ភ្នំពេញ ៖ ភោជនីយដ្ឋានផាក កាហ្វេគ្រោងពង្រីកសាខារបស់ខ្លួនទៅកាន់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់អតិថិជន និងផ្អែកលើសក្តានុពលរបស់ខេត្តនេះ។
លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុនCentury21 Cambodiaដែលជាភាគហ៊ុនិកមួយរូបនៃភោជនីយដ្ឋានផាក កាហ្វេបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា លោកមានគម្រោងបើកភោជនីយដ្ឋានផាក កាហ្វេនៅខេត្តកំពង់ចាមនៅពេលខាងមុខនេះ ដោយសារលោកមើលឃើញខេត្តនេះមានសក្តានុពល ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។លោកបន្តថា ខេត្តកំពង់ចាម ជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ចផងដែរ បន្ទាប់ពីខេត្តសៀមរាប និងខេត្តព្រះសីហនុ។
លោកបន្តថា ខេត្តនេះមានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេ ដោយធ្វើដំណើរជាង១ម៉ោងប៉ុណ្ណោះ។ កំពង់ចាម ក៏ជាខេត្តមិនទាន់មានការកែច្នៃនៅឡើយ ហេតុនេះ ខេត្តនេះអាចរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសបាន ដោយសារវាមានចម្ងាយជិត បើធ្វើដំណើរពីរាជធានីភ្នំពេញ។
ខេត្តកំពង់ចាម ក៏មានសក្តានុពលផងដែរ ដែលពេលថ្មីៗនេះបុរីពិភពថ្មីបានពង្រីកទីតាំងទៅកាន់ខេត្តនេះ ដោយរៀបចំជាតំបន់ពាណិជ្ជកម្មជាលើកតំបូងនៅក្នុងខេត្ត។
លោកសៀវ សុផលភ្នាក់ងារលក់ផ្តាច់មុខនៃបុរីពិភពថ្មីបានថ្លែងថា ដោយសារខេត្តមានសក្តានុពល ជីវភាពល្អប្រសើរទើបលោកឧកញ៉ាហុង ពីវបានសម្រេចចិត្តវិនិយោគនៅខេត្តនេះ ដែលរហូតមកទល់ពេលនេះការលក់លំនៅដ្ឋានបែបអាជីវកម្មសម្រេចបានជាង២០ភាគរយហើយ។លោកបន្តថា លំនៅដ្ឋានបែបអាជីវកម្មនេះ ដាក់លក់ក្នុងតំលៃចាប់ពី៦៨០០០ដុល្លារ ដល់ជាង១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកបន្តថា លោកជឿជាក់ថាគំរោងនេះនឹងទទួលបានជោគជ័យ ដោយសារជីវភាពប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើរ ប៉ុន្តែគំរោងនៅក្នុងខេត្តលក់មិនដូចគំរោងនៅរាជធានីភ្នំពេញនោះទេ ដោយសារនៅរាជធានីភ្នំពេញ អតិថិជនកក់ប្រាក់ជាមុន តែនៅក្រុងកំពង់ចាម ទាមទារឲ្យសង់លំនៅដ្ឋានបណ្តើរលក់បណ្តើរ។
លោកគុយ វ៉ាតបានបន្តឲ្យដឹងថា លោកគ្រោងបើកភោជនីយដ្ឋានផាកកាហ្វេនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់បុរីពិភពថ្មី ដោយសារតែទីតាំងរបស់គំរោងនេះស្ថិតនៅតំបន់ពាណិជ្ជកម្មកណ្តាលក្រុង ដែលអាចឲ្យលោកមានឳកាសរកប្រាក់ចំណេញបាននៅពេលអនាគត។
ភោជនីយដ្ឋានផាកកាហ្វេ បាននិងកំពុងពង្រីកសាខាជាច្រើននៅរាជធានីភ្នំពេញ ដោយសារភោជនីយដ្ឋាននេះ បានទទួលការគាំទ្រពីអតិថិជនមានប្រាក់ចំណូលថ្នាក់កណ្តាលឡើងទៅ។
លោកលូ ម៉េងសហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍និងជាម្ចាស់ភោជនីយដ្ឋានជាច្រើននៅក្រុងភ្នំពេញ និងខេត្តសៀមរាបបានថ្លែងថា សេវាម្ហូបអាហារនៅកម្ពុជា កាន់តែមានភាពប្រសើរឡើងទាំងរសជាតិ គុណភាពនិងចំនួនមុខម្ហូប ដោយអតិថិជនអាចកុំម៉ង់ម្ហូបខុសៗគ្នា បានរយៈពេលមួយសប្តាហ៍សំរាប់ទទួលទាន ដោយមិនជាន់មុខម្ហូបគ្នានោះទេ។
លោកបន្តថា សេវាបដិសណ្ឋារកិច្ចនៅកម្ពុជាមានភាពល្អប្រសើរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសសេវាកម្មម្ហូបអាហារ តែលោកក៏ជំរុញឲ្យភោជនីយដ្ឋានតូចៗពង្រឹងគុណភាពនិងសុវត្ថិភាពម្ហូបអាហាររបស់ខ្លួនឲ្យបានកាន់តែប្រសើរ ព្រោះភោជនីយដ្ឋានតូចៗភាគច្រើនមិនទាន់បានយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាព អនាម័យម្ហូបអាហារបានល្អប្រសើរនៅឡើយទេ៕
ដោយ ៖ គង់ លាងហួរ