ដោយ អាចារ្យថាំ
ឆាកនយោបាយនៅកម្ពុជា ឱ្យតែជិតដល់ពេលបោះឆ្នោត ប្រជារាស្ត្រឡើងសង្កៀរត្រចៀក ដោយសារសម្រែក “សត្វ ក្រៀល និងកូនក្អាត់” យំឆ្លើយឆ្លងគ្នាពេញវាលស្រែ នារដូវភ្លៀង ដើមឆ្នាំ។ ក្រៀល ជាសត្វធំ ស្រែកឮណាស់ ឯកូនក្អាត់ ជា សត្វតូចល្អិត ក៏ស្រែកឮមិនធម្មតាដែរ តែអាចក្លាយទៅជា “វង់តមន្ត្រីធម្មជាតិ” ប្រគំកំដរអារម្មណ៍មុនពេលបោះឆ្នោត។ សព្វថ្ងៃ ប្រជារាស្ត្រដែលរក្សាគោលជំហរកណ្តាល ប្រៀបធៀបអ្នកវិភាគគាំទ្របក្សកាន់អំណាច (CPP ជា “ក្រៀល” រីឯ អ្នកវិភាគគាំទ្រខ្មោចបក្សប្រឆាំង CNRP ជា “ក្អាត់” ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“ក្រៀល” ជាសត្វបក្សី មាឌធំ សម្បុរប្រផេះ ចំពុះវែង កវែង ជើងវែង កម្ពស់ជាង ១ម៉ែត្រ មានសម្រែកឮខ្លាំង វាចូល ចិត្តចុះស៊ីមើមប្លុង ឬត្រី នៅតំបន់វាលទំនាប ជាប់បឹងបួ ឬក្បែរទំនាបដែលមានទឹកប្រៃ និងទឹកសាប ប្រសព្វមុខគ្នា។ រីឯ “ក្អាត់” ជាសត្វពួកកង្កែប ហ៊ីង មាឌល្អិតប៉ុនៗកូនដៃ វាញាស់កើតពេញស្រែ នៅពេលភ្លៀងធ្លាក់ដើមឆ្នាំ។ ក្អាត់មាឌល្អិតក៏ ពិតមែន តែវាស្រែកយំ លាន់សង្កៀរត្រចៀក ព្រោះវាស្រែកស្រុះៗគ្នា ដែលកសិករធ្លាប់ដឹងច្បាស់។
នៅក្នុងស្នាដៃ “គតិលោក” របស់អ្នកឧកញ៉ា សុត្តន្តប្រីជា ឥន្ទ បានសរសេរនៅក្នុងរឿង “តាហូឡាន និងកូនប្រសា ពីរនាក់” ដែលបានលើកឡើងពីរឿង “ក្រៀល និងក្អាត់”។ ថ្ងៃមួយ តានោះនាំកូនប្រសាទាំងពីរ ជិះទូកចែវទៅព្រៃ រកកាប់ ឈើ លុះចែវទៅដល់ទីវាលលិចទឹកមួយ ក៏ឮសំឡេងសត្វក្រៀលវាយំកងឡើង ឪក្មេកក៏សួរទៅកូនប្រសាជាបងថា ហេតុអ្វី បានជាសត្វក្រៀល វាយំឮខ្លាំងម៉្លេះ? កូនប្រសា ក៏ឆ្លើយថា “បាទឪ! មកពីសត្វក្រៀលកវែង បានជាសម្រែកវាខ្លាំងម៉្លេះ” ឯកូន ប្រសាប្អូនជាមនុស្សមានប្រាជ្ញា ទាស់ចិត្តនឹងឪក្មេក ដែលចេះតែចាក់បណ្តេយ្កាតាមកូនប្រសាបងជាមនុស្សល្ងង់ ក៏ឆ្លើយឡើង ថា “ចុះហ៊ីង កូនក្អាត់នោះ កវាវែងឯណា ម្តេចវាមានសំឡេងឮដែរ? ឪក្មេក និងកូនប្រសាបង ក៏ទាល់គំនិត នាំគ្នាស្ងៀមទៅ។
ដូច្នេះយើងអាចវែកញែកថា សម្រែកឮខ្លាំង មិនសម្គាល់ខ្លួនធំ កវែងអ្វីទេ សូម្បីតែខ្លួនតូចប៉ុនកូនដៃ កខ្លី ក៏ស្រែកឮដែរ។
យ៉ាងណាមិញ អ្នកវិភាគ ឬមន្ត្រី CPP ចាត់ទុកថា មានមាឌធំ កវែង ដូចក្រៀល។ ជួនកាលគាត់វិភាគឱ្យអ្នកកាសែត វិទ្យុ ទូរទស្សន៍ យកទៅផ្សាយ បានឮឆ្ងាយណាស់ ឯសំឡេងគាត់ឮក្រាងក្រអៅទៅដល់ក្រៅប្រទេស មានមុខព្រួញវាយប្រហារមេប្រឆាំង សម រង្ស៊ី កឹម សុខា និងអ្នករឹងទទឹងមិនព្រមរណបខ្លបខ្លាចបក្សកាន់អំណាច។
ចំណែកអ្នកវិភាគ ក៏ដូចអតីតមន្ត្រីបក្សប្រឆាំង (CNRP) ចាត់ទុកថា មានមាឌតូច កខ្លីដូចកូនក្អាត់ ប៉ុន្តែដោយសារកូន ក្អាត់ វាស្រែកឮស្រុះគ្នាពេញវាលស្រែ ជាហេតុនាំឱ្យសំឡេងក្អាត់ ឮរំពងភូមិ កំដរពេលយប់យន់សន្ធិយារាត្រី។
អ្នកវិភាគមាននិន្នាការប្រឆាំងនោះ គ្មានសម្បុកសម្បត្តិ ផ្ទះធំទ្រនំខ្ពស់អ្វីទេ តែយើងគួរឃ្លាំមើលដែរ ដូចលោកកឹម សុខ, លោកស៊ន ដារ៉ា ជាដើម បើគាត់វិភាគនយោបាយម្តងៗ លាន់ឮពេញសកលលោក។ ពួកគាត់កខ្លី មាឌល្អិតដូចក្អាត់ តែ សំឡេងមិនធម្មតា លុះគាត់ចេញការវិភាគតាមហ្វេសប៊ុក ឬតាមវិទ្យុ ក៏មានអ្នក Comment ជួយស្រែកបន្ទរ តាមស្រុះគ្នា ឮសង្កៀរត្រចៀកតែម្តង។
ចំណែកមន្ត្រី CPP អ្នកនាំពាក្យគ្រប់ក្រសួង ក៏ដូចអ្នកវិភាគគាំទ្រ CPP យើងមិនបាច់ឆ្ងល់ទេ ព្រោះសំឡេងគាត់ឮឆ្ងាយ រំលងទ្វីប និងមានវិទ្យុ ព្រឹត្តិបត្រ សារព័ត៌មាន សុំសម្ភាស ឬយកសំឡេងគាត់ទៅចាក់ផ្សាយ លាន់ឮខ្លាំងណាស់។ ដល់មាន អ្នក Comment បន្ទរតាមផងនោះ ធ្វើឱ្យការវិភាគនោះ កាន់តែខ្ទរខ្ទារ ព្រួតគ្នាជេរបញ្ចោរពួកប្រឆាំង ដូចសត្រូវស៊ីសាច់។
“ក្រៀល និងក្អាត់” មាឌខុសគ្នាសោះ តែស្រែកឮខ្លាំងដូចគ្នា “តើបានចំណេញអ្វីខ្លះ?” បើពិចារណាឱ្យហ្មត់ចត់មែនទែន ទៅ បានត្រឹមបាត់បង់ឯកភាពជាតិ តែប៉ុណ្ណោះ ព្រោះបើដូចពីបុរាណ មានព្រានព្រៃដើរបរបាញ់ បើឮសម្រែកសត្វក្រៀល អឺងកងបែបនេះ ច្បាស់ជាក្រៀលខ្លះ មិនរួចពីធ្នូស្នា របស់ព្រាននោះឡើយ។ ចំណែកកូនក្អាត់ ប្រឹងស្រែកឱ្យអ្នកចងសន្ទូច ស្តាប់ឮ ក៏យកឈ្នាងទៅជញ្ជាត់យកទៅធ្វើនុយ បិទផ្លែសន្ទូច ឬបង្កៃ។
មានទំនុកច្រៀងបុរាណមួយ សម្រាប់អ្នកចេញទៅទាក់ដំរីព្រៃ ថា “អើយបងឡើងក្បាលធ្នាក់ ជើងធាក់ទន្លឹង អូនកុំសង្រេង ថ្លៃអើយបងវិលវិញទេ។ បើស្រីស្លទំពាំង អូនកុំបង់ខ្យង ប្រយ័ត្នខុសត្រណមបង បងទៅទាក់ក្អាត់” ទំនុកច្រៀងនេះ គឺគេ ច្រៀងឧបកិច្ចឱ្យសត្វដំរីមាឌធំកាចសហាវ ឱ្យមានមាឌតូចដូចកូនក្អាត់ និងគ្មានថាមពល។
យ៉ាងណាមិញ ពួកប្រឆាំង ទោះជាខ្លាំងយ៉ាងណា ឬថា ធ្លាប់បានសំឡេងឆ្នោតដេញប្រកៀកប្រកិតបក្សកាន់អំណាច យ៉ាងណា ក៏ពេលនេះ “ដំរី ត្រូវក្លាយជាក្អាត់” ទៅហើយ។ ទោះក្លាយជាក្អាត់ ក៏នៅតែមានសម្រែកសង្កៀរត្រចៀកពេញ វាលស្រែ ដែលបក្សកាន់អំណាច ពិបាកបង្ក្រាបសំឡេងនេះ ឱ្យស្ងប់ស្ងាត់បាន។
សព្វថ្ងៃ សំឡេងពួកប្រឆាំង សង្កៀរត្រចៀកកាន់តែខ្លាំង ព្រោះគេវាយប្រហារបក្សកាន់អំណាចផង ដៀមដាមឱ្យគ្នា ឯងដែលទៅបង្កើតបក្សថ្មីផង។ មានន័យថា ក្អាត់រាប់រយ កំពុងស្រែកពេញឆាកនយោបាយ “លុបទៅលើសំឡេងក្រៀល” ដែលយូរៗស្រែកម្តង។
ករណីអ្នកវិភាគ គឹម សុខ ចោទប្រកាន់ក្រសួងមហាផ្ទៃ ថាចង់លក់ទីស្តីការក្រសួង ហើយត្រូវបាននាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដាក់ឈ្មោះថា “អ្នកវិភាគសរសៃប្រសាទ” ក៏ស្រាប់តែលោកគឹម សុខ ឡងវិញថា “មន្ត្រី CPP សរសៃប្រសាទ” ដែរនោះ មិនខុសពី “សម្រែកក្រៀល និងកូនក្អាត់” ឆ្លើយឆ្លងគ្នានោះទេ។
ធម្មតាសត្វក្រៀល ទាល់តែមានបញ្ញា ទើបមិនរងគ្រោះដល់ប្រជារាស្ត្រ ដូចរឿង “ជាងកែវមណី និងសត្វក្រៀល” ដែល តំណាលពីជាងកែវមណី ចិញ្ចឹមក្រៀល ១ក្បាល និងតែងនិមន្តព្រះអរហន្ត ១អង្គ មកទទួលអាហារបិណ្ឌបាត។ ថ្ងៃមួយ ពេល ព្រះអរហន្ត និមន្តមកយកចង្ហាន់ ជាងនោះទុកកែវមណីប្រហែស ត្រូវសត្វក្រៀលលេបចូលពោះ ដែលព្រះអរហន្ត ទតឃើញ យ៉ាងច្បាស់ តែព្រះអង្គមិនហ៊ានប្រាប់ត្រង់ខ្លាចជាងនោះសម្លាប់ក្រៀល។ ទីបំផុត ជាងកែវមណី យល់ច្រឡំ ចាប់លោកសង្ឃ វាយបែកព្រះសិរ ដោយចោទថាជាចោរលួចកែវមណី តែសំណាងល្អ សត្វក្រៀលនោះងាប់ ទើបព្រះអរហន្ត ហ៊ានប្រាប់ថា កែវមណី ត្រូវសត្វក្រៀលលេប លុះជាងវះពោះមើល ទើបដឹងការពិត ក៏មានវិប្បដិសារៈ…។
ដូច្នេះយើងឃើញថា បើក្រៀល អត់បញ្ញា អាចនឹងចាញ់ប្រៀបកូនក្អាត់ ដែលចេះស្រែកឮក្រាតៗ! ស្រុះគ្នាពេញវាលស្រែ ទោះជាអ្នកចងសន្ទូចចាប់ធ្វើនុយយ៉ាងណា ក៏មិនចេះផុតពូជក្អាត់។ ក្រៀល មាឌធំ បើ “ស្រែកមិនស្គាល់កាលៈទេសៈ” ឬហ៊ាន ចឹកលេបកែវមរណី ដ៏មានតម្លៃបានត្រឹមក្ស័យជីវ៉ា ដោយសារធ្លុះក្រពះ។
សរុបទៅ “ក្រៀល និងក្អាត់” ជាបទបរិយាយ មានខ្លឹមសារប្រៀបធៀបមន្ត្រី CPP អ្នកនាំពាក្យ អ្នកវិភាគគាំទ្រ CPP ជាសត្វក្រៀល ដ៏ធំ កវែង ស្រែកឮខ្លាំង។ ចំណែកអតីតមន្ត្រីប្រឆាំង ក៏ដូចអ្នកវិភាគប្រឆាំង សល់តែបាតដៃទទេនោះ ដូច កូនក្អាត់ បើស្រែកម្តងៗ ក៏មានអ្នកបន្ទរតាមខ្ទង់ Comment លាន់ឮឆ្ងាយណាស់។ ករណីក្រៀល និងក្អាត់ ឆ្លងឆ្លើយគ្នា ជាសញ្ញា បាត់បង់ឯកភាពជាតិ ធ្លាក់ចុះសីលធម៌សង្គម ព្រោះការជេរបញ្ចោរ មិនមែនជាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ ពូជសាងប្រាសាទ អង្គរវត្ត នោះទេ…”៕