Friday, September 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ប្រពន្ធប្រឹងថែរាងដូចតារាម៉ូឌែល

ខេមរៈ សិរីមន្ដ ប្រពន្ធប្រឹងថែរាងដូចតារាម៉ូឌែល

នៅរយៈពេលចុងក្រោយនេះលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានលើកមុខមាត់ភរិយារបស់លោកកាន់តែ ខ្លាំងតាមរយៈការឲ្យដឹកនាំសម្ដែងMVបទចម្រៀងល្បីៗរបស់លោកនៅហង្សមាសទើបធ្វើឲ្យអ្នកនាងផល្លី ត្រូវបានគេស្គាល់ដោយមានអ្នកខ្លះថែមទាំងសរសើរថាប្រពន្ធលោកប៊ុនថៃ ពូកែរកប្លង់ប្លែកៗថតMVទាំងនោះទៀតផង។ការដែលភរិយាលោកខេមរៈ សិរីមន្ដ អ្នកនាងគួយ ផល្លី ឈានជើងចូលទៅជួយស្វាមីឲ្យកាន់តែល្បី ថែមទៀតនេះក្រោយពីនាងបានធ្វើឲ្យសិរីមន្ដ រំភើបរីករាយចិត្តជាខ្លាំងកាលពីពាក់កណ្ដាលខែមករាឆ្នាំ២០២១ ព្រោះតែនាងបានទិញរថយន្ដទំនើបម៉ាកRolls Royce Ghost តម្លៃជាង៣០ម៉ឺនដុល្លារឲ្យស្វាមីជិះយ៉ាងកាលីព ផ្អើលអស់ស្រទាប់មហាជននិងអ្នកសិល្បៈ។ចាប់តាំងពីពេលនោះមកគេឃើញលោកប៊ុនថៃ តែងតែបណ្ដើរភរិយា ទៅចូលរួមកម្មវិធីផ្សេងៗញឹកញាប់ជាងមុនហើយពេលដែលតារាហង្សមាសរូបនេះដឹកដៃប្រពន្ធចុះពីលើរថយន្ដRolls Royce ដែលមានអង្គរក្សបើកទ្វារឲ្យនោះ រឹតតែធ្វើឲ្យគេចាប់អារម្មណ៍លើតារាចម្រៀងល្បីនិងភរិយារបស់លោកថែមទៀត។

មតិភាគច្រើនបានលើកឡើងថាទោះជាអ្នកនាងផល្លី មិនមែនជាតារាមែន ប៉ុន្ដែពេលដែលប្ដីនាង កាន់តែល្បីខ្លាំង នេះនាងក៍រឹតតែប្រឹងថែរាង ឲ្យមើលទៅ ឃើញស៊ិចស៊ីមិនចាញ់តារាម៉ូឌែលឡើយ បើទោះជាបច្ចុប្បន្ន អ្នកនាងមានកូន៣នាក់ទៅហើយក្ដី។ការលើកឡើងបែបនេះដោយសារតែគេឃើញអ្នកនាងផល្លី និយមស្លៀកពាក់ខោអាវសាច់ក្រណាត់រឹបរាងដែលធ្វើឲ្យនាងកាន់តែលេចចេញរូបរាងស៊ិចស៊ីថែមទៀត។ទោះជាយ៉ាងណាអ្នកខ្លះបានលើកឡើងថាការដែលអ្នកនាងគួយ ផល្លី លេងខ្លួននៅរយៈពេលចុងក្រោយនេះ ក្រោយមានដំណឹងថាស្វាមីរបស់នាងមាននារីជាច្រើនចង់តោងស្នេហ៍ ហេតុនេះហើយអ្នកនាងត្រូវតែធ្វើខ្លួនឲ្យ ស្អាតជានិច្ចដើម្បីចងចិត្តស្វាមីកុំឲ្យងាករេទៅចាប់អារម្មណ៍ស្រីផ្សេង។

ខេមរៈ សិរីមន្ដ បានចាប់ដៃអ្នកនាងគួយ ផល្លី រយៈពេល១៧ឆ្នាំ(២០០៤-២០២១)មកហើយដែលទទួលបានចំណងដៃកូន៣នាក់គឺកូនទី១ប្រុសឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជាង៧ឆ្នាំ,កូនទី២ឈ្មោះខេមរៈ ស្រ្ដី អាយុជាង៤ឆ្នាំ និងកូនទី៣ឈ្មោះថុន ខេមរៈមន្ដរាជនី អាយុជាង២ឆ្នាំ។គេនៅចាំបានថាអតីតតារាចម្រៀងល្បីរបស់សាន់ដេលោកប៊ុនថៃ បានលាក់រឿងមានប្រពន្ធកូនដល់ទៅជាង១០ឆ្នាំ ពោលគឺទើបតែនៅឆ្នាំ២០១៨ ទេដែលលោកបានសារភាពថា មានភរិយានិងកូន៣នាក់ ទៅហើយដែលធ្វើឲ្យក្រមុំៗទាំងឡាយធ្លាប់តែលង់ស្នេហ៍សិរីមន្ដ និងតាមចាប់អោបថើបតារារូបនេះដល់ ឆាកតន្រ្ដីនោះដាច់ផ្ញាគ្រប់គ្នា។

ដោយឡែកលោកសិរីមន្ដ វិញបានអះអាងថា លោកនិង ភរិយាបាន រៀបការរួចហើយកាលពីឆ្នាំ២០០៩ តែមហាជនភាគច្រើននៅតែមិនទាន់ជឿរជាក់លើការអះអាងរបស់លោកប៊ុនថៃ ឡើយព្រោះតែសិរីមន្ដ និងភរិយាមិនដែលហ៊ានបញ្ចេញរូបថតអាពាហ៍ពិពាហ៍ឲ្យគេឃើញម្ដងណាឡើយ។ប៉ុន្ដែគេចាប់អារម្មណ៍ថាតាំងពីលោកប៊ុនថៃ បង្ហាញភាពផ្អែមល្ហែមជាមួយភរិយាជាង៤ឆ្នាំនេះ មកគេឃើញតារាល្បីៗ ជាបន្ដបន្ទាប់ចាប់ផ្ដើមក្លាហានហ៊ានកៀកកើយប្រពន្ធកូនឲ្យឃើញជាសាធារណៈដែរក្នុងនោះមានដូចជាលោកខាន់ ជេមស៍ និងឆាយ ចាន់ឆោម ហៅឆាយ វីរៈយទ្ធ ជាដើម ខណៈដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ វិញមិនធ្លាប់មាន ប្រវត្ដិលាក់រឿងប្រពន្ធកូននោះឡើយ។

ទស្សនិកជងរងចាំមើថាតើលោកខេមរៈ សិរីមន្ដ អាចនឹងដឹកដៃភរិយាថតMVទុកជាអនុស្សាវរីយ៍ដូចលោកព្រាប សុវត្ថិ និងឆាយ វីរៈយុទ្ធ ដែរឬទេនាពេលខាងមុខនេះ បន្ទាប់ពីប្រពន្ធរបស់លោកត្រូវបានគេនិយាយថា ពូកែតុបតែងខ្លួនមិនចាញ់ តារាម៉ូឌែលពេលដែលអ្នកនាងផល្លី បណ្ដើរលោកប៊ុនថៃ ទៅចូលរួមតាមកម្មវិធីធំៗនោះ។យ៉ាងណាអ្នកដឹកនាំសម្ដែងMVម្នាក់នៅហង្សមាសបាននិយាយថាពេលនេះភរិយារបស់លោកប៊ុនថៃ ក្លាយទៅ ជាអ្នកដឹកនាំ សម្ដែងMVបទចម្រៀង របស់ប្ដីទៅហើយ ហេតុនេះការជ្រើសរើស តួសម្ដែងឬអ្នកនាងចង់ សម្ដែងលេងខ្លួនឯង នូវបទណាសាកសមជាមួយ នាងនោះប្រាកដជាហង្សមាសមិនប្រឆាំងឡើយ៕

                                                              

RELATED ARTICLES