ខេត្តក្រចេះ ៖ បុរសម្នាក់កំពុងអុំទូកតែម្នាក់ឯង ឆ្លងពីត្រើយម្ខាង សំដៅទៅត្រើយម្ខាងទៀត លុះទៅដល់ពាក់កណ្តាលទន្លេ ក៏ស្រាប់តែត្រូវផ្គររន្ទះបាញ់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចកណ្តាលទន្លេមេគង្គ ទល់មុខវត្តសំបុក ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី។

បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះទីវ ទៀង អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានអុំទូកតែម្នាក់ឯង បំណងឆ្លងពី ត្រើយម្ខាងទៅត្រើយម្ខាងទៀត ទាំងមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ។ លុះពេលអុំទូកទៅដល់ពាក់កណ្តាលទន្លេ ក៏ស្រាប់តែមានបាតុភូតធម្ម ជាតិ រន្ទះបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។/