ភ្នំពេញ៖គូស្នេហ៍តារា១គូសួស វីសា-ថមមី បង្ហាញឲ្យគេដឹងថាជីវិតពួកគេពោពេញទៅដោយសុភមង្គលក្រោយទទួលបានកូនស្រីម្នាក់ឈ្មោះថង សាម៉ូលីណា ហៅJenny អាយុជិត១០ខែ។

អ្នកសិល្បៈរួមអាជីពនិងទស្សនិកជនដែលគាំទ្រសួស វីសា និងស្វាមីបានសរសើរថាកូនស្រីរបស់ពួកគេស្អាត(Cute)គូរឲ្យក្នាញ់ខណៈដែលវីសា និងប្ដីតែងតែតុបតែងខ្លួនឲ្យកូនស្រីប្លែកៗទាំងម៉ូដសក់និងសម្លៀកបំពាក់ជាប្រចាំតែម្ដង។

គេចាំបានថានៅថ្ងៃរៀបការវីសា និងស្វាមីបាននិយាយស្របគ្នាថាពួកគេចង់បានកូន៣នាក់ប្រុសក៍បានស្រីក៍បានហើយ ពេលនេះកូនដំបូងរបស់អ្នកទាំងពីរគឺជាកូនស្រីCuteតែម្ដងធ្វើឲ្យប្ដីប្រពន្ធអ្នកសិល្បៈ១គូនេះស្រលាញ់កូនស្ទើលេប។




សួស វីសា បានផ្អាកអាជីពសិល្បៈរយៈពេលជាង៣ខែទៅហើយក្រោយនាងកើតកូវីដកាលពីដើមខែមីនា និងបានជាសះស្បើយវិញនៅចុងខែដដែលនេះ។តារារួមទ្រនុំនាងដែលកើតកូវីដដែរមានដូចជាសុគន្ធ និសា និងណុប បាយ៉ារិទ្ធ នោះបានវិលមករកការច្រៀងសម្ដែងដូចដើមវិញហើយនៅឡើយតែវីសា ដែលមិនទាន់កំណត់ពេលវេលាឡើងឆាកតន្រ្ដីវិញទេ ខណៈដែលស្វាមីនាងលោកថមមី រយាលៗពីសិល្បៈនិងងាកទៅរកស៊ីផ្នែកអចលនទ្រព្យច្រើនជាង។

សួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនថ្ងៃទី៩ខែតុលាឆ្នាំ២០២០ ។វីសា ធ្លាប់ចេញសារថានាងប្រៀបដូចជាព្រះនាងម្នាក់ព្រោះមានសំណាងបានប្ដីស្រលាញ់ថ្នាក់ថ្នមនិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង។ដោយឡែកលោកថមមី ធ្លាប់សច្ចារ្យជាមួយវីសា ថាលោកនឹងស្រលាញ់ប្រពន្ធកូនអស់១ជីវិត។

ការតាំងចិត្តបែបនេះធ្វើឲ្យមហាជនជាច្រើនតាមដាកខ្សែរជីវិតគូស្នេហ៍តារា១គូនេះហើយពេលនេះពួកគេពិតជាកាន់តែមានក្ដីសុខពេលទទួលបានកូន១មែន ដែលខុសពីការសន្និដ្ឋានពីមនុស្សខ្លះថាតារាយកគ្នាជាប្ដីប្រពន្ធច្រើនតែមិនសូវរក្សារចំណងស្នេហាបានគង់វង្ស។ប៉ុន្ដែវីសា-ថមមី វិញមិនត្រឹមតែជីវិតស្នេហារបស់ពួកគេពោពេញភាពផ្អែមល្ហែមនោះទេ តែពេលនេះក៍មានជីវភាពធូធារខ្លាំងដោយរស់នៅផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើបៗដូចជាLexus Lx570 ,Lexus Nx200t និងMazdaជាដើម៕


