ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអូន ព័ន្ឋមុនីរ័ត្នបានថ្លែងថា សេដ្ឋកិច្ចកម្ពុជានឹង សម្រេចបានកំនើនសេដ្ឋកិច្ច៧ភាគរយនៅឆ្នាំនេះ និងរំពឹងសម្រេចបានកំនើន៧ភាគរយបន្តទៀត ក្នុងរយៈពេលមធ្យមខាងមុខ។
លោកបានថ្លែងបែបនេះក្នុងឱកាស អនុញ្ញាត្តឲ្យលោកស្រីSetsuko Yamazakiនាយកស្ថានតំណាងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (The United NationsDevelopmentProgramme-UNDP)ជួបជំរាបលានៅព្រឹកថ្ងៃទី២៥ តុលានេះថាស្ថានភាពនៃការរីកចម្រើនសេដ្ឋកិច្ចដែលសម្រចបានកំណើនប្រមាណ៧%ក្នុងឆ្នាំ២០១៥ និងរំពឹងថា នៅឆ្នាំ២០១៦នេះកំណើនសេដ្ឋកិច្ចដែលអាចនឹងនៅតែសម្រេចបានប្រមាណ៧,១ភាគរយផងដែរ ហើយជាចក្ខុវិស័យអនាគតកម្ពុជានៅតែរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យមបន្តទៀត។
ទាក់ទងនឹងការងារ និងសកម្មភាពរបស់ទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់UNDP នៅកម្ពុជាឯកឧត្តមទេសរដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្នបានថ្លែងថា កន្លងមកនេះUNDPបាននិងចូលរួមសកម្មភាព ដល់ការបំរើផលប្រយោជន៍របស់កម្ពុជា ដូចជាការធ្វើឱ្យមានភាពធនទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថានដែលធ្វើឲ្យប្រសើរឡើងគោលនយោបាយផ្សារភ្ជាប់ការវិនិយោគផ្តោតលើភាពក្រីក្រនៅក្នុងសង្គម និងសេវាទីផ្សារក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវបរិស្ថាន និងសម្របសម្រួលការបម្រែបម្រួលអាកាសធាតុ។
លោកទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នបានបន្តឲ្យដឹងថា ជាមួយការធ្វើឱ្យប្រសើឡើងនូវខ្សែសង្វាក់តម្លៃ ដោយផ្សារភ្ជាប់កំលាំងពលកម្មជំនាញ និងបង្កើនតម្លៃឧស្សាហកម្មជាក្រុម ការរៀបចំឲ្យមានហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីគាំទ្រការអភិវឌ្ឍគោលនយោបាយឧស្សាហកម្មកម្ពុជាសម្រាប់ ឆ្នាំ២០១៥-២០២៥ និង ការពង្រឹងគណនេយ្យភាពដោយផ្តល់សេវាសាធារណៈទៅកាន់អ្នកក្រីក្រ ស្រ្តី ប្រជាពលរដ្ឋដែលអសមត្ថភាពដោយប្រើប្រាស់យន្តការចូលរួមជាការបញ្ចេញមតិយោបល់។
លោកស្រី Setsuko Yamazakiបានវាយតម្លៃខ្ពស់ ដល់ការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងភាពជាម្ចាស់ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿននិងប្រកបដោយផ្លែផ្កា។ជាមួយនេះដែរលោកស្រីក៏បានបញ្ជាក់ពីជំហររបស់UNDPថា UNDP នឹងបន្តចូលរួមចំណែកដល់ការបន្តជម្រុញកិច្ចអភិវឌ្ឍន៍នៅកម្ពុជា៕
គង់ លាងហួរ