ភ្នំពេញ៖តារាចម្រៀងGalaxy នាងតន់ ច័ន្ទសីម៉ា ត្រូវបានគេសង្កេតឃើញថាមានរូបសម្រស់ប្រែប្រួលស្ទើតែទាំងស្រុងនៅរយៈពេលចុងក្រោយនេះបើប្រៀបធៀបនៅពេលនាងច្រៀងនៅហាងវីហ្វេ្រន ឬអំឡុងពេលដែលនាងប្រលងThe Voice Cambodiaរដូវកាលទី២នោះនាងច័ន្ទសីម៉ា ពេលនេះមិនដូចមុនឡើយគឺដូចពាក្យចាស់ថា”សម្រស់ ប្រែប្រួលទៅតាមទឹកលុយ”នោះមិនខុសនោះទេ។

ការប្ដូរទាំងកេរ្ដិ៍ឈ្មោះនិងរូបសម្រស់ព្រមគ្នាបែបនេះធ្វើឲ្យនាងច័ន្ទសីម៉ា ត្រូវប៉ាន់ធំដូចជាថ្មីៗនេះនាងទើបតែថតស្ពតធំឲ្យម៉ាស៊ីនត្រជាក់ និងស្រាបៀរ១ដែលត្រូវគេប្រមាណថានាងបានតម្លៃខ្លួនដល់ទៅរាប់ម៉ឺនដុល្លារឯណ្ណោះពីការស៊ីថ្លៃស្ពតទាំងនោះ ព្រោះបើយោងតាមអ្នកគ្រប់គ្រងផលិតកម្មGalaxyធ្លាប់ទម្លាយពីតម្លៃខ្លួននាងសីម៉ា ។

លោកយឹម តាស្រង់ ធ្លាប់ប្រាប់ថាច័ន្ទសីម៉ា ច្រៀងនៅខេត្ត១កម្មវិធីស៊ីថ្លៃ ៥០០០ដុល្លារ,តាមប៉ុស្ដិ៍ទូរទស្សន៍ម្ដង ពី ១០០០ ទៅ២០០០ដុល្លារ ហើយថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុន១ចំណាយពេលពី១ទៅ២ថ្ងៃស៊ីថ្លៃ២០០០០ដុល្លារ។ការកំណត់តម្លៃ ខ្លួននាង ច័ន្ទសីម៉ា ខ្ពស់កប់ពពកបែបនេះធ្វើឲ្យមានការលើកឡើងថានាងអាចប្រឈម ដេកស្អាតព្រោះគ្មានអ្នកហ៊ាន ជួល ច្រៀងនិងថតស្ពតទៀតជាមិនខាន តែលោកតាស្រង់ ថាតម្លៃខ្លួននេះមិនអាចកែប្រែបាននោះទេ ហើយបើគេ ថាថ្លៃមិនហ៊ាន ជួលក៍មិនអីដែរព្រោះខាងផលិតកម្មមានលទ្ធភាពអាចចិញ្ចឹមតារារបស់ខ្លួនឲ្យរស់បាន។

លោកសិលា អ្នកដឹកនាំកម្មវិធីប្រគុំតន្ត្រីរបស់CTNធ្លាប់និយាយថាខាងអ្នករៀបចំConcertsទាំងឡាយពេលនេះពិតជាចង់បានសីម៉ា ឡើងច្រៀងតាមកម្មវិធីរបស់គេមែន តែលោកចង់ឲ្យផលិតកម្មសម្របសម្រួលតម្លៃធូថ្លៃជាងនេះទើបមានលទ្ធភាព។

តន់ ច័ន្ទសីម៉ា ឡើងកូដកាន់តែខ្លាំងនៅពេលដែលនាងបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ធ្វើឲ្យតារាផ្នែកយុវវ័យដែលមានគូឡូប្រហាក់ប្រហែលនាងដែរដូចជានាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី និងយូរី ជាដើមពិបាកទប់ទល់។

តារាចម្រៀងសំនៀងស្អកដែលធ្លាប់ប្រលងជាប់ផ្នែកស្មូតលេខ១នៅខេត្តតាកែវរូបនេះមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាឡើយ ក្រោយមានដំណឹងថាមានពោះម៉ាយម្នាក់តាមស្នេហានាង។តែនាងសីម៉ា តែងតែនិយាយថាបេះដូងនាងមិនទាន់មានម្ចាស់ចិត្តនោះទេ៕



