ចំណងស្នេហាតារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម និងស្រីស្អាតវ័យក្មេងសាច់សខ្ចីនាងហ្វា ហ្វា កាន់តែស្អិតល្មូតគ្នាចិត្ត១ថ្លើម១ដោយមានចាស់ទុំទាំងសងខាងដឹងឭទៀតផងបើទោះជាគូស្នេហ៍តារាយុវវ័យ១គូនេះបានអះអាងថាពួកគេមិនទាន់ឈានទៅភ្ជាប់ពាក្យហើយពេលនេះរស់នៅផ្ទះផ្សេងគ្នាក៍ដោយ។



បើតាមអ្នកដឹកនាំសម្ដែងនៅសាន់ដេម្នាក់បង្ហើបឲ្យដឹងថាថ្មីៗនេះដែរនាយចឺម បានដឹកដៃកំពូលស្នេហ៍នាងហ្វា ហ្វា ថតMVបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា”មនុស្សបរាជ័យ គ្មានតម្លៃឲ្យអូនស្មោះ” ដែលនេះជាការប្រឹងលើកសង្សាររបស់ខ្លួនឲ្យល្បីថែមមួយក្រឺតទៀតរបស់នាយចឺម បន្ទាប់ពីអតីតតារាកំប្លែងCTNរូបនេះបានឲ្យនាងហ្វា ថតMVបទ”មុនបងមានប្រពន្ធ អូននៅឯណា?”ដែលViews ដល់ទៅ20M ។



ការយកចិត្តទុកដាក់លើសង្សារកាន់តែខ្លាំងរបស់នាយចឺម នៅពេលនេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្ដែគឺជាវាជាការបាក់ស្បាតព្រោះមុននេះដោយសារតែនាយចឺម រវល់ការងារសិល្បៈច្រើនពេកទើបកន្លងមកនាយថ្លោះធ្លោយបណ្ដោយឲ្យអតីតសង្សារជាស្រីស្អាតដល់ទៅ២ដួងធ្លាក់ក្នុងកណ្ដាប់ដៃប្រុសផ្សេងអស់នោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី និងនាងពុធ ស្រីខួច ធ្វើឲ្យនាយដេកស្ដាយក្រោយយ៉ាងខ្លាំង។



ប៉ុន្ដែក្រោយរកបានសង្សារទី៣នាងហ្វា ហ្វា ដែលមានសម្រស់មិនចាញ់អតីតសង្សារទាំង២នោះពេលនេះនាយចឺម ត្រូវតែប្រយ័ត្នប្រយ៉ែងឲ្យបានខ្ពស់ទើបគេចផុតពីការដើរជាន់ដានចាស់នេះនិងមិនឲ្យជួបវិប្បដិសារីម្ដងទៀតព្រោះស្រីស្អាតមិនចេះតែរកបានមកធ្វើសង្សារងាយៗនោះទេ។


នាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបើយកសង្សារគឺត្រូវតែស្អាត បើយកមិនស្អាតតើយកមកធ្វើអី?តែនាយថាចំណងស្នេហាជាមួយនាងហ្វា មិនទាន់អាចនិយាយបានថានឹងរៀបការបាននៅពេលណានោះទេព្រោះថាអ្នកខ្លះប្ដីប្រពន្ធគង់ផងគង់មានពេលបែកគ្នាចុះទម្រាំនាយនិងនាងជាសង្សារមិនដឹងថាថ្ងៃមុខមានរឿងអ្វីកើតឡើងនោះទេ។ដោយឡែកនាងហ្វា វិញធ្លាប់និយាយថាពីមុនម្ដាយនាងមានការបារម្ភពីនាងច្រើនក្រោយដឹងថាទាក់ទងគ្នាជាមួយនាយចឺម តែពេលនេះលេងអីហើយ…។



គូរបញ្ជាក់ថានាយចឺម កាន់តែស្រលាញ់នាងហ្វា ហ្វា ខ្លាំងទៅៗក្រោយពីសង្សារទី៣នេះព្រមលើកលែងទោសដល់នាយ នៅពេលដែលតារាសាន់ដេរូបនេះជួបរឿងអាម៉ាសត្រូវកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយឲ្យរបួសដេរអស់៥ថ្ងេរកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នៅខេត្តប៉ៃលិនដោយចោទនាយថាបានញ៉ែសង្សាររបស់ខ្លួនឈ្មោះស្រីលាភ។រឿងនេះធ្វើឲ្យនាយចឺម រងនូវភាពអាម៉ាសខ្លាំងតែសង្សាររបស់ខ្លួននាងហ្វា ហ្វា មិនប្រកាន់ខឹងឬចងគំនុំចំពោះនាយចឺម រឿងរកម្ហូបក្រៅឡើយទើបធ្វើឲ្យពេលនេះកាន់តែប្រឹងលើកសង្សារឲ្យល្បីថែមទៀត៕


