Saturday, November 23, 2024
Homeព័ត៌មានជាតិលោកគួច ខេវិន៖ឆ្ងល់ម៉េចមិនដកមន្រ្ដីជញ្ជីង ស៊ីភ្នែកក្រវាត់ចោលទៅ?

លោកគួច ខេវិន៖ឆ្ងល់ម៉េចមិនដកមន្រ្ដីជញ្ជីង ស៊ីភ្នែកក្រវាត់ចោលទៅ?

ភ្នំពេញ៖អ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោកគួច ខេវិន បានបញ្ចេញទស្សនៈជុំវិញរឿងខូចផ្លូវថ្នល់ជារៀងរាល់ឆ្នាំ ដែល ថវិការធ្វើផ្លូវមួយចំនួនបានមកពីកម្ចីបរទេស ហើយត្រូវបានមន្រ្ដីក្រសួងនេះឆ្លើយ​ថាដោយសារតែឡាន​ដឹកទំនិញ​លើស​កំណត់​ហើយអ៊ឺវ៉ាន់ផ្ទុកឡានខ្មែរ១ដាក់ទៅឡានសៀមឬយួនដល់ទៅ២បានអស់។

លោកគួច ខេវិន បានដាក់ជាចម្ងល់ថាបើមានបញ្ហាកើតឡើងបែបនេះ ហេតុអ្វីមិនដកពួកមន្រ្ដីជញ្ជីងស៊ីភ្នែកហ្នឹងចោល តែម្ដងទៅ?ការលើកឡើងរបស់លោកខេវិន បែបនេះ ប្រាកដជាមិនខុសពីប្រជាជនទូទៅ ដែលយល់ឃើញបែបនេះដែរ ឡើយ។

លោកគួច ខេវិន បញ្ចេញសារថា”ជាប្រជាជនតូចតាច ចេះដឹងតិចតួចស្តួចស្តើង ស្គាល់រង្វាស់រង្វាល់ ស្គាល់មាត្រដ្ឋាន ស្មាន លេខនព្វន្ដ ធ្ងន់ស្រាលទាំងអម្បាលម៉ានមិនសូវជាត្រូវ។ តែយ៉ាងណាៗ ក៏សូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់កប់ពពក ចំពោះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងផ្លូវថ្នល់និងដឹកទៅដឹកមក ដែលលោកបានខិតខំយ៉ាងឥតឧបមា ចាត់ការនិយាយថា ឡើងស្អក ក ដើម្បីការពារថែរក្សាផ្លូវថ្នល់ ស្ពានសម្បត្តិជាតិខំខ្ចីលុយគេយកមកធ្វើ ប៉ុន្តែនៅតែមានពពួកល្ងីល្ងើធ្វើឲ្យខូច ព្រោះ ដឹកលើសទម្ងន់ (សូម្បីតែផ្លូវជាតិលេខ២១ ម្តុំស្វាយតាមេឃ ភូមិកំណើតរបស់ឯកឧត្តម)មិនទាន់សម្ពោធផងខូចចង់ខ្ទេចទៅវិញ ហើយហ្នឹង ។ ឯកឧត្តមនិយាយថាឡានយើង១ផ្ទេរទៅឡានគេ (សៀម យួន)ដល់ទៅ២ទើបដាក់អស់? ខ្ញុំមើលឃើញ ស្តាប់ ឮ ពួកអ្នកស៊ីឈ្នួលដឹកវាហ៊ានព្រហ៊ើនបែបនេះ ក៏ដោយសារតែពួកជញ្ជីងថ្លឹងវាលូកដៃយកលុយក្បាលឡានទៅដាក់ហោប៉ៅ ទៅប៉ាវគ្នាផឹកស៊ី ចិញ្ចឹមស្រីញីតាមបាតាមបន បំប៉នគ្រួសារវា ទើបវាបណ្តាលឲ្យហិនហោចផ្លូវ ស្ពានអ៊ីចឹង!ចាប់បាន១០០ឡាន វាតិចតួចទេ ហើយបន្តឆ្មក់ ឈ្លប លបដាក់ជញ្ជីងចល័ត នាំតែហត់ស្អី? ចុះអាពួកមន្ត្រីជញ្ជីងស៊ីភ្នែកហ្នឹង ម៉េចមិនចាត់ ការដក គ្រវាត់ចោលទៅ? ឬក៏ចំណោមប្រជាជនខ្មែរ១៥លាននាក់ រកអ្នកចេះលេខនព្វន្ត មកគណនាទម្ងន់ដឹកហ្នឹងមិនបាន? ខ្ញុំមិន ចង់សួរទៅឯកឧត្តមដែរ តែចិត្តវាចេះតែឆ្ងល់? ឬក៏ទុកឲ្យក្របីវាស៊ីស្រូវឆ្អែតសិន ចាំធ្វើរបង? មិនដឹងថាខ្ញុំឆ្ងល់ហ្នឹងត្រូវឬខុសទេ? អធ្យាស្រ័យផង មានអាអ្នកឆ្ងល់ដូចខ្ញុំ អាចឹងច្រើនគួរសមដែរ តែវាមិនសួរ?សូមឆ្លើយតាមការគួរផង ប្រសិនជាអាចបាទ”។

 ជុំវិញរឿងរ៉ាវនេះ”នគរធំ”មិនទាន់អាចទាក់ទងសុំការបំភ្លឺពីមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជួនលើខ្លឹមសារ​ខាងលើ​របស់លោកគួច ខេវិន បានទេ​កាលពី​ពេលថ្មីៗនេះ។ប៉ុន្ដែសារបស់លោកខេវិន នេះប្រាកដជាធ្វើ​ឲ្យមន្រ្ដីខ្លះដែល​ដេក​លក់ភ្ញាក់ពីដំណេកជាមិនខាន៕

RELATED ARTICLES