ទឹម រដ្ឋា ត្រូវបានសង្សារសំណព្វចិត្តរបស់នាង លោក Jovany Antonio ដែលជាបុរសអាមេរិក កាត់អេស្ប៉ាញ បានធ្វើឲ្យនាងស្រក់ទឹកភ្នែកកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ព្រោះតែលោកបានលុតជង្គង់បំពាក់ចិញ្ចៀនឲ្យរដ្ឋា សុំរៀបការត្រង់ៗតែម្ដង។

រដ្ឋា បានចាត់ទុកទង្វើរបស់សង្សារថា មិនគួរឲ្យជឿ តែពេលនេះវាបានក្លាយទៅជាការពិត ហើយនោះជាមោទនភាពមួយ ដែលពេលនេះនាងមានមនុស្សជាទីស្រលាញ់សុំរៀបការបែបនេះ។

តារាសម្ដែងខ្ពស់ស្រឡះរូបនេះ ក៏បានថ្លែងអំណរគុណដល់ឪពុករបស់នាង លោកទឹម វណ្ណា ផងដែរ ដែលអនុញ្ញាតឲ្យបុរសម្នាក់ចូលក្នុងបេះដូងនាង។ ប៉ុន្តែរដ្ឋា បានសម្ដែងការខកចិត្ត និងសុំទោសចំពោះម្ដាយរបស់នាង អ្នកស្រីផាន រ៉ានី ដែលបានលាចាកចោលនាង មិនអាចមើលឃើញថ្ងៃពិសេសរបស់នាងនៅពេលខាងមុខ។

ថ្វីត្បិតតែទឹម រដ្ឋា បានយល់ព្រមទទួលសំណើរសង្សារសុំរៀបការមែន តែនាងមិនទាន់ឆ្លើយតបដោយកំណត់ថា ថ្ងៃណានឹងរៀបការជាក់លាក់ឡើយ ខណៈដែលពេលនេះ កូវីដ-១៩ កំពុងតែផ្ទុះខ្លាំងនេះ រដ្ឋា អាចនឹងពន្យារពេលការធ្វើកូនក្រមុំមែនទែនជាមិនខាន ប៉ុន្ដែប្រហែលជាមិនឲ្យលើសពីឆ្នាំ២០២២ ឡើយ ព្រោះថា ពេលនេះតារារួមអាជីពជាច្រើនបានជំរុញឲ្យនាងគួរតែរៀបការ នៅពេលដែលចប់កូវីដ-១៩ ភ្លាមៗតែម្ដង ព្រោះថា ពេលនេះនាងក៏មានវ័យច្រើនដែរហើយ។

ទឹម រដ្ឋា បានភ្ជាប់ស្នេហ៍ជាមួយលោក Jovany Antonio ជិត៥ឆ្នាំមកហើយ ពោលគឺក្រោយពីនាងបានចែកផ្លូវគ្នាជាមួយប្រុសប៉ាគីស្ថាន លោក Zaky មកម្ល៉េះ ដែលចំណងស្នេហ៍ថ្មីនេះ រដ្ឋា ថាក្រុមគ្រួសារខាងអនាគតស្វាមីរបស់នាង ក៏ពេញចិត្តនាងខ្លាំងដែរ។

តារាសម្ដែងរូបនេះក៏ធ្លាប់ប្រាប់ថា មូលហេតុនដែលនាងភ្ជាប់ស្នេហ៍ជាមួយបុរសបរទេស មើលរំលងប្រុសខ្មែរ នោះ ដោយសារតែជានិស្ស័យ ហើយរយៈពេលដែលនាងនិងគូស្នេហ៍ បានចាប់ដៃគ្នាជិត៥ឆ្នាំនេះ ពុំដែលមានមានភាពរកាំរកូសណាមួយធ្ងន់ធ្ងរឡើយ។
មុនត្រូវបានបានប្រុសស្នេហ៍លត់ជង្គង់សុំរៀបការនេះ រដ្ឋា ទើបតែប្រាប់អ្នកកាសែតថា ទោះជានាងនិងគូស្នេហ៍រួមរស់ក្រោមដំបូលផ្ទះតែមួយមែន ប៉ុន្ដែតាមចិត្តនាង គឺចង់បានកូនក្រោយរៀបការ មិនចង់យកកូនមុនរៀបការនោះទេ។ ប៉ុន្តែនាងថា នោះជាការយល់ឃើញរបស់នាងតែម្នាក់ មិនចង់និយាយឲ្យប៉ះពាល់ដល់តារាណាមានកូនមុនរៀបការឡើយ។

ក្រៅពីទឹម រដ្ឋា តារាដែលយកស្វាមីជាជនជាតិបរទេស មានដូចជា អ្នកនាងកែវ ស្រីនាង, ហ៊ាប រ៉ាឌី, ទូច ស្រីនាង, ផូ មុន្នីពៅ, ខៀវ សានសាណា និងអឿន ដាលីស ជាដើម។

ចំពោះទឹម រដ្ឋា ធ្លាប់លេចឮថា នាងមានមន្រ្ដីធំៗតាមស្នេហាច្រើន ហើយបើនាងភ្ជាប់ស្នេហ៍ជាមួយប្រុសក្នុងស្រុកនោះ ប្រាកដជាបានតំណែងជំទាវជាមិនខាន។ ប៉ុន្ដែរដ្ឋា បែរជាសម្រេចចិត្តជ្រើសគូស្នេហ៍ ”ជួញឆ្ងាយ ប្រសើរជាងជួញជិត” ទៅវិញ ហើយគេជឿថា មង្គលការរបស់នាងដែលប្រារពនាពេលខាងមុខនេះ ប្រាកដជាធ្វើធំដុំមិនចាញ់តារាល្បីៗដទៃទៀតឡើយ៕ ដោយ ៖ ហ៊ឹម វិចិត្រ