ដោយ អាចារ្យថាំ
សុភាសិតខ្មែរថា “ទឹកហូរតាមប្រឡាយ ទន្សាយបោលតាមប្រឡោះ” មានខ្លឹមសារប្រៀបធៀបនឹងអ្នករកស៊ីដែលប៉ិន ប្រសប់ បើមុខជំនួញណាមួយខាត ឬចង់ក្ស័យធន គាត់ចេះក្រឡាស់ខ្លួន ចាប់មុខជំនួញណាមួយទៀតដែលត្រូវប៉ាន់។ សូម្បីតែ អ្នកនយោបាយ បើភាគីខ្លាំង ប៉ែងជើងដួងច្រងាង ត្រូវតែចេះស្ទុះស្ទារកផ្លូវ ឬយុទ្ធសាស្ត្រដើរទៅមុខទៀត មិននៅស្តូកដូច សាកសពនោះទេ ដែល “នគរធំ” ក្តាប់បាន ក៏លើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បើបរិយាយតាមអត្ថានុរូប ឬន័យត្រង់ “ទឹកហូរតាមប្រឡាយ” សំដៅដល់ទឹកជំនន់ដែលធ្លាក់មកពីតំបន់ខ្ពង់រាប វាហូរ គគុកគគាក់ធ្លាក់តាមប្រឡាយ ព្រែក អូរ ស្ទឹង តាមជាន់ថ្នាក់។ បើសិនជាគ្មានប្រឡាយបង្អូរទឹក ច្បាស់ជាទឹកជំនន់វាយ ប្រហារទីប្រជុំជន ស្រែចម្ការ រលួយស្រូវអស់មិនខានឡើយ។
ដោយឡែក “ទន្សាយបោលតាមប្រឡោះ” កាលណាមានទឹកជំនន់ កើតឡើងលិចវាលស្បូវ ឬគុម្ពោតព្រៃជាដំណេក ទន្សាយ អាសត្វនេះឆ្លាតណាស់ វារំពៃមើលឱ្យតែមានប្រឡោះ ស្រួលគេចខ្លួន ក៏លោតផ្លោត ឆ្លងផុតពីព្រៃលិចទឹក ទៅដល់ ទួលខ្ពស់មិនខានឡើយ។ ត្រចៀកទន្សាយ វៃណាស់ វាដឹងថា មានឆ្កែស្រុក ឬឆ្កែព្រៃចាំត្របាក់ ក៏លោតកាត់ប្រឡោះដោយ ប្រុងប្រយ័ត្ន ជាពិសេស វាស្គាល់អន្ទាក់ អង្គប់ មិនងាយចាប់វាបានឡើយ វៀរលែងតែអ្នកស្រុកកៀងឆ្កែប្រមាញ់បួនប្រាំក្បាល ទៅព័ទ្ធព្រៃលាក់ខ្លួនរបស់ទន្សាយ ទើបវាក្លាយជាម្ហូបមនុស្ស ចាប់បានយកទៅស្លម្ជូរស្លឹកថ្នឹង ឬស្លឹកទ្រមូង។
បើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប “ទឹកហូរតាមប្រឡាយ” អាចប្រៀបបានទៅនឹង “របត់នយោបាយ” ដែល ធ្លាក់គំហុកពីលើមក ដូចករណីសាលក្រមតុលាការកំពូល បុកយ៉ាងគំហុក ពន្លិចអតីតគណបក្សសង្គ្រោះជាតិ CNRP ឱ្យ លិចលង់។ បន្ទាប់មក ទឹកជំនន់ក៏ស្រកវិញ តាមរយៈ “វិសោធនកម្មច្បាប់” បើកផ្លូវឱ្យអតីតមន្ត្រី CNRP ១១៨រូប ដើរចូល ទ្វារនយោបាយ។ របត់នយោបាយ តែងបត់បែនរហូត មិននៅនឹងមួយកន្លែងនោះទេ ហើយឆាប់ៗខាងមុខនេះ អាចប្រែប្រួល ទៅតាមកាលៈទេសៈ។
រីឯ “ទន្សាយបោលតាមប្រឡោះ” ប្រៀបបានទៅនឹងអ្នកនយោបាយប្រឆាំង ដែលចេះលោតតាមប្រឡោះ ឬតាមទ្វារ នយោបាយនេះឯង បើកាលៈទេសៈអំណោយផល។ យើងឃើញ “ពួកទន្សាយ CNRP” ២០នាក់ប្លាយ បានលោតតាម ប្រឡោះជាបន្តបន្ទាប់ ក្នុងនោះ មានលោកអ៊ូ ច័ន្ទរ័ត្ន, លោកគង់ គាំ, លោករៀល ខេមរិន្ទ្រ, លោកជីវ កត្តា, លោកប៉ុល ហំម ជាដើម។
ទន្សាយប៉ុន្មានរូបនេះ សំងំក្នុងគុម្ពោតព្រៃលិចទឹកជាង ៣ឆ្នាំ ទ្រាំអត់បាន ក៏លោតផ្លោតៗ រកបានគុម្ពោតថ្មី លើទួល ខ្ពស់ ក៏ស្រាប់តែទន្សាយខ្លះទៀត រិះគន់មិនសំចៃ។
លោកអ៊ុំ តារាវុទ្ធី អតីតមន្ត្រី CNRPរ ស្មោះត្រង់លោកកឹម សុខា បានផ្តាំលោកប៉ុល ហម ថា កុំធ្វើតាមលំនាំប៉ុល ពត ដូចការលើកឡើងរបស់លោកថា “សុំកុំឱ្យក្រុមប៉ុល ហំម ដើរតាមលំនាំ ប៉ុល ពត ដោយចាប់យកចិន ឬកូនជឹងរបស់ចិន ជាបង្អែក កម្ទេចខ្មែរទៀត។ ប៉ុលមុន ៣ឆ្នាំ ៨ខែ គេប្រើឱ្យសម្លាប់ជីវិតខ្មែរ ជាងពីរលាននាក់ ប៉ុលក្រោយ ដេកចាំ ៣ឆ្នាំ ៦ខែ ឱ្យគេសម្លាប់ឆន្ទៈបក្សសង្គ្រោះជាតិ ជាង ៣លាននាក់។ ការដែលប្រមាថឆន្ទៈរាស្ត្រ ជាសេចក្តីវិនាស”។
ទោះយ៉ាងណា បន្ទាប់ពីរិះគន់លោកប៉ុល ហំម ដែលទៅបង្កើតបក្សថ្មី ជាមួយលោកអ៊ូ ច័ន្ទរ័ត្ន រួចមក លោកអ៊ុំ តារាវុទ្ធី បែរជាចង់នាំលោកកឹម សុខា លោតដូចទន្សាយដែរ ដោយលោកបានលើកឡើង ថា “ដំណោះស្រាយនយោបាយកម្ពុជា ត្រូវតែមាន! សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធាន កឹម សុខា លោកទាំងពីរ ត្រូវតែជួបសន្ទនាគ្នាក្នុងពេលសមស្រប ណាមួយ ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយកម្ពុជា ដើម្បីសេដ្ឋកិច្ចកម្ពុជា ដើម្បីផ្សះផ្សាជាតិ…”។ នេះមានន័យថា អ្នក នយោបាយប្រឆាំងទាំងអស់ សុទ្ធតែចង់លោតតាមប្រឡោះ ដូចទន្សាយ ប៉ុន្តែដោយសារ ទន្សាយ អ៊ូ ច័ន្ទរ័ត្ន, ទន្សាយប៉ុល ហំម លោតបានមុន ទើបទន្សាយតារាវុទ្ធី បង្ហើបថា មេទន្សាយ កឹម សុខា ត្រូវតែលោតទៅ ចរចាជាមួយ CPP។
ផ្ទុយទៅវិញ អ្នកវិភាគ រស់ សារ៉ុម ដែលមិនសូវចូលចិត្តមេទន្សាយ កឹម សុខា បានលើកឡើងជាអាទិ៍ថា “គង់ គាំ ក្បត់ សម រង្ស៊ី, ប៉ុល ហំម ក្បត់កឹម សុខា ពេលវេលារួមគ្នារវាងលោកសម រង្ស៊ី និងលោកកឹម សុខា ចាប់ផ្តើមដំណើរការ ឡើង វិញហើយ” បានន័យថា មេប្រឆាំងទាំងពីររូបនេះ បើចង់ធ្វើទន្សាយ ទាល់តែលោតឱ្យព្រមៗគ្នា មិនមែនលោកកឹម សុខា លោតមុន ទុកលោកសម រង្ស៊ី ឱ្យនៅក្នុងគុម្ពោតឯកោបានឡើយ។
ចំណុចខ្សោយ នៅត្រង់ថា “ដំបងចាំវ៉ៃទន្សាយ” នៅក្នុងដៃសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា CPP បើសិនជាទន្សាយប៉ុល ហំម ទន្សាយគង់ គាំ ដំបងនោះអត់ហើរពីដៃនាយករដ្ឋមន្ត្រីទេ។ បើជាទន្សាយកឹម សុខា ក៏អត់ត្រូវដំបងដែរ ប៉ុន្តែវា “ពាំត្រណោត” នៅត្រង់ទន្សាយសម រង្ស៊ី ចូលអត់រួច បើហ៊ានចូល “អាចត្រូវដំបង” ជាក់ស្តែង គ្រាន់តែលោកសម រង្ស៊ី លើកផែនការចូលស្រុកភ្លាម ក៏មានការបញ្ជូនកងប្រដាប់អាវុធទៅ “ចាំចាប់ទន្សាយត្រោស” នោះ គ្រប់ប្រឡោះ។
បើទន្សាយកឹម សុខា លោតតាមទន្សាយប៉ុល ហំម ទៅរៀបចំ “សម្បុកទន្សាយ CNRP” ជាថ្មីនោះ ក៏យ៉ាប់ដែរ ព្រោះ អ្នកគាំទ្រ CNRP ចង់ឱ្យមេទន្សាយទាំងពីរនេះ ចងសម្ព័ន្ធមេត្រីមិនប្រែក្រឡាស់។ អ្វីៗវាពាំត្រណោតត្រង់ហ្នឹង អ៊ីចឹងតាម ការសន្និដានអ្នកនយោបាយរាយរង ឬទន្សាយល្អិតល្អោច អាចនឹងលោតតាមប្រឡោះ ទៅចោលមេហ្វូងអស់។
វិបត្តិសេដ្ឋកិច្ច ដោយសាររោគឆ្លងកូវីដ-១៩ បន្ថែមលើរបត់នយោបាយ ដូចទឺកហូរតាមប្រឡាយ ដោយមានទន្សាយ លោតម្តងមួយៗបែបនេះ តើបានចំណេញអ្វីខ្លះ? “នគរធំ” អាចឆ្លើយបានថា CPP បានចំណេញក្នុងការអូសទាញបុគ្គលមិន សូវសំខាន់ តែបុគ្គលសំខាន់ ទាក់ទាញមិនបាន “ដូចអត់ចំណេញ”។ គួរយល់ថា សម័យនេះ ប្រជាពលរដ្ឋខ្មែរ បែងចែក និន្នាការនយោបាយធំៗ២ គឺ “ប្រឆាំង និងស្រប” បើពួកគាត់ “បះទៅខាងណា ខាងណោះហើយ” ទោះជាលោកប៉ុល ហំម លោកគង់ គាំ ប្រឹងឃោសនាអប់រំយ៉ាងណា ក៏ពិបាកក្នុងការហៅមនុស្សដែលធ្លាប់ចូលចិត្តលោកសម រង្ស៊ី និងលោកកឹម សុខា។
សរុបទៅ “ទឹកហូរតាមប្រឡាយ ទន្សាយបោលតាមប្រឡោះ” ជាការប្រៀបធៀបច្បាប់វិសោធនកម្ម បើកផ្លូវឱ្យ អតីតមន្ត្រីប្រឆាំង ដើរចូល។ ទ្វារនោះបើក ៣ឆ្នាំហើយ ទើបតែឃើញទន្សាយលោតចូល ២០នាក់ប្លាយ នៅសល់ជិត ១០០ នាក់ទៀត អត់លោត ទំនងរង់ចាំមើលទន្សាយត្រោសទាំងពីរ។ ដូច្នេះបើខ្មែរនិងខ្មែរ យកគ្នាជាគូសត្រូវ ដូច “ទន្សាយ និង ឆ្កែព្រៃ” បានត្រឹមរងទុក្ខវេទនាដល់ប្រជាពលរដ្ឋ ទាល់តែបើកផ្លូវឱ្យមេហ្វូងទន្សាយ ចូលរួមផ្សះផ្សា តែបើទទួលបានតែកូន ទន្សាយនោះ ទំនាស់នយោបាយ នៅតែបន្ត គ្មានពេលបញ្ចប់…”៕