ស្រីស្អាត ប៉ាច គីមមួយ និងប្រុសរូបសង្ហា លោកសយ រតនៈ ដែលស្អិតល្មួតគ្នាដូចស្ករតាំងម៉ែ ហើយបង្ហាញស្នេហ៍ជាចំហ ព្រោះប្រកែកលែងរួចនោះ ស្រាប់តែថ្មីៗនេះ ពួកគេចាប់ផ្ដើមរយាលៗពីគ្នាបន្ដិចម្ដងៗទៅវិញ។
ភាពប្រែប្រួលរបស់ស្រីស្រស់គីមមួយ នៅពេលនេះ មិនមែនចំណងស្នេហាប្រែទៅជាក្រឡាប់ចាក់នោះទេ ប៉ុន្ដែមកពីនាងនិងគូស្នេហ៍រក្សាសុវត្ថិភាពពីកូវីដ ទើបពួកគេត្រូវបង្ខំចិត្តផ្អាកបណ្ដើរគ្នាដូចលលកញីឈ្មោលមួយរយៈសិន តែបេះដូងវិញ គូស្នេហ៍តារា១គូនេះ នៅតែចិត្ត១ថ្លើម១ដដែល ព្រោះតាមព័ត៌មានថា គីមមួយ-រតនៈ រស់នៅក្រោមដំបូលផ្ទះតែ១ទៀតផង បើទោះជាតារាចម្រៀងហង្សមាស រូបនេះ ធ្លាប់ប្រកែកក្ដី។
ប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយ ក្រោយចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងមិនសូវល្បីឈ្មោះម្នាក់ តែនាងមិនញញើតក្នុងការផ្សារភ្ជាប់ស្នេហ៍ថ្មី ជាមួយតារាសិល្បៈដូចគ្នានោះឡើយ។
ប្រភពបានឲ្យដឹងថា មានមន្រ្ដីធំនិងឧកញ៉ាៗជាច្រើនរូប បានសុំស្អំរបួសបេះដូងគីមមួយ តែលទ្ធផលបានត្រឹមខកចិត្ត ព្រោះតារាកូនកាត់ចិន រូបនេះ មិនត្រូវការលុយដុល្លារ ឬផ្ទះវីឡាធំ និងរថយន្ដទំនើប ដែលជាការឧបត្ថម្ភរបស់ប្រុសណាម្នាក់ ដែលនាងមិនស្រលាញ់ឡើយ។
គីមមួយ បានសារភាពថា នាងស្នេហាតែប្រុសក្មេង បើប្រុសចាប់ពីអាយុ៤០ឆ្នាំឡើង នាងគ្មានអារម្មណ៍ស្នេហ៍ឡើយ ហេតុនេះហើយនាងថា មិនបាច់ព្យាយាមចង់បានបេះដូងនាងទេ ព្រោះអត់ប្រយោជន៍ឡើយ។
ការវាចារបស់គីមមួយ នោះ ធ្វើឲ្យប្រុសៗចង់សុំនាងចិញ្ចឹមបានខ្ទាតចេញអស់ ព្រោះតែមិនអាចប្រជែងស្នេហ៍ជាមួយលោករតនៈ បានឡើយ។
អ្វីដែលគេចាប់អារម្មណ៍នោះ គឺគីមមួយ ដែលបដិសេធមិនទទួលការឧបត្ថម្ភផ្ទះវីឡា ពីសំណាក់មន្រ្ដីធំៗ ជាថ្នូរស្នហានោះ នាងសុខចិត្តទិញផ្ទះ១ល្វែង តម្លៃជិត១០ម៉ឺនដុល្លារ នៅផ្លូវចំការដូង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយចំណាយពេលបង់រំលស់ដល់ទៅ១០ឆ្នាំឯណោះ ទើបធ្វើឲ្យមន្រ្ដីធំៗស្រឡាំងកាំង។
ប៉ុន្ដែតាមព័ត៌មានថា គីមមួយ បានបង់រំលស់ផ្ទះនោះ ចូលគ្នាជាមួយលោករតនៈ មុនពេលពួកគេដឹកដៃគ្នារៀបការ តែគីមមួយ វាចាថា នាងបង់រំលស់ផ្ទះនោះតែម្នាក់ឯង៕