Saturday, December 21, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី មិនទាន់ចង់ចេញទៅរស់នៅកាណាដា​

កែវ ពេជ្រពិសី មិនទាន់ចង់ចេញទៅរស់នៅកាណាដា​

កែវ ពេជ្រពិសី បានក្លាយទៅជាគូដណ្ដឹងរបស់លោកពៅ សម្បត្តិ ដែលជាអាណិកជនខ្មែរ មកពីកាណាដា បន្ទាប់ពីអ្នកទាំង២ បានភ្ជាប់ពាក្យជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។

តាមគម្រោង ពេជ្រពិសី ត្រូវដឹកដៃម្ចាស់ចិត្តរៀបការ នៅពេលដែលស្ងប់ស្ងាត់កូវីដ-១៩ នៅពេលខាងមុខនេះហើយ ខណៈដែលតារាសម្ដែងរូបនេះថា នាងគ្មានមហិច្ឆតាធំលើសពីស្រ្ដីទូទៅនោះទេ គឺចង់បានគ្រួសារមួយ ដែលមានស្វាមីនិងកូន រស់នៅជុំគ្នាដូចគ្រួសារដទៃទៀតដែរ។

ទោះជាយ៉ាងណា នៅពេលសួរពេជ្រពិសី ថា ក្រោយរៀបការហើយ នាងនឹងចេញទៅរស់នៅតាមស្វាមីនៅកាណាដា ដូចអតីតតារាមួយចំនួនទៀតដែរ ឬចង់នៅស្រុកខ្មែរ ច្រើនជាងនោះ ពេជ្រពិសី ហាក់រារែកចិត្តចំពោះរឿងនេះនៅឡើយ។

ពេជ្រពិសី វាចាថា បើតាមចិត្តរបស់នាងពេលនេះ គឺចង់រស់នៅស្រុកខ្មែរ ច្រើនជាង ប៉ុន្ដែនាងក៏អាចសម្របខ្លួនតាមអនាគតស្វាមីផងដែរ នៅពេលដែលតម្រូវការណាមួយចាំបាច់នោះ ព្រោះការរស់នៅស្រុកគេ យូរៗទៅ នឹងក្លាយទៅជាទម្លាប់។

ពេជ្រពិសី ក៏បានឲ្យដឹងដែរថា តាំងពីភ្ជាប់ពាក្យជាមួយលោកសម្បត្តិ មក នាងមិនដែលធ្លាប់បានចេញទៅលេងនៅកាណាដា នោះទេ ព្រោះថា ពេលនេះមិនទាន់ស្ងាត់កូវីដ តែចិត្តនាងចង់ទៅលេងកាណាដា នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ប្រសិនបើកូវីដ ស្ងាត់ នឹងវិលមករកភាពដូចដើមឡើងវិញនោះ។

កែវ ពេជ្រពិសី និងគូដណ្ដឹងរបស់នាង សុទ្ធតែមានមុខរបរនៅស្រុកខ្មែរ ដូចគ្នា ហេតុនេះហើយ គេជឿថា បើសិនជានាងត្រូវទៅរស់នៅកាណាដា នៅពេលខាងមុខនោះ ប្រាកដជានាងនិងប្ដីនៅតែចេញចូលស្រុកខ្មែរ ញឹកញាប់ជាមិនខាន។

ពេជ្រពិសី បានបើកហាងសម្អាងការ ដែលដំណើរការជាង១០ឆ្នាំមកហើយ បើទោះជាពេលនេះ ផ្ទុះកូវីដ-១៩ ធ្វើឲ្យហាងនាងដំណើរមិនសូវល្អក្ដី តែនាងអះអាងថា នៅតែស្រលាញ់អាជីពក្រៅពីសិល្បៈមួយនេះដដែល។

ដោយឡែក គូដណ្ដឹងរបស់ពេជ្រពិសី លោកពៅ សម្បត្តិ វិញ មានក្រុមហ៊ុនមួយនៅស្រុកខ្មែរ ដែរ ខណៈដែលពេជ្រពិសី បានឲ្យដឹងថា តាំងពីស្គាល់លោកសម្បត្តិ មក នាងទទួលបានការលើកទឹកចិត្ត និងបានដឹងច្រើនពីការរកស៊ី តាមរយៈការណែនាំរបស់អនាគតស្វាមី។

ពេជ្រពិសី ក៏បានឲ្យដឹងថា ពេលនេះនាងបានជួបបុរសល្អម្នាក់ ដែលស្រលាញ់នាង និងក្រុមគ្រួសារនាង ដោយស្មោះ ដែលនេះជាអ្វីដែលនារីគ្រប់រូបចង់បាន។

ទោះជាយ៉ាងណា ពេជ្រពិសី ថា ការរៀបការនៅតែត្រូវពន្យារពេលដោយគ្មានការកំណត់ជាក់លាក់នោះទេ គឺដោយសារតែកូវីដ-១៩ នេះឯង។ ប៉ុន្ដែនាងចង់រៀបការជាលើកទី២ បន្ទាប់ពីខកចិត្តក្នុងការជ្រើសគូស្រករខកបំណងម្ដងរួចមកហើយនោះ។

ក្រៅពីកែវ ពេជ្រពិសី តារាដែលយកស្វាមីជាអាណិកជនខ្មែរ នៅកាណាដា មានដូចជា អ្នកនាងសៀម ស្រីណុច, រស់ ម៉ូលីកា, មាស សុខសោភា, ម៉ុក អានីត ជាដើម ខណៈដែលអ្នកនាងឡាយ លក្ខិណា ក៏មានព័ត៌មានថា កំពុងពិសោធន៍ស្នេហ៍ថ្មីលើដីកាណាដា ផងដែរ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES