Monday, December 23, 2024
Homeបរិយាយសិទ្ធិ​បញ្ចោញ​មតិ និង​បរិហារ​កេរ្តិ៍

សិទ្ធិ​បញ្ចោញ​មតិ និង​បរិហារ​កេរ្តិ៍

សុភាសិតបារាំង ដ៏វែងមួយ ដែលបកប្រែជាខ្មែរថា “កាលណាគេនិយាយអាក្រក់ពីអ្នក ហើយបើត្រូវចំលើការពិត អ្នក ត្រូវកែកំហុសនោះចេញ ប៉ុន្តែ បើខុសវិញ អ្នកត្រូវសើច” (Si l’on dit du mal de toi et qu’il soit véritable corrige-toi si ce sont des mensonges ris-en) មានអត្ថន័យផ្តោតជាសំខាន់ទៅលើ “សិទ្ធិបញ្ចោញមតិ និងបរិហារកេរ្តិ៍”។ សព្វ- ថ្ងៃ រដ្ឋធម្មនុញ្ញ បានបើកសិទ្ធិសេរីភាព នៃការបញ្ចោញមតិលើរឿងនយោបាយ និងសង្គម ប៉ុន្តែ ក៏មានច្បាប់បរិហារកេរ្តិ៍ សម្រាប់ ទប់ផងដែរ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បច្ចុប្បន្ន “សិទ្ធិនៃការបញ្ចោញមតិ” តាមសារព័ត៌មាន ឬបណ្តាញផ្សព្វផ្សាយនានា ក្នុងការរិះគន់ស្ថាបនាកែលម្អសកម្ម- ភាពនយោបាយ និងសង្គម ត្រូវបានលើកស្ទយ្ទួ រហូតដល់អន្តរជាតិទទួលស្គាល់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា ឈាន មុខគេនៅអាស៊ាន។ រដ្ឋធម្មនុញ្ញ មាត្រា៤១ បានសរសេរថា “ប្រជាពលរដ្ឋខ្មែរមានសិទ្ធិខាងការបញ្ចោញមតិរបស់ខ្លួន សេរីភាព ខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយ រំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខ ជាតិ បានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់”។

ដូច្នេះ បើយកមាត្រា៤១ នេះមកបកស្រាយ យើងឃើញយន្តការ២ ដើរទន្ទឹមគ្នា គឺ “សិទ្ធិបញ្ចោញមតិ និងបរិហារកេរ្តិ៍” នេះឯង។ មាត្រានេះពិបាកអនុវត្តបន្តិច ពោលគឺ បើប្រជាពលរដ្ឋ ឬអ្នកកាសែត បានឃើញបាតុភាពអ្វីមួយ បង្កដោយបុគ្គល ពុករលួយ ហើយហ៊ានរិះគន់គេគ្មានភ័ស្តុតាង ច្បាស់ជាបុគ្គលពុករលួយនោះ ប្តឹងពីបទបរិហារកេរ្តិ៍ ប្រឈមនឹងទោសព្រហ្ម- ទណ្ឌមិនខានឡើយ។ ឧទាហរណ៍ អ្នកកាសែត ថតបានរថយន្តដឹកឈើតាមដងផ្លូវ រួចយកទៅសរសេរចុះផ្សាយថា រថយន្ត នោះជារបស់ឧកញ៉ានេះ ឧត្តមសេនីយ៍នោះ ទោះបីវាជាការពិត ក៏ច្បាស់ជាលោកឧកញ៉ា ឬឧត្តមសេនីយ៍នោះ ប្តឹងទៅតុលាការ វ័ណ្ឌកដល់អ្នកកាសែតមិនខាន។ សូម្បីតែអ្នកសិល្បៈខ្លះ អ្នកកាសែតហ៊ានសរសេរប៉ះពាល់ដល់ជីវិតឯកជនរបស់គេ ក៏ប្តឹង ភ្លាម ធ្វើឱ្យអ្នកកាសែតខាតពេលវេលា ជួនកាលគេលើកលែងទោសឱ្យ ប៉ុន្តែគេបង្ខំឱ្យអ្នកកាសែតនោះ សរសេរកែតម្រូវ សុំទោសគេថែមទៀត។

ដោយសារមើលឃើញនូវចំណុចខ្វះភាពយោគយល់គ្នានេះ ទើបមានសុភាសិតបារាំង ណែនាំថា “កាលណាគេនិយាយ អាក្រក់ពីអ្នក ហើយបើត្រូវចំលើការពិត អ្នកត្រូវកែកំហុសនោះចេញ ប៉ុន្តែ បើខុសវិញ អ្នកត្រូវសើច” មានន័យថា មិនត្រូវ ចងពៀរជាមួយអ្នករិះគន់កែលម្អនោះទេ ពោលគឺ បើមានការរិះគន់ពីរឿងបក្ខពួកនិយម ត្រូវព្យាយាមកែកំហុស ឈប់បក្ខពួក ខ្សែបណ្តាញតទៅទៀត ប៉ុន្តែ បើអ្នករិះគន់នោះថាខុសពីការពិត ត្រឹមតែសើចដោយហួសចិត្តបានហើយ ដោយសុំឱ្យអ្នករិះគន់ នោះសរសេរកែតម្រូវ មិនគួរប្រញាប់ច្រឡោតខឹង ស្អីបន្តិចអាងប្តឹងភ្លាមនោះទេ។

ការប្តឹងផ្តល់ ជួនកាលមកពីខ្លួនឯងជាប្រភេទ “គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ” ជួនកាលចង់យកចំណេញ ឬគាបស៊ីពីអ្នករិះគន់នោះ។ នៅក្នុងរឿង “បុរសកម្សត់នៅក្បែរផ្ទះសេដ្ឋី ស្រង់ក្លិនអាហារសេដ្ឋី” ដកស្រង់ចេញពី “ប្រជុំរឿង- ព្រេងខ្មែរ” បានតំណាលពីបុរសកម្សត់ម្នាក់ នៅក្បែរផ្ទះសេដ្ឋី បើខ្យល់បក់មកពីខាងលិច គាត់រុះរើខ្ទមទៅសង់ពីខាងកើត បើខ្យល់បក់មកពីកើត គាត់រើខ្ទមទៅសង់ពីខាងលិច… ខាងត្បូង… ខាងជើង។ សេដ្ឋីឃើញដូច្នោះ ក៏ប្រើខ្ញុំទៅសួរ ទើប បុរសនោះប្រាប់ថា ការដែលខ្លួនរុះរើខ្ទមទៅមកយ៉ាងនេះ ព្រោះតែខ្លួនក្រពេក មិនដែលស្គាល់ម្ហូបឆ្ងាញ់ ក៏ទៅនៅពីក្រោម ខ្យល់ ដើម្បីស្រង់ក្លិនអាហារសេដ្ឋី។ ឯសេដ្ឋីនោះជាមនុស្សលោភ អាងអំណាចទឹកប្រាក់ ក៏ទៅប្តឹងចៅក្រមជាបក្ខពួកខ្លួន ស្រាប់តែ ចៅក្រមកាត់ឱ្យបុរសកម្សត់នោះទៅជាខ្ញុំសេដ្ឋី។ បុរសកម្សត់កើតទុក្ខមិនសុខចិត្ត ក៏ប្តឹងឧទ្ធរណ៍ឡើងដល់ព្រះមហាក្សត្រ ទើប ព្រះអង្គកោះហៅដើមចោទ និងចុងចោទ មកសួរបញ្ជាក់ ក៏ដឹងថា សេដ្ឋីនោះលោភលន់ហួសប្រមាណ ឯចៅក្រមនោះអគតិ។ ព្រះមហាក្សត្រ ក៏ឱ្យយកប្រាក់មួយគំនរទៅចាក់ពីលើសំពត់កណ្តាលថ្ងៃ ហើយឱ្យសេដ្ឋីចូលយកជាថ្លៃតួបុរសកម្សត់។ លុះសេដ្ឋីស្រវាដៃកើបប្រាក់ ស្តេចក៏មានព្រះបន្ទូលថា “បើបុរសនេះបានឆីចំណីអាហារព្រះស្តែងមែនៗ ទើបគួរព្រះស្តែងយក   ប្រាក់លើសំពត់សនោះ ប៉ុន្តែ បុរសនោះស្រង់តែក្លិនទេ មានតែព្រះស្តែងយកតែស្រមោលប្រាក់នោះ ទើបសមនឹងតម្លៃក្លិន អាហារព្រះស្តែង” សេដ្ឋីនោះទាល់គំនិត ក៏ថ្វាយបង្គំលាព្រះមហាក្សត្រ វិលទៅលំនៅវិញ ដោយមិនអាចយកបុរសកម្សត់ ធ្វើជាខ្ញុំបម្រើបានឡើយ…។

ការលើកឧទាហរណ៍រឿងនេះ បង្ហាញថា ការប្តឹងផ្តល់ចង់ចំណេញ ជួនកាលបានត្រឹមខូចកិត្តិយសខ្លួនប៉ុណ្ណោះ បើសិនជា ប៉ះចៅក្រមស្អាតស្អំ យុត្តិធម៌ ដូចតួអង្គព្រះមហាក្សត្រក្នុងរឿងនេះ។ សព្វថ្ងៃយើងឃើញថា ដោយសារមាត្រា៤១ នៃរដ្ឋ- ធម្មនុញ្ញ សរសេរពីសេរីភាពនៃការបញ្ចោញមតិ តែប៉ះសិទ្ធិបុគ្គលមិនបានយ៉ាងនោះ ធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចអ្នកសារព័ត៌មាន ភាគច្រើនលែងហ៊ានរិះគន់បុគ្គលពុករលួយ ឬថា “សាច់មិនបានស៊ី យកឆ្អឹងព្យួរក”។ ករណីឈ្មួញកាប់បំផ្លាញព្រៃឈើ មន្ត្រី គយបើកផ្លូវឱ្យទំនិញគេចពន្ធចូលប្រទេស មន្ត្រីជលផលបើកឱ្យឈ្មួញចាប់ត្រីនៅរដូវហាមឃាត់ ករណីប៉ូលិសចាប់បានចោរ ឯព្រះរាជអាជ្ញាដោះលែង បើអ្នកកាសែតហ៊ានរិះគន់គេដោយគ្មានភ័ស្តុតាង ច្បាស់ជាបុគ្គលពុករលួយប្តឹងវ័ណ្ឌកមិនខាន។ នៅ ពេលប្រជាពលរដ្ឋ ក៏ដូចអ្នកសារព័ត៌មាន មិនហ៊ានរិះគន់បុគ្គលដោយចំៗឈ្មោះ ឬអង្គភាព អាចធ្វើឱ្យអំពើពុករលួយ បក្ខពួក គ្រួសារនិយម កាន់តែរាលដាលទ្វេឡើង។ រាល់ពាក្យបណ្តឹង ដែលឡើងដល់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកប្តឹងភាគច្រើន មិនហ៊ានដាក់ឈ្មោះរបស់ខ្លួនទេ ព្រោះតែ “ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា” នេះឯង។

កាលពីពេលថ្មីៗនេះ លោកស្រីរ៉ូណា ស៊្មីត អ្នករាយការណ៍ពិសេស អ.ស.ប ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានផ្តល់ អនុសាសន៍ដល់ក្រសួងយុត្តិធម៌កម្ពុជា គួរតែពិចារណាលុបចោលនូវបទល្មើសព្រហ្មទណ្ឌ “បរិហារកេរ្តិ៍” ដែលជាបទល្មើស ត្រូវបានយកមកប្រើប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។ ទោះយ៉ាងណា លោកស្រីរ៉ូណា ស៊្មីត បានវាយ តម្លៃថា ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ នេះ ខុសគ្នាយ៉ាងខ្លាំងពីប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩១ (២៥ឆ្នាំមុន) ដោយមាន ការរីកចម្រើន និងអភិវឌ្ឍន៍គួរឱ្យសាទរណាស់ ទោះបីជាមិនទាន់បានល្អឥតខ្ចោះក៏ដោយ។

ដូច្នេះយើងឃើញថា “សិទ្ធិបញ្ចោញមតិ និងបរិហារកេរ្តិ៍” ដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ មាត្រា៤១ នេះ មានលក្ខណៈ ប្រតោងប្រទាញគ្នាខ្លាំងណាស់ មិនខុសពីមាត្រា៨០ ដែលនិយាយពីអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ដែលអាចបកស្រាយ បានពីរបីច្រកនោះទេ។ សម្រាប់អ្នកនយោបាយ បើខ្វះភាពអត់ធ្មត់នៅពេលមានការរិះគន់ អាចឱ្យមហាជនវាយតម្លៃបានថា ជា “អ្នកនយោបាយចិត្តភ្លើង ឬចិត្តស្រាល” មិនគួរប្តឹងភ្លាមៗនោះទេ។ មានតែ “អ្នកនយោបាយចិត្តព្រះ” គេថា គេរិះគន់ មិនប្តឹង បើខុសមែនចេះកែលម្អ បើមិនពិត ចេះបំភ្លឺបកស្រាយការពិត ទើបប្រជាពលរដ្ឋផ្តល់តម្លៃខ្ពស់។ ទោះជា រដ្ឋធម្មនុញ្ញ ចែងពីសិទ្ធិសេរីភាពនៃការបញ្ចោញមតិ និងទប់ស្កាត់ការបរិហារកេរ្តិ៍ ក៏អ្នកនយោបាយប្រកបដោយឧត្តមគតិជាតិ មនសិការជាតិ តែងចាត់ទុក “ការរិះគន់ស្ថាបនា ជាអាហារបណ្ឌិត” ឬ “ត្រូវបណ្ឌិតនិន្ទា ប្រសើរជាងពាលាលើកតម្កើង”។

សរុបទៅ “សិទ្ធិបញ្ចោញមតិ និងបរិហារកេរ្តិ៍” គួរតែលើកយកមកពិភាក្សាឱ្យបានស៊ីជម្រៅ ធ្វើយ៉ាងណាកុំឱ្យមានភាព ប្រទង់ប្រទាញ។ ការគំរាមកំហែង ឬប្តឹងផ្តល់អ្នកបញ្ចោញមតិប៉ះពាល់ដល់បុគ្គលពុករលួយ ទោះជាគ្មានភ័ស្តុតាងគ្រប់គ្រាន់ ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អសង្គមដែរ។ ហេតុនេះគួរតែរាជរដ្ឋាភិបាល លើកទឹកចិត្តប្រជាពលរដ្ឋ អ្នកកាសែត ដែលក្លាហានហ៊ានបកអាក្រាតសកម្មភាពឈ្មួញទុច្ចរិត និងជនពុករលួយ តាមរយៈការពិចារណាលុបចោលនូវ បទល្មើសព្រហ្មទណ្ឌ “បរិហារកេរ្តិ៍” តាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅ កម្ពុជា ពោលគឺផ្តល់ “អំណាចទី៤” ពិតប្រាកដដល់សារព័ត៌មាន។ ប៉ុន្តែ បើគ្មានការលើកទឹកចិត្តទេ អ្នកកាសែតនឹងលែងហ៊ាន សរសេរនូវអ្វីដែលខ្លួនមើលឃើញ ដូចជាការរត់ពន្ធ ការនេសាទខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើជាដើម ហើយបើកាល- ណាអ្នកសារព័ត៌មានសំងំសុខ ឬខ្លាចការប្តឹងផ្តល់នោះ ច្បាស់ណាស់ថា ជនពុករលួយកាន់តែបានដៃ ប្រព្រឹត្តអំពើពុករលួយ លើសដើម៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES