សូដា នីតា បង្ហាញអារម្មណ៍សែនក្ដុកក្ដួលនិងរន្ធត់ចិត្តជាពន់ពេកនៅពេលដែលទទួលដំណឹងថាអ្នកនាងស៊ិន ឧត្តមផល្លា ទទួលមរណៈភាពដោយជំងឺដ៍កាចសាហាវគឺមហារីកូនកណ្ដុរហើយលាចាកលោកចោលកូនប្រុសស្រីកាលពីវេលាម៉ោង៧,៣០នាទីព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១។

សូដា នីតា ថ្លែងសារទាំងទឹកមុខក្រៀមក្រំនៅពេលដែលនាងនិងគូដណ្ដឹងឈ្មោះយុទ្ធ ឋានៈ ទៅចូលរួមបុណ្យព្វអ្នកនាងឧត្តមផល្លា នោះថា”មកដល់ឃើញរូបបងស្រីពិតជាទទួលយកមិនបាន បងអើយរូបស្រស់ញញឹម ២០ឆ្នាំដែលយើងស្គាល់គ្នា មានតែពាក្យ១ម៉ាត់គត់ គឺបងទៅឲ្យបានសុខស្ងប់ ទៅកាន់សុខគតិភព បើមានជាតិក្រោយសូមបង កុំកើតជំងឺសាហាវហ្នឹងទៀត ហើយសូមឲ្យបងមានអាយុវែង”។

នៅមុនពិធីបូជាសពអ្នកនាងស៊ិន ឧត្តមផល្លា នោះគេក៍ឃើញកូនប្រុសច្បងរបស់នាងឈ្មោះឧត្តមស័ក្ក វិមាន បានបួសជានាគសងគុណម្ដាយផងដែរ។

ដោយឡែកសូដា នីតា និងអនាគតស្វាមីលោកយុទ្ធ ឋានៈ វិញបានអុជធូកគោរពវិញ្ញាណក្ខ័ន្ដអ្នកនាងស៊ិន ឧត្តមផល្លា នៅពីមុខក្ដាមឈូសដែលតម្កល់មុនធ្វើពិធីបូជា ខណៈដែលតារារួមអាជីពជាច្រើនបានផ្ញើរសារំលែកទុក្ខដល់ក្រុមគ្រួសារអ្នកនាងឧត្តមផល្លា ជាបន្ដបន្ទាប់ចំពោះការបាត់បង់តារាចម្រៀងនិងសម្ដែងដ៍មានទេពកោសល្យម្នាក់នេះ។

លោកយ៉ែម សំអូន បានថ្លែងសារថា”ពេលបានឭដំណឹងថាបងស្រីទទួលមរណៈភាពភ្លាម ទឹកភ្នែកខ្ញុំហូរ ដោយមិនដឹងខ្លួន ពិតជាសោកស្ដាយ មិនចាំបាច់ទាល់តែបងប្អូន ទើបយំទេ ឲ្យតែមនុស្សល្អដូចបងស្រី។សូមវិញ្ញាណក្ខ័ន្ដបងស្រីបានទៅចាប់កំណើត ក្នុងសុខគតិភព”។

សូដា នីតា បានប្រាប់តាមឆាតហ្វេសបុកថាសពអ្នកនាងឧត្តមផល្លា រៀបចំធ្វើបុណ្យនៅផ្ទះម្ដាយរបស់គាត់នៅបុរីពិភពថ្មី សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។សូដា នីតា ដែលធ្លាប់ធ្វើការងារសិល្បៈជាច្រើនឆ្នាំជាមួយអ្នកនាងឧត្តមផល្លា នោះបានឲ្យដឹងដែរថាពិធីបុណ្យសពអ្នកនាងផល្លា មិនសូវមានតារារួមអាជីពចូលរួមច្រើនទេ ហើយភ្ញៀវដែលទៅក៍មិនជួបជុំគ្នាដែរគឺទៅឆ្លាស់គ្នា ដើម្បីការពារកូវីដ។

សពអ្នកនាងស៊ិន ឧត្តមផល្លា បានបូជាកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១ នៅវត្តជម្ពូវ័ន រាជធានីភ្នំពេញក្រោមសម្លេងស្រែកយំពីសាច់ញាត្តិលាន់កងរំពងជុំវិញឈាបនដ្ឋានក្រោយរូបកាយអ្នកនាងឧត្តមផល្លា ត្រូវរំលាយនៅសល់តែផ្សេងហុយទៅលើមេឃ។តាមសាច់ញាត្តិរបស់អ្នកនាងឧត្តមផល្លា បានឲ្យដឹងថាពិធីបុណ្យគម្រប់ខួប៧ថ្ងៃនឹងធ្វើនៅផ្ទះរបស់ម្ដាយនាងទៀត៕


