ភ្នំពេញ៖ ស្រីស្រស់សាច់សខ្ចីនាងប៉ាច គីមមួយ ឈានដល់ចិត្ត១ថ្លើម១ជាមួយតារាចម្រៀងជ្រកក្រោមដំបូលតែមួយលោកសយ រតនៈ បន្ទាប់ពីនាងគីមមួយ ធ្លាប់ប្រកែកឡើងរោយមាត់ថាទំនាក់ទំនងរវាងនាងនិងលោករតនៈ គ្មានអ្វីចម្លែកនោះពេលនេះគេឃើញប្រុសសង្ហារបែជាជិះរថយន្ដទៅដឹកនាងគីមមួយ ទៅមកដល់ឆាកស្ទើតែគ្រប់កម្មវិធីតែម្ដង។

អ្វីដែលគូឲ្យចាប់អារម្មណ៍ថែមទៀតមានព័តមានថានាងគីមមួយ និងលោករតនៈ បានទិញផ្ទះ១ល្វែងតម្លៃជិត១០ម៉ឺនដុល្លារនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយពួកគេបង់រំលស់រួមគ្នាតែម្ដង។នេះបញ្ជាក់ថាគូស្នេហ៍ស្រីស្រស់ប្រុសរូបសង្ហារនេះមានភាពច្បាស់លាស់ជាមួយគ្នាហើយទើបពួកគេ សន្សំលុយនិងទ្រព្យរួមគ្នា មុនដឹកដៃ គ្នា ចូលរោងការ។

ទោះជាយ៉ាងក្នុងជំនួបផ្ទាល់កន្លងមកនាងប៉ាច គីមមួយ និយាយថាផ្ទះនោះនាងបង់តែម្នាក់ឯងហើយទាល់តែជិត១០ឆ្នាំទើបរួច ខណៈនេះទើបបង់បានតែជាង១ឆ្នាំ។នាងថារវាងនាងនិងលោករតនៈ រស់នៅផ្ទះផ្សេងគ្នា។ ចំណែកលោកសយ រតនៈ វិញនៅពេលសួររឿងស្នេហ៍នាងគីមមួយ លោកហាក់មានអាការៈផ្អើលៗនិងនិយាយបែបរដាក់រដុបហាក់ពិបាករកនឹកពាក្យថ្លាថ្លែងទៅនាងគីមមួយ តែលោកមិនប្រកែកស្នេហ៍នាងគីមមួយ នោះទេដោយថាសូមឲ្យបងប្អូនតាមដានទៅមុខទៀតសិនចុះថាតើនិងទៅជាយ៉ាងណា?យ៉ាងណាលោកថាពេលនេះមិនទាន់ចង់រៀបការនោះទេ។

ប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយក្រោយរៀបការជាមួយតារាចម្រៀងម្នាក់ដែលចូលចិត្តច្រៀងជាភាសារបរទេសតែបានចែកផ្លូវគ្នាកណ្ដាលទី។ក្រោយធ្លាក់ខ្លួនមេម៉ាយគ្មានកូន១គ្រាប់និងមានសាច់កាន់តែសខ្ចីម៉ដខៃរលើបរលោងនេះនាងគីមមួយ មានប្រុសៗអ្នកមានទ្រព្យជាច្រើនចង់ជួយឧបត្ថម្ភនាងដោយក្នុងនោះមានទាំងអ្នកធានារចង់ជួយបង់ផ្ទះឲ្យនាងផ្ដាច់ទៀតផង។

ប៉ុន្ដែនាងគីមមួយ ធ្លាប់វាចារថារឿងគេជួយ ឬចិញ្ចឹមនោះមិនស្រួលទេ ហើយនាងក៍មិនចូលចិត្តដែរ។តារាចម្រៀង ច្រៀង ភាសារ ចិនបានយ៉ាងល្អរូបនេះ និយាយត្រង់ៗថានាងស្នេហាតែប្រុសក្មេងទេ បើវ័យចាប់ពី៤០ឆ្នាំឡើងមិន បាច់តាម នាង ទេព្រោះនាងគ្មានអារម្មណ៍ឡើយ។

ក្រៅពីប៉ាច គីមមួយ តារាដែលទើបជ្រើសស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូចជានាងហ្វា ហ្វា-នាយចឺម,ពេជ្រ សោភា-ឆឹម សក្កដា,ទេព បូព្រឹក្ស-ងួន ចាន់ដេវីត និងម៉ា នីកា -ចន ជាដើម៕




