Friday, October 18, 2024
Homeតារាខ្មែរសុខសោភា-វីរៈសិទ្ធ៖ជួយគ្នាទៅវិញទៅមក

សុខសោភា-វីរៈសិទ្ធ៖ជួយគ្នាទៅវិញទៅមក

ភ្នំពេញ៖មាស សុខសោភា ដែលធ្លាប់ច្រៀងដៃគូជាមួយខេម អំឡុងពេលនៅថោន នោះពេលនេះនាង​បានរកឃើញ​ដៃគូថ្មីហើយនៅទ្រនុំរាម នោះគឺប្រុសក្មេងដួង វីរៈសិទ្ធ តាមរយៈការចេញបទដំបូងរួមគ្នាបើកឆាក”ព្រួយខ្លាច បាត់​បង់”​នៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១។

តាមរយៈការចាប់ដៃគូនេះគេឃើញថាសុខសោភា ដែលត្រូវបានគេចាត់ទុកថា​ជារាជនីយ​សម្លេងផ្អែម ប៉ៈជាមួយបុរសសំនៀង ផ្អែមហើយថ្នមនេះធ្វើឲ្យពួកគេក្លាយ​ជាទីចាប់អារម្មណ៍នៃអ្នកតាមដានចម្រៀងនៅ​សម័យ​កូវីដនេះ។

ទោះជាយ៉ាងណាដោយសារតែសោភា ឈានចូលវ័យ៤០ឆ្នាំ ខណៈដែលវីរៈសិទ្ធ ទើបមានវ័យ២៧ឆ្នាំ​ពោលគឺគម្លាត​អាយុ​ខុសគ្នាដល់ទៅ១៣ឆ្នាំនោះទើបការសម្ដែងMVហាក់មើលទៅនៅឆ្គងៗក្នុងការផ្ដោះផ្ដងឃ្លាអូនបងទៅ​តាមអត្ថន័យខ្លឹម​សារ​បទ​ចម្រៀងនោះ។ប៉ុន្ដែពេលនេះគេអាចមើលឃើញយ៉ាងច្បាស់ថាសុខសោភា និងវីរៈសិទ្ធ កំពុងតែប្រឹងជួយគ្នាទៅវិញទៅមក ខណៈដែលការស្ម័គ្រចិត្តធ្វើជាដៃគូគ្នានេះប្រាកដជាអ្នកដែលចំណេញជាងគេគឺលោកដួង វីរៈសិទ្ធ ជាមិនខាន។

 លោកនូ ស៊ឹប បានឲ្យដឹងតាមទូរស័ព្ទថាអាយុខុសគ្នារវាងតារាចម្រៀងមាស សុខសោភា និងដួង វីរៈសិទ្ធ មិនមែនជាបញ្ហាក្នុង​ការ​ចាប់ដៃ​គូគ្នានោះទេហើយលោកថាតារាទាំងពីរអាចធ្វើជាដៃគូគ្នាបានព្រោះសោភា ជាអ្នកចម្រៀងដ៍ល្បីម្នាក់ដែលមាន​សម្ថភាពល្អក្នុងការច្រៀងបទស្លូវ ខណៈដែលវីរៈសិទ្ធ ក៍ជាអ្នកចម្រៀងមានប្រជាប្រិយភាពនិងមានការគាំទ្រច្រើនដែរ។

អតីតតារាចម្រៀងហង្សមាសរូបនេះសង្កត់ថាកាលពីឆ្នាំមុនព្រាប សុវត្ថិ ក៍ធ្លាប់ចាប់ដៃគូច្រៀងនៅហង្សមាសជាមួយហ៊ឹម ស៊ីវន ដែលមានអាយុច្រើនជាងដែរ ប៉ុន្ដែអត់មានបញ្ហារឿងអាយុនេះទេហើយពេលល្បីគឺទាំង២នាក់។លោកបន្ថែមថាសុខសោភា និងវីរៈសិទ្ធ ពេលនេះក៍ដូចគ្នាដែរអាចធ្វើជាដៃគូគ្នាបានព្រោះសម្លេងតារាទាំងពីរស៊ីគ្នា។

 មាស សុខសោភា ធ្លាប់ជោគជ័យពេលចាប់ដៃលោកខេម អំឡុងពេលពួកគេទាំង២ច្រៀងនៅថោន ខណៈដែលដួង វីរៈសិទ្ធ វិញពេលនៅហង្សមាសជាដៃគូរ៉េត ស៊ូហ្សាណា និងឈិន ម៉ានិច្ច ទទួលបានការចាប់អារម្មណ៍ច្រើនគូសម។វីរៈសិទ្ធ ដែល​ជា​ម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១នោះបានប្រកាសនៅថ្ងៃបង្ហាញខ្លួននៅរាម កាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១ ថាលោកត្រូវច្រៀងជាមួយសុខសោភា ផងនិងនិពន្ធបទចម្រៀងឲ្យតារារៀមច្បងរូបនោះច្រៀងផងដែរ។

ដោយឡែក​សុខ​សោ​ភា​ បានសរសើរវីរៈសិទ្ធ ថាជាតារាចម្រៀងវ័យក្មេងនិងមានទេពកោសល្យល្អម្នាក់។ទោះជាយាងណា ការចាកចេញ​ពីហង្ស​មាស​​របស់វីរៈសិទ្ធ ចូលរាម នេះត្រូវបានអ្នកជំនាញសិល្បៈមើលឃើញ ថាដើម្បីចាប់ដៃគូជាមួយ សុខ សោភា ដែលជាតារា​លំដាប់​Grade A នេះផង និងជាការឆក់ឱកាសធ្វើជាតួឯកនៅទ្រនុំថ្មីនេះផង។

 អ្នកជំនាញធ្វើភ្លេង(Composer)នៅហង្សមាសនិយាយដោយសុំឲ្យដាក់ឈ្មោះថាកាលដួង វីរៈសិទ្ធ នៅហង្សមាសរូបគេ​បាន​ត្រឹម​ធ្វើជាតួរងប៉ុណ្ណោះព្រោះពេលនោះព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងឱក សុគន្ធកញ្ញា គឺជាតួឯក។ប៉ុន្ដែពេលមកដល់រាម វីរៈសិទ្ធ ស្គាល់រសជាតិតួឯកហើយការចាប់ដៃជាមួយសុខសោភា នឹងធ្វើឲ្យរូបគេមានតែមថែមមួយក្រឺតទៀត​ព្រោះបានច្រៀង​ជាមួយដៃគូខ្លាំង តែបើសិនជាវីរៈសិទ្ធ នៅហង្សមាសវិញមិនអាចច្រៀងដៃគូជាមួយឱក សុគន្ធកញ្ញា បានទេដោយសារ​សម្លេង​មិនស៊ីគ្នា។លោកសង្កត់ថាក្រោយសុខសោភា ចាប់ដៃវីរៈសិទ្ធ នេះអ្នកដែលចំណេញជាងគេប្រាកដជាវីរៈសិទ្ធ ៕

RELATED ARTICLES