនមួយចំនួនសង្ស័យថា ស្រីនាង-បាយ៉ារិទ្ធ បានទាក់ទងគ្នាក្រៅឆាក តែអ្នកខ្លះទៀតបែរជាថា មិនអាចទៅរួច ព្រោះតែអ្នកទាំង២ មានអារម្មណ៍ស្នេហ៍មិនដូចគ្នាទៅវិញ។
គួររំលឹកថា សុខ ស្រីនាង បានរៀបការជាមួយលោកស៊ី សុវត្ថិ កាលពីដើមខែមីនា ឆ្នាំ២០១០ និងបានចែកផ្លូវគ្នាដោយចម្រូងចម្រាស នៅឆ្នាំដដែល ដោយស្រីនាង គ្មានកូន១គ្រាប់ ជាប់ខ្លួនឡើយ។
មុនត្រូវគេសង្ស័យថាស្រីនាង បង្កាត់ភ្លើងស្នេហ៍ជាមួយលោកបាយ៉ារិទ្ធ នោះ ធ្លាប់មានព័ត៌មានថា អ្នកមេម៉ាយរូបស្អាតនេះ មានមន្រ្ដីធំៗជាច្រើនតាមស្នេហ៍។ ដោយឡែក អតីតស្វាមីស្រីនាង លោកស៊ី សុវត្ថិ ធ្លាប់ផ្តាំប្រុសៗណាចង់បានអតីតភរិយាលោកធ្វើជាប្រពន្ធ ដាច់ខាតត្រូវតែមានរបស់២យ៉ាងជាប់ខ្លួននោះ គឺទី១. អំណាច និងទី២. លុយ៕ ដោយ ៖ ហ៊ឹម វិចិត្រ