ថ្វីត្បិតតែឱក សុគន្ធកញ្ញា បានតេស្ដកូវីដ-១៩ ឆ្លងផុតដំណាក់កាលអវិជ្ជមានទាំង២ដង ហើយរំលងទៅរយៈពេលជាង២០ថ្ងៃ ហើយក្រោយតារារួមទ្រនំនៅហង្សមាស ផ្ទុះកើតកូវីដ-១៩ ក៏ដោយ ប៉ុន្ដែមុនបានលទ្ធផលលើកទី៣នេះ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ នៅតែសម្ដែងការព្រួយបារម្ភ ហើយទឹកមុខនាងស្រងូតស្រងាត់នៅឡើយ បើទោះជាលទ្ធភាពភាគច្រើននាងអាចឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ដូចការជូនពររបស់អ្នកគាំទ្រនាងក្ដី។
ភាពមិនសូវរីករាយរបស់សុគន្ធកញ្ញា ដោយសារតែតារាចម្រៀងនៅក្បែរៗខ្លួននាងខ្លះ ទើបបានជាសះស្បើយ ខណៈដែលខ្លះទៀតនៅតែបន្ដព្យាបាលកូវីដ-១៩ នៅឡើយ។
ដោយឡែក សុគន្ធកញ្ញា ថា សព្វថ្ងៃក្រៅពីចូលទៅរថយន្ដបញ្ឆេះ ហើយពន្លត់វិញនោះ គឺមានតែចូលផ្ទះអត់ហ៊ានចេញទៅក្រៅទេ ព្រោះដំណាក់កាលនេះ នាងស្ថិតនៅធ្វើចត្តាឡីស័កនៅឡើយ។
ទោះជាយ៉ាងណា ជាញឹកញាប់ សុគន្ធកញ្ញា តែងតែផ្ញើសារទៅអ្នកគាំទ្រនាងថា សុខភាពរបស់នាងល្អប្រសើរ គ្មានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងឡើយ។
ឱក សុគន្ធកញ្ញា បានដេកភ័យបុកពោះ បន្ទាប់ពីពិធីការិនីហង្សមាស ចាន់ កែវនិមល បានផ្ដោះផ្ដងឆ្លងឆ្លើយជាមួយនាងនៅឆាកតន្រ្ដីអូអ៊ិឈិ នៅល្ងាចថ្ងៃទី០៧ ខែមីនា នោះ ស្រាប់តែថ្ងៃទី៨ ខែមីនា មានព័ត៌មានថា កែវនិមល បានឆ្លងកូវីដ-១៩ ទៅហើយ។
ទោះជាយ៉ាងណា នេះអាចចាត់ទុកថា ជាសំណាងរបស់សុគន្ធកញ្ញា ដែលក្រោយតេស្ដ២លើក នាងអវិជ្ជមានទាំង២ដង ហើយនៅឆ្លងកាត់តែ១ដំណាក់កាលទៀតប៉ុណ្ណោះនោះ នឹងដឹងពីជោគវាសនារបស់នាងហើយថា តើអាចឆ្លងផុតទាំង៣ លើកដែរឬអត់?
ដោយឡែក អ្នកគាំទ្រសុគន្ធកញ្ញា បានផ្ញើសារទៅជូនពរនិងបួងសួងសុំឲ្យនាងបានឆ្លងផុតនូវជំងឺនេះជារៀងរហូត ខណៈដែលសុគន្ធកញ្ញា បានលុបចោលការច្រៀងសម្ដែងនៅឆាកហង្សមាស តាំងពីក្រោយថ្ងៃទី០៩ ខែមីនា និងផ្អាកការចេញថតស្ពត និងការងារសិល្បៈមួយចំនួនទៀតទាំងស្រុងតែម្ដង។
មហាជនបានលើកឡើងថា សម្រាប់បទចម្រៀងឱក សុគន្ធកញ្ញា នៅថ្ងៃចូលឆ្នាំខ្មែរ ខាងមុខនេះ នាងនឹងគ្មានបទល្បីល្បាញដូចមុនទៀតឡើយ ព្រោះថា គម្រោងចេញថត MV ត្រូវបានពន្យារពេលដោយគ្មានថ្ងៃកំណត់ ខណៈដែលនៅហង្សមាស ឆ្នាំនេះ គឺមានតែលោកខេមរៈ សិរីមន្ត ម្នាក់ប៉ុណ្ណោះ ដែលមានបទផ្ទុះនៅរដូវកូវីដ-១៩ នេះ។
ចំណែកសុគន្ធកញ្ញា ពេលនេះ ប្រាកដជាមិនទាន់មានអារម្មណ៍ចង់ចេញច្រៀងសម្ដែងលើឆាកតន្រ្ដីហង្សមាស ដែលគ្រប់គ្រងដោយស្វាមីរបស់នាងឡើយ ដរាបណា លទ្ធផលសំណាកលើកទី៣ មិនទាន់ចេញមក៕ ដោយ ៖ ហ៊ឹម វិចិត្រ