ភ្នំពេញ៖បើទោះជាកែវ ពេជ្រពិសី ឈានចូលវ័យត្រូវដល់ពេលយកកូនប្រើដូចមិត្តភក្ដិនាងមួយចំនួនដែលពួកគេខ្លះមានកូនធំៗទៅហើយក្ដី តែពេជ្រពិសី ថានាងគ្មានផែនការណ៍យកកូនមុនរៀបការឡើយ។

យ៉ាងណានាងថានេះគ្រាន់តែជាការគិតរបស់នាងប៉ុណ្ណោះ ខណៈដែលអ្នកផ្សេងយល់ឃើញខុសពីនាងនោះជាគំនិត មនុស្ស ម្នាក់ៗមិនដូចគ្នាទេហើយនាងសូមមិនឲ្យប៉ៈពាល់អ្នកណាទាំងអស់ព្រោះគ្មានអ្នកណាយល់ឃើញត្រូវគ្នាទាំងអស់នោះឡើយ។

ការអះអាងរបស់ពេជ្រពិសី នៅពេលនេះដោយសារតែនាងបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ ជាង១ឆ្នាំទៅហើយតែមិនអាចកំណត់ថ្ងៃរៀបការបានទេព្រោះតែកូវីដ មិនទាន់ស្ងប់ស្ងាត់។

ប៉ុន្ដែពេជ្រពិសី មិនបារម្ភខ្លាចថាចំណងស្នេហាមានការប្រប្រួលឡើយព្រោះថានាងនិងគូដណ្ដឹង មានការយល់ ចិត្តគ្នាច្បាស់ ហើយលោកសម្បត្តិ ជាបុរសម្នាក់ដែលស្រលាញ់នាងនិងក្រុមគ្រួសារដោយស្មោះត្រង់។មុនឈានដល់ ការភ្ជាប់ពាក្យ ជាមួយ អ្នកជំនួញមកពីកាណាដានេះពេជ្រពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងគ្មានមហិច្ឆិតាធំនោះទេគឺបំណងសូមតែ មាន ក្រុមគ្រួសារមួយដែលមានប្ដីនិងកូនៗដូចគ្រួសារគេទៅបានហើយ។ការវាចារបែបនេះបង្ហាញឲ្យគេដឹងថាពេជ្រពិសីចង់បាន កូន តែនាងថានឹងយកកូននៅក្រោយរៀបការមិនមែនមុនរៀបការឡើយ។

កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ បន្ទាប់ពីនាងបានស្វែងយល់លោកសម្បត្តិ ជាច្រើនខែហើយឃើញថាលោកជាបុរសល្អដែលអាចឲ្យនាងផ្ញើរវាសនាបាន។យ៉ាងណាពេជ្រពិសី មិនទាន់ច្បាស់ក្នុងចិត្តថានៅថ្ងៃអនាគតនាងនឹងចេញទៅរស់នៅកាណាដាតាមស្វាមីឬបន្ដនៅស្រុកខ្មែរនោះទេតែនាងថាអាចទៅមកៗច្រើនជាង។

អតីតតារាសម្ដែងនិងពិធីការិនីពេជ្រពិសី ដែលបើកហាងសម្អាងការជាង១០ឆ្នាំទៅហើយនោះបានជួបផលវិបាកក្នុងមុខរបរក្រៅ សិល្បៈដូចអ្នករកស៊ីផ្នែកនេះដ៍ទៃទៀតដែរព្រោះតែកូវីដ ហើយពេលនេះនាងមិនទាន់សម្រេចចិត្តវិលត្រឡប់មករកអាជីព សម្ដែងភាពយន្ដវិញទេ ក្រោយផ្អាកអាជីពនេះជាច្រើនឆ្នាំ។

យ៉ាងណានាងថាបានខកខានថតភាពយន្ដដល់ទៅ៥រឿងព្រោះតែអ្នកដឹកនាំសម្ដែងតម្រូវឲ្យនាងលេងជាតួម្ដាយ ខណៈរូប នាងផ្ទាល់គិតថាវ័យរបស់ខ្លួនមិនទាន់ធ្លាក់ទៅធ្វើជាតួម្ដាយទេទើបមិនទាន់ទទួល។នាងថាពេលនាងចូលវ័យជ្រេជាងនេះបន្ដិចកុំថាឡើយធ្វើជាតួម្ដាយទោះជាឲ្យធ្វើជាតួលោកយាយក៍នាងមិនប្រកែកដែរ។ដោយឡែកអនាគត ស្វាមីរបស់ នាង លោកសម្បត្តិ វិញបានផ្ដល់សិទ្ធឲ្យនាងក្នុងការបន្ដលេងសិល្បៈប្រសិនបើនាងចង់ថត សម្ដែងសារជាថ្មីនោះ លោកមិន ហាមឃាត់ឡើយ៕



