Saturday, May 10, 2025
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ ប្រពន្ធបណ្តើរប្រុសថ្មី ប្តីតាមទាន់ឃើញស្ទាបលូកលាន់ វ៉ៃប្រាវ

ភ្លើងប្រចណ្ឌ ប្រពន្ធបណ្តើរប្រុសថ្មី ប្តីតាមទាន់ឃើញស្ទាបលូកលាន់ វ៉ៃប្រាវ

ភ្នំពេញ ៖ បុរសម្នាក់ បានតាមទាន់ឃើញនារីជាប្រពន្ធរបស់ខ្លួន កំពុងបណ្តើរប្រុសថ្មី ដោយជិះរថយន្តជាមួយប្រុសម្នាក់ ដែលជាអ្នករួមការងារ ហើយថែមឃើញប្រុសនោះស្ទាបអង្អែលលូកលាន់ ច្បិចថ្ពាល់ប្រពន្ធរបស់ខ្លួនទៀតផង ក៏ផ្ទុះភ្លើងប្រចណ្ឌ ដេញស្ទាក់វាយរថយន្ត បណ្តាលឱ្យបែកកញ្ចក់ខ្ទេច បង្កឲ្យកើតមានជម្លោះ ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍។

ករណីហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចខាងមុខភោជនីយដ្ឋាន K&S តាមបណ្តោយផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

ប្តីប្រពន្ធដែលផ្ទុះជម្លោះកណ្តាលរាត្រី ដោយសារតែភ្លើងប្រចណ្ឌនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែតាមពិនិត្យភិនភាគ មានវ័យប្រមាណជាង ២០ឆ្នាំប៉ុណ្ណោះ។ ចំណែកភាគីប្រុស ជាអ្នកទី៣ ដែលបើករថយន្តដឹកស្ត្រីជាប្រពន្ធគេនោះ ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ គ្រាន់តែដឹងថា គឺជាជនជាតិចិន និងជាអ្នករួមការងារជាមួយភាគីស្ត្រីជាប្រពន្ធគេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ និងនារីខ្មែរម្នាក់ បានធ្វើដំណើរជាមួយគ្នា តាមរថយន្ត ១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-4328 ដោយបើកបរតាមបណ្តោយផ្លូវលេខ៤៣២ ទិសដៅពីលិចទៅកើត។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក YAMAHA Q-BIX ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-6559 ដេញតាមរថយន្ត និងបានស្ទាក់រថយន្តឱ្យឈប់។ ភ្លាមនោះ ភាគីម៉ូតូ បានចុះដោះមួកសុវត្ថិភាព ធ្វើសកម្មភាពវាយកញ្ចក់រថយន្តកាមរីឆ្លាម បណ្តាលឱ្យបែកផ្នែកខាងមុខ និងចំហៀងខាងឆ្វេង រងការខូចខាតតែម្តង។

ប្រភពដដែល បន្តថា ឃើញសភាពបែបនេះ នារីដែលជិះនៅក្នុងរថយន្តកាមរីឆ្លាម បានចេញមកខាងក្រៅ និយាយជាមួយបុរសជាម្ចាស់ម៉ូតូខ្លាំងៗ ទើបគេដឹងថា តាមពិតអ្នកទាំងពីរ គឺជាប្តីប្រពន្ធ ចំណែកអ្នកបើករថយន្តកាមរីឆ្លាម គឺជាជនជាតិចិន និងជាអ្នករួមការងារជាមួយនារីជាប្រពន្ធគេនោះ។ ចំពោះជម្លោះដែលឈានដល់ការតាមស្ទាក់ វាយកញ្ចក់រថយន្តខ្ទេចនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ។

តាមសម្តីបុរសជាប្តី ដែលជិះម៉ូតូតាមវាយរថយន្តខាងលើ បានរៀបរាប់ប្រាប់ថា រវាងខ្លួននិងនារីដែលជិះក្នុងរថយន្តជាមួយជនជាតិចិន នេះ គឺជាប្តីប្រពន្ធ ទោះបីជាមិនទាន់បានរៀបការយសារតែជំងឺកូវីដ-១៩ រាតត្បាតខ្លាំងពេក ទើបពួកគេត្រូវលើកពេលរៀបការ ម្តងជា២ដងក៏ដោយ ក៏ពួកគេទាំងពីរនាក់ បានរៀបចំពិធីសែនព្រេន យកគ្នាជាប្តីប្រពន្ធរួចហើយ។

បុរសជាប្តី បន្តថា មួយរយៈចុងក្រោយនេះ ប្រពន្ធរបស់ខ្លួន បានចូលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដោយចេញពីធ្វើការ នៅវេលាម៉ោង ៥ល្ងាច តែប្រពន្ធ តែងតែធ្វើការថែមម៉ោង រហូតដល់យប់ជ្រៅ និងមានការចូលរួមកម្មវិធីជួបជុំផឹកស៊ីជាមួយក្រុមការងាររបស់នាងដល់យប់ជ្រៅ ជាញឹកញាប់ទៀតផង ដោយអះអាងប្រាប់ខ្លួនជាប្តីថា យកចិត្តមេចិន ខ្លាចគេលែងផ្តល់ការងារឱ្យធ្វើ។

បុរសខាងលើ បានបញ្ជាក់ថា លុះមកដល់ថ្ងៃកើតហេតុ នារីជាប្រពន្ធ បានប្រាប់ខ្លួនជាប្តីថា ថ្ងៃនេះ ប្រហែលជាម៉ោង ៩យប់ ទើបនាងត្រឡប់ទៅដល់ផ្ទះ ព្រោះត្រូវប្រជុំ និងមានការហូបចុកបន្តិចបន្តួច ជួបជុំជាមួយក្រុមការងារ។ ប៉ុន្តែដោយរង់ចាំប្រពន្ធយូរពេក ទើបខ្លួនបានទាក់ទង សួរនាំស្ត្រីជាប្រពន្ធថា នៅឯណា? ពេលនោះ នាងបានទម្លាក់ទីតាំង (location) មកឱ្យខ្លួន ទើបខ្លួនបានជិះម៉ូតូ ចេញទៅរកប្រពន្ធ ស្រាប់តែទៅដល់ ឃើញស្ត្រីជាប្រពន្ធ និងបុរសជនជាតិចិនត្រូវជាមេកោយ កំពុងជិះរថយន្តជាមួយគ្នាតែ ២នាក់។

បុរសជាប្តី បន្តថា អ្វីដែលធ្វើឱ្យខ្លួនទ្រាំមិនបាន រហូតឈានដល់ការវាយកញ្ចក់រថយន្តនេះ គឺដោយសារតែខ្លួនផ្ទុះភ្លើងប្រចណ្ឌ នៅពេលបានឃើញផ្ទាល់ភ្នែក បុរសជនជាតិចិន នោះ បានយកដៃលូកលាន់ស្ត្រីជាប្រពន្ធរបស់ខ្លួន ដោយស្ទាបមុខ និងច្បិចថ្ពាល់ទៀត ក៏បង្កជាហិង្សាកើតឡើងបែបនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបញ្ចៀសកុំឱ្យមានអំពើហិង្សាធ្ងន់កើតឡើង និងព្យាយាមឱ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា។ បន្ទាប់មក បុរសជនជាតិចិន ដែលនៅក្នុងរថយន្ត មិនព្រមចុះ ក៏បើករថយន្តចេញទៅបាត់ ដោយមិនមាត់កអ្វីទាំងអស់។ ចំណែកភាគី ២នាក់ប្តីប្រពន្ធ បានទាស់សម្តីគ្នាមួយប្រាវទៀត ដោយស្ត្រីជាប្រពន្ធបានអះអាងថា បុរសជនជាតិចិន នោះ មិនបានប៉ះពាល់ស្ទាបឬច្បិចថ្ពាល់នាងទេ គឺជារឿងយល់ច្រឡំប៉ុណ្ណោះ តែភាគីបុរសជាប្តី នៅតែប្រកាន់ថា បុរសជនជាតិចិននោះ បានលូកលាន់ ប៉ះពាល់ប្រពន្ធរបស់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណា ចុងក្រោយ អ្នក ២នាក់ បានស្រុះស្រួលគ្នាវិញ ដោយភាគីស្រីជាប្រពន្ធ បានឡើងជិះម៉ូតូ ហើយបុរសជាប្តី ក៏ដឹកប្រពន្ធចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់នៅតែកម្ទេចកញ្ចក់រថយន្ត រាយប៉ាយពេញនៅកន្លែងកើតហេតុ៕

RELATED ARTICLES