Saturday, May 10, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ២បទឆក់បេះដូងឌី សាវ៉េត

ព្រាប សុវត្ថិ ២បទឆក់បេះដូងឌី សាវ៉េត

តារាសម្ដែងជើងចាស់អ្នកស្រីឌី សាវ៉េត បានឲ្យដឹងថាព្រាប សុវត្ថិ មានសម្ថភាពច្រៀងសាកសមជាតារាល្បីនាយុគសម័យថ្មីនេះហើយបទចម្រៀងដែលអតីតតារាហង្សមាសរូបនេះបានធ្វើឲ្យអ្នស្រីដក់ជាប់ក្នុងបេះដូងនោះមាន២បទនោះគឺ”អានី”និងបទ”មួយរាត្រីតែមានន័យ”។តារាសម្ដែងដែលរះគ្រប់រដូវរូបនេះបានឲ្យដឹងទៀតថាអ្នកស្រីសរសើរផលិតកម្មរស្មីហង្សមាសដែលធ្វើបទចម្រៀងត្រូវនិងសម្លេងរបស់ព្រាប សុវត្ថិ ស្ទើតែគ្រប់បទតែម្ដង ប៉ុន្ដែបទដែលអ្នកស្រីស្រលាញ់និងចងចាំគឺមានតែ២បទនេះទេក្រៅពីនេះអ្នកស្រីមិនបានតាមដានឬចាំចំណងជើងបទទាំងនោះឡើយ។

ព្រាប សុវត្ថិ បានច្រៀងនៅផលិតកម្មរស្មីហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)ដែលមានបទចម្រៀងដល់ទៅជាង៣០០០បទឯណ្ណោះក្នុងនោះលោកធ្លាប់ចាប់ដៃគូជាមួយអ្នកស្រីហ៊ឹម ស៊ីវន ,ម៉េង កែវពេជ្ជតា ,គឹម លក្ខិណា ,ពេជ្រ សោភា ,សុគន្ធ និសា និងឱក សុគន្ធកញ្ញា ជាដើម។ប៉ុន្ដែព្រាប សុវត្ថិ ដែលប្រៀបដូចជាតំណាងឲ្យផលិតកម្មរស្មីហង្សមាសនោះបានដើរចេញពីផលិតកម្មធំនេះទៅរួមរស់ជាមួយផលិតកម្មGalaxyកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ បន្ទាប់ពីមានព័តមានថាលោកនិងតារាចម្រៀងខេម ប៊ុនថៃ មិនសូវត្រូវគ្នា កាច់កុងគ្នាព្រោះតែ”ភ្នំ១ខ្លា២”។

ប៉ុន្ដែព្រាប សុវត្ថិ បានបដិសេធដោយអះអាងថាការទៅGalaxyដើម្បីបង្ហាញពីការងារសិល្បៈថ្មីៗបន្ថែមទៀតប៉ុណ្ណោះ។ចំណែកព័តមានមួយទៀតថាព្រាប សុវត្ថិ ត្រូវថៅកែGalaxyទិញក្នុងតម្លៃ៣០ម៉ឺនដុល្លារនិងផ្ដល់ជាប្រាក់ខែ៨០០០ដុល្លាររយៈពេល៥ឆ្នាំឲ្យកំពូលតារាចម្រៀងរូបនេះទើបលោកព្រមចេញពីហង្សមាស តែអតីតពលករមកពីកូរ៉េលោកឡេង ណាវ៉ាត្រា ដែលជាថៅកែGalaxyនោះបានច្រានចោលដោយអះអាងថាព្រាប សុវត្ថិ ទៅចូលរួមជាមួយផលិតកម្មលោកដោយបេះដូងមិនមែនមើលឃើញលុយជាធំឡើយ។ទោះជាយ៉ាងណារយៈពេលជាង៩ខែដែលព្រាប សុវត្ថិ ច្រៀងនៅGalaxyនេះលោកនៅតែជាតួឯកនៅទ្រនុំថ្មីនេះ ប៉ុន្ដែអតីតតារាហង្សមាសរូបនេះមានតែដៃគូឆ្លងឆ្លើយតែម្នាក់គត់នោះគឺនាងតន់ ច័ន្ទសីម៉ា បន្ទាប់ពេជ្រ សោភា និងមាស សុខសោភា ប្រកែកទៅចូលរួមជាមួយGalaxy។អ្នកគាំទ្រព្រាប សុវត្ថិ ចង់ឃើញតារាដែលល្បីជាង២៣ឆ្នាំនេះច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងដែលមានសម្ថភាពប្រហាក់ប្រហែលលោកដើម្បីឲ្យសាកសមនិងប្លែកបន្ថែមពីលើការចាប់ដៃគូជាមួយនាងច័ន្ទសីម៉ា ទើបធ្វើឲ្យបទចម្រៀងរបស់លោកត្រូវចិត្តអ្នកស្ដាប់គ្រប់វ័យដូចកាលនៅហង្សមាស។

អ្នកស្រីឌី សាវ៉េត បន្ថែមថាតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសទៅផលិតកម្មថ្មីមកអ្នកស្រីមិនដែលបានស្ដាប់បទចម្រៀងថ្មីៗរបស់អតីតតារាចម្រៀងហង្សមាសរូបនេះទៀតទេសូម្បីតែ១បទ។ចំពោះមូលហេតុវិញត្រូវបានអ្នកស្រីសាវ៉េត ថាដោយសារតែមិនដឹងទៅរកបទចម្រៀងទាំងនោះនៅឯណាព្រោះថាអ្នកស្រីមិនចេះប្រើទូរស័ព្ទទំនើបៗដូចគេឡើយគឺប្រើតែទូរស័ព្ទចាស់១ជាង១០ឆ្នាំមកហើយអីចឹងអ្នកស្រីមិនដឹងថាតើបទចម្រៀងនៅផលិតកម្មថ្មីរបស់ព្រាប សុវត្ថិ មានគុណភាពដូចបទនៅហង្សមាសដែរឬយ៉ាងណានោះទេ?

ព្រាប សុវត្ថិ នឹងច្រៀងនៅGalaxyដល់ឆ្នាំ២០២៥តាមរយៈការចុះកុងត្រាដំណាក់កាលដំបូង៥ឆ្នាំ ប៉ុន្ដែក្រោយមានអ្នករិះគន់ថាបទចម្រៀងព្រាប សុវត្ថិ នៅGalaxyមិនខ្លាំងៗដូចនៅហង្សមាសនោះទើបអ្នកគ្រប់គ្រងផលិតកម្មនេះបានបញ្ចេញសារតបទៅវិញថាព្រាប សុវត្ថិ នឹងច្រៀងនៅផលិតកម្មមួយនេះរយៈពេល១០ឆ្នាំថែមទៀតពោលគឺGalaxyចងជើងព្រាប សុវត្ថិ ដល់ឆ្នាំ២០៣៥ឯណ្ណោះដែលពេលនោះព្រាប សុវត្ថិ នឹងមានអាយុ៦១ឆ្នាំព្រោះថាព្រាប សុវត្ថិ ទើបតែត្រូវបានប្រពន្ធធ្វើខួបគម្រប់៤៦ឆ្នាំឲ្យកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១។

ដោយឡែកមជ្ឈមហាជនមើលឃើញថាក្រោយព្រាប សុវត្ថិ ដើរចេញពីហង្សមាសជិត១០ខែពេលនេះគេឃើញលោកខេម ប៊ុនថៃ កំពុងតែអុកឡុកទីផ្សារចម្រៀងនៅហង្សមាសដោយបង្រ្កាបអស់តារាប្រុសៗទាំងឡាយនៅផលិតកម្មធំនេះទៀតផង។ប៉ុន្ដែអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានអះអាងថាពេលនេះខេមរៈ សិរីមន្ដ មិនទាន់អាចវ៉ាព្រាប សុវត្ថិ បានទេគិតត្រឹមឆ្នាំ២០២១នេះ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES