ដោយ អាចារ្យថាំ
ឥឡូវមិនសូវមានករណី “ទឹកហូរមិនដែលហាត់ ប្រុសស្បថកុំឱ្យជឿ” ទៀត ទេ ដោយសារយុវវ័យវិទ្យាសាស្ត្រនិយម មិនជឿរឿងស្បថ ហើយបើមានការ ក្បត់ស្នេហ៍ ក៏មិនបន្ទោសអារក្សអ្នកតា ដែលជាសាក្សី។
ផ្ទុយទៅវិញ បច្ចុប្បន្ននេះ លេចចេញ “សម្បថនយោបាយ ឬអ្នកនយោបាយ ស្បថ” ដោយមានតំណាងរាស្ត្រ ឬមន្ត្រីជាន់ខ្ពស់ “ផឹកទឹកសម្បថ” ក្នុងព្រះបរមរាជវាំង មុនចូលកាន់តំណែង។ សូម្បីតែអ្នកនយោបាយរាយរង ក៏យកការស្បថ មកលេងដែរ ភ្លេចគិតថា សម័យវិទ្យាសាស្ត្រជឿនលឿននេះ “សម្បថអត់តម្លៃ”។
កន្លងមក យើងឃើញពួកប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា បាននាំគ្នាទៅស្បថនៅប្រាសាទ អង្គរវត្ត យក “បារមីលោកតារាជ” ជាសាក្សី ប្តេជ្ញាមិនចូលសភា ធ្វើការជាមួយ គណបក្សប្រជាជនកម្ពុជា CPP។ រំលងមិនបានប៉ុន្មានខែ ស្រាប់តែពួកគាត់ភ្លេច សម្បថ នាំគ្នាបញ្ចប់ពហិការ ដើរចូលរដ្ឋសភា ទាំង ៥៥រូប។ ដល់ CNRP ត្រូវ រំលាយចោលមក តាំងបន្ទោសគ្នា ដូចលោកលិម គិមយ៉ា, សួន សូរីដា, ហ៊ុន កុសល, បោយ រើយ ស្តីបន្ទោសលោកសម រង្ស៊ី ដែលបំពានសម្បថ នាំគ្នាដើរ ចូលរដ្ឋសភា កាលពីឆ្នាំ២០១៣ ប៉ុន្តែត្រូវក្រុមលោកសម រង្ស៊ី ចំអកថា កាល នោះ លោកលិម គិមយ៉ា, សួន សូរីដា ក៏ចូលដែរ តែអត់ថាមួយម៉ាត់ លុះដល់ អស់តំណែង ទើបហ៊ានថា។
ឥឡូវលោកហ៊ុន កុសល អតីតយុវជន CNRP ចេញក្បួនចាស់ “ស្បថឱ្យ រន្ទះបាញ់” ដោយចោទលោកអ៊ូ ច័ន្ទរ័ត្ន បំបែកកម្លាំងប្រឆាំងតាមផែនការបក្ស កាន់អំណាច។ រឿងស្បថបែបនេះ សម្រាប់អ្នកគិតរាក់ៗ យល់ថា មកពីលោក អ៊ូ ច័ន្ទរ័ត្ន បំបែកកម្លាំងប្រឆាំងតាម CPP មែន បានជាលោកហ៊ុន កុសល មិន ខ្លាចរន្ទះបាញ់ ហ៊ានស្បថដាក់ជីវិតបែបនេះ ប៉ុន្តែបើពិចារណាទៅ “សម្បថអត់ តម្លៃ” ទៅហើយ។ អ្នកស្បថឱ្យរន្ទះបាញ់ បើនៅតែក្នុងផ្ទះ មានដាក់ឧបករណ៍ ការពាររន្ទះ ក៏រន្ទះមិនអាចបាញ់បានដែរ។ អ្នកស្បថឱ្យបារមីប្រាសាទអង្គរវត្ត បរាមុខឱ្យវិនាស ក៏បារមីមិនកាចឃោរឃៅយ៉ាងនេះដែរ ព្រោះបារមី យល់ពី “យុទ្ធសាស្ត្រនយោបាយ” ត្រូវតែបត់បែនតាមពេលវេលា។
ជួនកាល បើជ្រុលស្បថមុខអ្នកតា បារមីហួស ក៏គេអាច “លាមាត់លាពាក្យ” បានដែរ ដោយយកក្បាលជ្រូក មាន់ស្ងោរ ចេកទុំ នំផ្អែមទៅ “សូកចិត្តអ្នកតា” ឱ្យដកពិសពរចេញវិញ ជាការស្រេច។
លោកអ៊ូ ច័ន្ទរ័ត្ន, លោកប៉ុល ហំម, លោកគង់ គាំ, លោករៀល ខេមរិន្ទ្រ, លោកមុត ចន្ថា, លោកយ៉ែម បុញ្ញប្ញទ្ធិ៘ សុទ្ធតែធ្លាប់ស្បថកាលជាប់ជា តំណាងរាស្ត្រ CNRP ប៉ុន្តែពេលពួកលោកបែកឆ្វេងចេញពីលោកសម រង្ស៊ី និង កឹម សុខា តើ “មានចាញ់សម្បថឬទេ?”។
ពីបុរាណ ឃើញឯកសារចារទុក ពីករណី “ពិជ័យនាគ” បិតាស្តេចកន ចាញ់ សម្បថ ជាមួយព្រះបាទស្រីសុគន្ធបទ ដែលគាត់សន្យាថា នឹងតាមទៅហៅស្តេច កន មកវិញ។ លុះបានទៅជួបស្តេចកន ស្រាប់តែបិតានោះ ដើរតាមកូន ភ្លេចពាក្យ សម្បថ ជាអកុសលក៏រអិលដួលតាមកាំជណ្តើរ ជង់ពោះនឹងផ្លែដាវ ស្លាប់ទៅ។
ឥឡុវគ្មានរឿងចាញ់សម្បថបែបនេះទៀតទេ ប៉ុន្តែអ្នកនយោបាយទាល់ច្រក ចូលចិត្តយករឿងស្បថ មកសម្ញែង។ លោកហ៊ុន កុសល ហ៊ានស្បថឱ្យរន្ទះបាញ់ បើគាត់និយាយមិនពិតថា លោកអ៊ូ ច័ន្ទរ័ត្ន ធ្វើតាមបង្គាប់ CPP។ ចុះឧបមាថា លោកអ៊ូ ច័ន្ទរ័ត្ន អត់ស៊ីលុយ CPP អត់បំបែកកម្លាំងប្រឆាំង តើរន្ទះឯណាបាញ់ លោកហ៊ុន កុសល?
ដូច្នេះ “សម្បថនយោបាយ” គ្រាន់តែជាការដោះទាល់ប៉ុណ្ណោះ និងជាប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ទោះជាមន្ត្រីខ្លះបានទៅផឹកទឹកសម្បថ មុខព្រះបរមស្វេតច្ឆត្រ និងទេវតាថែរក្សារាជបល្ល័ង្ក ទោះជាគាត់ពុករលួយ បក្ខពួកនិយម សាងអយុត្តិធម៌ សង្គម ក៏អត់ឃើញទេវតាដាក់ទណ្ឌកម្មគាត់។ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ហ៊ានស្បថឱ្យឡានបុក ពស់ចឹក… ក៏មិនឃើញអី… ចៅក្រម ព្រះរាជអាជ្ញា ស្បថ មិនអគតិក្នុងការកាត់ក្តី ក៏មិនឃើញទៅជាស្អី…”៕