Sunday, September 22, 2024
Homeសន្ដិសុខសង្គមប្រធាន"គ" ខឹងអនុប្រធានមើលងាយ បាញ់សម្លាប់ក្នុងបន្ទាយ បង្កការភ្ញាក់ផ្អើល

ប្រធាន”គ” ខឹងអនុប្រធានមើលងាយ បាញ់សម្លាប់ក្នុងបន្ទាយ បង្កការភ្ញាក់ផ្អើល

ខេត្ដកំពង់ចាម៖ ប្រធាន (គ) នៃតំបន់ប្រតិបត្តិការសឹករង យោធាខេត្តកំពង់ចាមម្នាក់ ខឹងអនុប្រធានស្រវឹងមិនមកប្រជុំ ហៅមកស្ដីឲ្យ ត្រូវជនរងគ្រោះធ្វើចរិតឈ្លើយ ដើរចេញពីបន្ទប់យកជើងធាក់ទ្វារបន្ទប់គាត់ទៀត ក៏ទប់កំហឹងមិនបាន ក៏ទាញអាវុធខ្លីបាញ់អនុប្រធាន (គ) របស់ខ្លូន បណ្ដាលឲ្យដេកដួលស្លាប់នៅនឹងកន្លែង ក្នុងបន្ទាយតែម្ដង ។

ហេតុការណ៍បាញ់សម្លាប់ អនុប្រធាន (គ) ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១០យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ នៅបន្ទាយឈើជើង ស្ថិតក្នុងភូមិអូរតាសេ ឃុំអូរម្លូ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរង ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ហ៊ូ ពៅ បានឲ្យដឹងថា ជនសង្ស័យជាប្រធាន (គ) ឈ្មោះ ឡុក ឈុន បានយកអាវុធខ្លីK59 បាញ់ទៅលើឈ្មោះ ចាន់ ពៅ ឋានៈជាអនុប្រធាន(គ) ត្រូវចំនួន១គ្រាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង ។

លោកមេបញ្ជាការ បានបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយក៏ទៅឡូឡាក្នុងបន្ទាយ ស្រាប់តែពេលនោះ ជនរងគ្រោះបានទៅរករឿង ប្រធាន(គ) ដល់ក្នុងបន្ទប់ ក្រោយមកក៏បានប្រតាយប្រតប់គ្នា ទើបធ្វើឲ្យប្រធាន (គ) ទប់កំហឹងមិនបានបាញ់ ទៅរងគ្រោះក្នុងគោលបំណងការពារខ្លួន ប៉ុន្ដែសំណាងអាក្រក់ ជនរងគ្រោះក៏បានស្លាប់ភ្លាមនៅនឹងកន្លែង ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថបានចុះទៅនាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់អនុប្រធាន គ តែត្រូវខាងតំបន់ប្រតិបត្ដិការសឹងរង មិនទាន់ប្រគល់ខ្លួនជនដៃដល់ឲ្យនោះទេ គិតត្រឹមល្ងាចថ្ងៃទី០១ វិច្ឆកា ២០១៦ នេះ ៕

RELATED ARTICLES