ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២១នេះមហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញអ្នកនាង ដេត ម៉ាលីណា ធ្វើដំណើរចេញពីសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសង្ស័យថាពាក់ព័ន្ធនឹងករណីប្ដឹងអតីតឧកញ៉ា ឌួង ឆាយ ពីបទ ប្រើប្រាស់អំពើហិង្សា ។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវជម្លោះគ្រួសាររវាងលោក ឌួង ឆាយ និងអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ធ្វើឱ្យកក្រើកប្រទេស កាលពីចុងឆ្នាំ២០២០ ដែលមហាជនបានគិតថាវាបានបញ្ចប់ទៅហើយនោះ តាមពិតគឺនៅមិនទាន់ដាច់ស្រេចឡើយ ពោលគឺ អ្នកនាង ដេត ម៉ាលីណា នៅតែបន្តនិងបានដាក់ពាក្យប្ដឹងអតីតសា្វមីរបស់ខ្លួន គឺលោក ឌួង ឆាយ ពីបទប្រើប្រាស់ អំពើហិង្សា មកលើរូបរាងកាយ ហើយនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ គេក៏បានប្រទះឃើញអ្នកនាង ដេត ម៉ាលីណា បានឡើង តុលាការតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ។

កន្លងមកធ្លាប់មានការចុះផ្សាយថារឿងរ៉ាវរបស់អ្នកទាំងពីរបានបញ្ចប់សព្វគ្រប់អស់ហើយ ក្រោយពីលោក ឌួង ឆាយ ព្រម អហោ សកម្មគ្រប់យ៉ាង ហើយចុះចេញដោយខ្លួនទទេ ជាមួយនឹងបំណុលធនាគារជាង៣លានដុល្លារអាមេរិកថែមទៀតផង ។

យ៉ាងណាជុំវិញករណីខាងលើនេះ យើងមិនទាន់ដឹងថាអ្នកនាង ដេត ម៉ាលីណា អាចលើកលែងទោស ឫក៏អហោសកម្ មឱ្យ អតីតស្វាមី គឺលោក ឌួង ឆាយ ដូចការទទូចសុំក្នុងការឡាយបានដែរឬយ៉ាងណាទេ? ត្បិតក៏មានការលើកឡើងថាអ្នកនាង ដេត ម៉ាលីណា ធ្វើបែបនេះ គឺកំពុងផ្ទុយពីកិច្ចព្រមព្រៀងលែងលះ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងប្រការ១ ដែលមានខ្លឹមសាថា «…គូភាគីឯកភាពលែងលះគ្នាដោយសន្តិវិធី ពាក់ព័ន្ធនឹងរឿងរ៉ាវមុនៗរហូតមកដល់ថ្ងៃចុះកិច្ចព្រមព្រៀងនេះ គូភាគីឯកភាពគ្នា ថាបញ្ចប់ដោយគូភាគីពុំអាចលើកយកមកធ្វើការប្តឹងផ្តល់បរិហារគ្នាបន្តតទៅថ្ងៃក្រោយទៀតបានឡើយ…» ។ ប៉ុន្តែអ្នកនាង ដេត ម៉ាលីណា មិនបានគោរតាមកិច្ចព្រមព្រៀងគ្នានោះឡើយ ៕






