កែវ ពេជ្រពិសី បានឲ្យដឹងថា ទោះជាពេលនេះ នាងមានគូដណ្ដឹងទៅហើយក្ដី ប៉ុន្ដែអាជីពសិល្បៈរបស់នាងមិនមែនដល់ទីបញ្ចប់ទៅហើយនោះទេ។ នាងថា លោកពៅ សម្បត្តិ ដែលជាគូដណ្ដឹងស្របច្បាប់នាងនោះ មិនហាមឃាត់នាងថតសម្ដែងសិល្បៈឡើយ ពោលគឺនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ។
ពិសី បន្ថែមថា អនាគតស្វាមីរបស់នាងជាអ្នកស្រលាញ់សិល្បៈម្នាក់ ហេតុនេះហើយគាត់យល់ច្បាស់ពីអាជីពអ្នកសិល្បៈ អីចឹងមិនចេះប្រចណ្ឌឬហួងហែងនាងក្នុងការលេងសិល្បៈទេ គឺតាមចិត្តនាង។
ទោះជាយ៉ាងណា ពេជ្រពិសី ថា នាងមិនទាន់កំណត់ពេលវេលានៃការចូលថតសម្ដែងភាពយន្ដឡើងវិញឡើយ ព្រោះថា មុនផ្ទុះកូវីដ-១៩ មានខាងផលិតកម្មមួយចំនួន បានទាក់ទងហៅថតដែរ តែមិនទាន់ត្រូវគ្នា ព្រោះអ្នកដឹកនាំចង់ឲ្យនាងលេងតួម្ដាយ តែអារម្មណ៍នាងមិនទាន់ទទូលយកបាន ទើបអាក់ខានការថតសម្ដែងតែម្ដង។
តារាសម្ដែងរូបនេះ បានបញ្ជាក់ថា ការថតសម្ដែងសិល្បៈ មិនមែនសំខាន់នៅលើលុយជាធំទេ ព្រោះអីនាងតស៊ូលេងសិល្បៈជាង១០ឆ្នាំ ដែលដំបូងថត ១ថ្ងៃ បានតម្លៃតែ១០ទៅ២០ដុល្លារក៏មានដែរ អីចឹងនាងយល់ច្បាស់ពីសិល្បៈ ហេតុនេះហើយការដែលអ្នកដឹកនាំឲ្យតម្លៃតួសម្ដែងតួណាមួយ ឲ្យស័ក្តិសមកិត្តិយសតួ ទើបជារឿងសំខាន់បំផុត។
ពេជ្រពិសី ទទួលស្គាល់ថា នាងមានកិត្តិយស និងគេស្គាល់ ហើយគាំទ្រដូចសព្វថ្ងៃនេះ គឺដោយសារតែសិល្បៈ ហេតុនេះហើយ ទោះជានាងក្លាយទៅជាអ្វីក៏ផ្ដើមចេញពីសិល្បៈ អីចឹងចិត្តនៅតែស្រលាញ់សិល្បៈជារៀងរហូត។
កែវ ពេជ្រពិសី បានទុកជីវិតឲ្យនៅជាស្រី្ដមេម៉ាយ រយៈជាង១០ឆ្នាំ ក្រោយពីនាងបានចែកផ្លូវជាមួយអតីតគូស្នេហ៍អាណិកជនខ្មែរ នៅអូស្រា្ដលី កាលពីចុងឆ្នាំ២០០៩។ ទើបតែនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ពេជ្រពិសី បានបើកបេះដូងទទួលយកគូស្នេហ៍ថ្មី តាមរយៈការភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ ដែលជាអាណិជនជនខ្មែរ នៅកាណាដា ក្រោយពីនាងនិងលោកសម្បត្តិ មានទំនាក់គ្នារយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ។
ពេជ្រពិសី បានសរសើរគូដណ្ដឹងថា ជាបុរសដែលតែងតែលើកទឹកចិត្តនាងគ្រប់ពេលវេលា និងស្មោះត្រង់ជាមួយនាង ក៏ដូចជាក្រុមគ្រួសារផងដែរ ទើបនាងសម្រេចចិត្តភ្ជាប់ស្នេហ៍មួយនេះ។
ទោះជាយ៉ាងណា ពិសី ថាមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ឡើយ តែចិត្តនាងចង់ចប់កូវីដ នាពេលខាងមុខនេះ នឹងអាចរៀបការតែម្ដង៕