Saturday, December 21, 2024
Homeតារាខ្មែរករុណា ពេជ្រ សង់វីឡាក្នុងក្ដីស្រម៉ៃ តម្លៃ៤០ម៉ឺនដុល្លារ ឲ្យឪពុករស់នៅ

ករុណា ពេជ្រ សង់វីឡាក្នុងក្ដីស្រម៉ៃ តម្លៃ៤០ម៉ឺនដុល្លារ ឲ្យឪពុករស់នៅ

តារាចម្រៀង លោកករុណា ពេជ្រ បានសាងសង់ផ្ទះវីឡាយ៉ាងប្រណីតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលផ្ទះនោះមានការរចនា និងតុបតែងស្អាតប្លែកខុសពីគេ ទើបធ្វើឲ្យទាំងអ្នកសិល្បៈ និងមហាជនចាប់អារម្មណ៍ជាខ្លាំង ទៅលើតារាថោន រូបនេះ កាន់តែខ្លាំងថា ស្ងាត់ៗ លោកពេជ្រ ដែលមិនចេះអួតអាងរឿងទ្រព្យដូចគេនោះ តែតាមពិតលោកសង់ផ្ទះម្ដង ធ្វើឲ្យអ្នកផ្សេងពិបាកធ្វើម៉ូដតាមតែម្ដង។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកករុណា ពេជ្រ មិនបានប្រាប់ពីការចំណាយលើការសង់ផ្ទះវីឡានោះថា អស់ប្រាក់ប៉ុន្មានឡើយ ដោយលោកសំអាងថា មិនអាចនិយាយបានទេ ព្រោះខ្លាចគេថា លោកអួតអាងនៅរដូវកូវីដ ដែលមិនទាន់ស្ងាត់នេះ។

ប៉ុន្តែលោកពេជ្រ បង្ហើបថា ការដែលម៉ូដផ្ទះវីឡារបស់លោកនោះ មើលទៅខុសពីគេ ព្រោះតែលោកជាអ្នកឌីហ្សាញធ្វើតាមគំនិតខ្លួនឯងដោយផ្ទាល់តែម្ដង ហើយសាងសង់រយៈពេល២ឆ្នាំមកហើយ ដែលលោកបានចុះទៅមើលជាងជាប់ជាប្រចាំតែម្ដង។

លោកករុណា ពេជ្រ បានបន្ថែមថា ពេលនេះផ្ទះរបស់លោកបានសង់រួច ខ្ទង់៩០%ហើយ ដែលតាមគម្រោងលោកត្រូវនាំឪពុកទៅរស់នៅផ្ទះថ្មីនោះ នៅដំណាច់ខែឧសភា នេះតែម្ដង។

យ៉ាងណា លោកពេជ្រ ថា លោកគ្មានផែនការក្នុងការធ្វើពិធីឡើងផ្ទះថ្មីនេះ ដោយហៅមិត្តភក្ដិអ្នកសិល្បៈចូលរួមដូចផ្ទះរបស់លោកមុនៗនោះទេ គឺគ្រាន់តែធ្វើពិធីសូត្រមន្ដជាលក្ខណៈគ្រួសារតិចតួចប៉ុណ្ណោះ មុនពេលចូលរស់នៅ។ ចំពោះមូលហេតុដែលលោកពេជ្រ មិនធ្វើពិធីជប់លៀងឡើងផ្ទះនោះ ដោយសារតែលោកគិតថា ពេលនេះ កូវីដនៅមិនទាន់ស្ងាត់ និងម្យ៉ាងទៀត ឪពុករបស់លោកជំងឺមិនទាន់ធូរស្រាលទេ គឺកាន់តែធ្ងន់ជាងមុនទៅទៀត ហេតុនេះហើយលោកមិនអាចធ្វើពិធីសប្បាយ ណាមួយអំឡុងពេលដែលពុកលោកកំពុងតែមានសុខភាពមិនល្អបែបនេះបានឡើយ។

បើទោះជាលោកករុណា ពេជ្រ មិនប្រាប់ពីទំហំទឹកប្រាក់ដែលចំណាយលើការសាងសង់ផ្ទះវីឡាយ៉ាងប្រណីតនោះក្ដី ប៉ុន្ដែតារារួមអាជីពដែលស្និទ្ធលោកពេជ្រ ហើយរស់នៅផ្ទះវីឡាដែរនោះ បានបង្ហើបឲ្យដឹងថា វីឡាដ៏ស្រស់ស្អាតរបស់អ្នកចម្រៀងថោន រូបនេះ ប្រាកដជាចំណាយថ្លៃសាងសង់មិនក្រោម៤០ម៉ឺនដុល្លារនោះទេ ហើយនោះមិនគិតពីតម្លៃដីនោះឡើយ។

លោកករុណាពេជ្រ នៅតែអះអាងថា មិនអាចប្រាប់ពីទឹកប្រាក់នៃការសង់ផ្ទះនោះបានទេ ប៉ុន្ដែលោកថា ដីនោះលោកពិតជាបានទិញជាច្រើនឆ្នាំមកហើយមែន។ ចំពោះមូលហេតុដែលលោកត្រូវធ្វើផ្ទះឲ្យរួចទាំងនៅរដូវកូវីដនេះ ដោយសារតែទី១. ចង់បំពេញក្ដីស្រម៉ៃខ្លួនឯង, ទី២. ចង់ឲ្យឪពុករបស់លោកបានឃើញ និងរស់នៅផ្ទះវីឡានោះ និងទី៣. ប្រសិនបើពុកលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬត្រូវចាកចេញពីលោកនៅថ្ងៃណាមួយនោះ ក៏ត្រូវធ្វើបុណ្យនៅផ្ទះវីឡានោះដែរ។

ជុំវិញការសាងសង់ផ្ទះវីឡាស្កឹមស្កៃរបស់លោកករុណា ពេជ្រ នៅពេលនេះ ធ្វើឲ្យគេសង្កេតឃើញថា តារាចម្រៀងថោន រូបនេះ ក្លាយជាអ្នកចម្រៀងប្រុសម្នាក់ដែលមានទ្រព្យច្រើនម្នាក់ ក្នុងចំណោមតារាល្បីៗជួរមុខនាពេលបច្ចុប្បន្ន។

អ្នកខ្លះសង្ស័យថា លោកពេជ្រ មានគូស្នេហ៍នៅក្រោយខ្នងជួយជ្រោមជ្រែងទៀតផង ព្រោះថា សព្វថ្ងៃលោកមិនមែនមានតែផ្ទះវីឡាមួយនេះឡើយ គឺតាមព័ត៌មានថា លោកមានផ្ទះ៣ផ្សេងទៀត ខណៈដែលពេលនេះលោកក៏ជិះរថយន្ដទំនើប ម៉ាក Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារផងដែរ។

ប៉ុន្ដែលោកករុណា ពេជ្រ ប្រាប់ថា ចំពោះលុយដែលលោកបានមកពីការធ្វើផ្ទះវីឡានេះ គឺពីកាrលក់ផ្ទះវីឡាចាស់ និងផ្ទះតូចមួយទៀតរបស់លោក ដើម្បីយកមកបង្រ្គប់ការធ្វើផ្ទះថ្មីនេះ។ លោកថា ការមានលុយទិញផ្ទះនិងជិះរថយន្ដថ្លៃៗ ដោយសារតែលោកបានរកស៊ីទិញដីធ្លីនិងផ្ទះ ហើយលក់ចេញវិញ យកចំណេញនោះជាច្រើនឆ្នាំមកហើយ គ្មានអ្នកណាជួយលោកទេ។

តារាថោន រូបនេះ ក៏ធ្លាប់ប្រាប់ថា លោកបានចំណាយថវិការដល់ទៅជាង២០ម៉ឺនដុល្លារ ក្នុងការព្យាបាលឪពុករបស់លោកដែលមានជំងឺលើសឈាម និងដាច់សរសៃក្នុងខួរក្បាល រយៈពេល៣ឆ្នាំនិង៥ខែនេះ តែពេលនេះស្ថានភាពរបស់លោកនៅតែធ្ងន់ធ្ងរ រហូតគាត់បានផ្ដាំឲ្យលោកធ្វើម៉ុង (កន្លែងបញ្ចុះសព) ទុកឲ្យគាត់នៅឯស្រុកកំណើតរបស់គាត់ នៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ទៀតផង។

ឆ្លើយតបសំណួរថា តើក្រោយសង់ផ្ទះវីឡារួច ១០០% លោកករុណា ពេជ្រ នឹងគិតគូរឿងយកប្រពន្ធភ្លាមៗឬយ៉ាងណានោះ?

តារាថោន រូបនេះ បញ្ជាក់ថា លោកមិនអាចកំណត់រឿងថ្ងៃចូលរោងការបានថា ធ្វើពេលណាឡើយ ព្រោះថាពេលនេះជំងឺឪពុករបស់លោកកាន់តែវិវឌ្ឍន៍ទៅមុខ អីចឹងតើឲ្យលោកគិតរឿងរៀបការពេល ដែលគាត់ឈឺធ្ងន់បែបនេះ ម៉េចកើតទៅ?

លោកពេជ្រ បន្ថែមទៀតថា លោកជាកូនទោលក្នុងគ្រួសារ ហេតុនេះហើយ ត្រូវតែមើលថែរឪពុកយ៉ាងយកចិត្តទុក្ខដាក់បំផុត ទោះជាពេលនេះពុករបស់លោកប្រៀបបានមនុស្សរុក្ខជាតិទៅហើយក្ដី៕

                                                          ហ៊ឹម វិចិត្រ

RELATED ARTICLES