ក្នុងចំណោមវិស័យនាំចេញរបស់កម្ពុជាមានតែវិស័យវាយនភ័ណ្ឌមួយគត់ ដែលត្រូវគេកត់សម្គាល់ថាបានទាញប្រាក់ចំណូលបានច្រើនជាងគេ បូករួមទាំងការផ្ដល់ការងារអោយពលរដ្ឋក្នុងប្រទេសនោះផង។ វិស័យនេះត្រូវបានមន្ត្រីជាន់ខ្ពស់ប្រកាសថានឹងពង្រីកប្រាក់ចំណូលអោយបានកាន់ច្រើនបន្ទាប់ពី៦ខែឆ្នាំ២០១៦ ទទួលបានចំណូលប្រមាណជាង៣ពាន់លានដុល្លារទៅហើយ។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈបានលើកឡើងថាវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជាកាន់តែមានសន្ទុះខ្លាំង បន្ទាប់ពីស្ថានភាពតវ៉ាពីសំណាក់កម្មករកម្មការិនីកក្នុងប្រទេសត្រូវបានស្ងប់ ស្របគ្នាដែលបណ្ដាប្រទេសកាន់តែច្រើនបានបង្កើនការកុម្ម៉ង់ បើទោះជាមានការប្រកួតប្រជែងតម្លៃពីបណ្ដាប្រទេសជិតខាង។ លោកថាកម្ពុជានៅតែទទួលបានផលប្រយោជន៍ខ្ពស់ពីវិស័យកាត់ដេរ ដោយសារតែមានអនុគ្រោះពន្ធពីបណ្ដាប្រទេសធំៗ។ វិស័យនេះលោកថាបានឈានឡើងជាលំដាប់ ដោយក្នុងចំណោម១៣ប្រទេសនៅលើពិភពលោកដែលមានសកម្មភាពខ្លាំងក្នុងការនាំចេញសំលៀកបំពាក់ និងស្បែកជើង ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសទាំងឋ១៣នោះផង។ លោកថាវិស័យកាត់ដេគឺជាប្រភពដ៏សំខាន់របស់កម្ពុជា ហើយវិស័យមួយនេះក៏ជួយជំរុញផ្នែកសេដ្ឋកិច្ចនៅកម្ពុជាផងដែរ ដោយបានផ្ដល់ការងារដល់ពលរដ្ឋក្នុងប្រទេសជាច្រើនម៉ឺននាក់។ អ៊ីចឹងហើយទើបលោកថាកម្ពុជាមិនអាចខ្វះវិស័យនេះ ឬបណ្ដោយអោយវិស័យនេះមានការធ្លាក់ចុះបានទេ។ បើទោះជាចំណូលដែលបានពីវិស័យកាត់ដែរមានការឈានឡើង ក៏លោកយល់ថាយុទ្ធនាការលើកកម្ពស់វិស័យកាត់ដេរ និងការទាក់ទាញក្រុមវិនិយោគក្រៅប្រទេសអោយបោះទុនលើគម្រោងបង្កើតរោងចក្រកាត់ដែរថ្មីនៅកម្ពុជាត្រូវតែធ្វើអោយខ្លាំង ដើម្បីពង្រីកការងារក្នុងប្រទេស ហើយកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ យ៉ាងណាក៏ដោយ លោកនៅតែបង្ហាញពីកង្វះកម្លាំងការងារ ដោយសារតែចលនាចេញទៅធ្វើការនៅក្រៅប្រទេសជាពិសេសទៅប្រទេសថៃ និងប្រទេសកូរ៉េជាដើមមានចំនួនច្រើនឡើង។ លោករំពឹងថាបើវិស័យរោងចក្រកាន់តែប្រសើរឡើងនៅក្នុងប្រទេស នឹងធ្វើអោយពលរដ្ឋចំណាកស្រុកដែលបានសម្រេចទៅធ្វើការផ្សងព្រេងនៅក្រៅប្រទេសងាកត្រលប់មកវិញ ដើម្បីបង្កើនកម្លាំងពលកម្មក្នុងពេលទីផ្សារការងារមានតម្រូវការជាងនេះ។ ម្យ៉ាងមកពីកម្រិតប្រាក់ខែគោលនឹងត្រូវបានកំណតកាន់តែប្រសើរពីមួយជំហានទៅមួយជំហាននោះផង ទើបធ្វើអោយស្ថានភាពរស់នៅរបស់កម្មករកម្មការិនីក្នុងវិស័យរោងចក្រឈានឡើងមិនខុសគ្នា។
លោកអ៊ិត សំហេង បញ្ជាក់ថាត្រឹម៦ខែដើមឆ្នាំ ប្រទេសកម្ពុជានាំចេញសំលៀកបំពាក់ និងស្បែកជើងបានចំនួន៣៤៩១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៧៣ភាគរយនៃតម្លៃទំនិញនាំចេញសរុប។ ដូច្នេះលោកមើលឃើញថាវាមិនមានជារឿងពិបាកនោះទេក្នុងការកន្ត្រាក់ចំណូលអោយបានកាន់តែខ្ពស់ជាងនេះតាមរយៈការពង្រីកវិស័យនាំចេញសំលៀកបំពាក់ ដោយបង្កើនការកុម្ម៉ង់ និងទាក់ទាញក្រុមអ្នកវិនិយោទុនអោយចុះមកបើកអាជីវកម្មរោងចក្របន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកថាបើគិតត្រឹម៧ខែក្នុងឆ្នាំ២០១៦ កម្ពុជាផលិតបានសំលៀកបំពាក់ និងស្បែកជើងបានតម្លៃ៣៨៨៤ពាន់លានដុល្លារ ខណៈដែលក្នុងរយៈពេល៥ខែបន្ទាប់គឺពិតជាជួយអោយវិស័យនេះទទួលចំណូលបានច្រើនលានដុល្លារខ្ពស់ជាងរយៈពេល១២ខែក្នុងឆ្នាំ២០១៥។
យោងតាមរបាយការណ៍ក្រៅពីវិស័យកាត់ដេរប្រទេសកម្ពុជានាំចេញផលិតផលផ្សេងបានតែ២២៣លានដុល្លារបុណ្ណោះទៅកាន់ក្រៅប្រទេស បុន្តែកម្ពុជាបែរជាបាននាំចូលផលិតផលពីក្រៅប្រទេសមកលក់ក្នុងស្រុករហូតដល់១២១៤ពាន់លានដុល្លារក្នុងរយៈពេល៧ខែមុននេះ។ មានការយល់ឃើញថាបើកម្ពុជាមិនមានវិស័យកាត់ដេរខ្លាំងក្លានោះទេ គឺតុល្យភាពរវាងការនាំចេញ និងនាំចូលនៅក្នុងប្រទេសកម្ពុជានឹងផ្អៀងខុសគ្នាច្រើន ដោយសារតែកម្ពុជាប្រទេសនាំចូលច្រើនជាងនាំចេញលើសលប់ខុសពីបណ្ដាប្រទេសភាគច្រើននៅលើពិភពលោក ជាពិសេសគឺប្រទេសជិតខាតតែម្ដង។ ក្រៅពីផលកសិកម្ម និងផលិតផលកាត់ដេរ កម្ពុជាសឹងមិនមានផលិតផលសម្រេចណាមួយដើម្បីនាំចេញនោះទេ ដែលនេះគឺជាហានិភ័យធំមួយ ដែលក្រុមអ្នកជំនាញធ្វើការកែទម្រង់សេដ្ឋកិច្ច ដោយបិទចោលនូវការនាំចូលផលិតផលមួយចំនួនដែលកម្ពុជាផលិតបាន ដើម្បីជំរុញផលសិប្បកម្ម និងផលិតដែលកម្ពុជាធ្វើបានដោយខ្លួនឯង អោយរស់រានបានកុំអោយប្រឈមនឹងការជ្រុះបាត់ទីផ្សារព្រោះតែប្រជែងលើគុណភាព និងសោភ័ណ្ឌភាពជាមួយទំនិញនាំចូលមិនបាន។ យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីទទួលបន្ទុកធ្លាប់បានបញ្ជាក់ថាកម្ពុជាមិនអាចបិទច្រកមិនអោយទំនិញបរទេសចរាចរណ៍ទីផ្សារកម្ពុជានោះទេ ដោយសារតែកម្ពុជាទើបតែបានចាប់ដៃក្នុងនាមអាស៊ានក្នុងសមាហរណកម្ម។ ប៉ុន្តែមន្ត្រីជំនាញជំរុញអោយបង្កើនគុណភាពក្នុងការប្រកួតប្រជែង ដើម្បីអោយផលិតផលទាំងនោះអាចប្រជែងនឹងផលិតផលនាំចូលបាន៕
ដោយ ៖ ប៉េង លី